Home / Post

Stung Treng Documentation Center: Community Education Forum on “Promoting Gender Equality and Empowering Girls in O’Svay Village, of Borei O’Svay Sen Chey District

ការលើកកម្ពស់សមភាពយេនឌ័រ និងការគាំទ្រអនាគតកុមារី នៅភូមិអូរស្វាយ នៃស្រុកបុរីអូរស្វាយ សែនជ័យ

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦, អង្គការនារីដើម្បីសន្តិភាព បានរៀបចំវេទិកាអប់រំសហគមន៍ របស់គម្រោង «ក្មេងស្រីដឹកនាំសកម្មភាព»។ កម្មវិធីនេះ ត្រូវបានរៀបចំធ្វើឡើង ក្រោមសហការជាមួយ អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ នៅក្រោម្លប់ស្វាយ តាមដងទន្លេមេគង្គ។ វេទិកាអប់រំសហគមន៍ នៅក្រោមដើមស្វាយមួយដើមធំ ក្បែរមាត់ទន្លេមេគង្គ មិនត្រឹមតែផ្ដល់ចំណេះដឹងដល់អ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់បរិយាកាសដ៏មនោរម្យជាមួយធម្មជាតិ និងទន្លេមេគង្គ។

គោលបំណងចម្បងនៃវេទិកាអប់រំសហគមន៍នេះ គឺជាការបញ្ជ្រាបការយល់ដឹងឲ្យកាន់តែស៊ីជម្រៅអំពី «ទស្សនទានយេនឌ័រ»។ តាមរយៈការពិភាក្សា និងការរៀបចំជាទម្រង់សំណួរ-ចម្លើយ អ្នកចូលរួមបានស្វែងយល់កាន់តែច្បាស់អំពីភាពខុសគ្នារវាង «ភេទ» (លក្ខណៈជីវសាស្ត្រពីកំណើត) និង «យេនឌ័រ» (តួនាទី និងការរំពឹងទុករបស់សង្គម)។ លើសពីនេះ កម្មវិធីបានជួយឱ្យសហគមន៍រួមគ្នាពិចារណា និងលុបបំបាត់ផ្នត់គំនិតអវិជ្ជមាន ដែលធ្លាប់ជាសម្ពាធរឹតត្បិតសិទ្ធិសេរីភាព និងបង្កជាការរើសអើងចំពោះស្ត្រី និងកុមារីនាពេលកន្លងមក។

ទន្ទឹមនឹងការផ្លាស់ប្តូរឥរិយាបថសង្គម កម្មវិធីក៏បានសង្កត់ធ្ងន់លើចំណុចយុទ្ធសាស្ត្រចំនួនពីរ៖ (១) ការគាំទ្រការសិក្សា និងវិជ្ជាជីវៈ៖ លើកទឹកចិត្តឱ្យមាតាបិតាក្លាយជា «ប្រព័ន្ធគាំទ្រដ៏រឹងមាំ» (Strong Support System) សម្រាប់កូនៗ ដោយផ្តល់ឱកាសឱ្យពួកគេទទួលបានការអប់រំជាន់ខ្ពស់ និងមានសេរីភាពពេញលេញក្នុងការជ្រើសរើសវិថីវិជ្ជាជីវៈតាមចំណង់ចំណូលចិត្ត ដើម្បីកសាងអនាគតដ៏រឹងមាំ និង(២) ការសន្ទនាដោយបើកចំហក្នុងគ្រួសារ ដើម្បី ជំរុញការប្រាស្រ័យទាក់ទងរវាងអាណាព្យាបាល និងកូនៗ លើប្រធានបទសិទ្ធិ សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។ ការបង្កើនភាពស្និទ្ធស្នាល និងការយល់ដឹងក្នុងគ្រួសារលើបញ្ហាទាំងនេះ គឺជាខែលការពារកុមារីពីហានិភ័យផ្សេងៗ និងជួយឱ្យពួកគេរស់នៅដោយភាពជឿជាក់។

បណ្តុះគ្រាប់ពូជនៃសមភាពកិច្ចសហការរវាងអង្គការនារីដើម្បីសន្តិភាព និងអគារមរតកសង្គមរាស្ត្រនិយម នាថ្ងៃនេះ មិនត្រឹមតែជាការចែករំលែកចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែគឺជាការ បណ្តុះគ្រាប់ពូជនៃសមភាព និងការផ្តល់តម្លៃដល់មនុស្សគ្រប់រូបក្នុងស្រុកបុរីអូរស្វាយ-សែនជ័យ។ នៅពេលដែលផ្នត់គំនិតសង្គមត្រូវបានបើកចំហ កុមារី នឹងមានឱកាសកាន់តែច្រើនក្នុងការបង្ហាញសមត្ថភាព ក្លាយជាអ្នកដឹកនាំ និងជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល។

March 13, 2026
Photo and text by Sreng Lyda
Documentation Center of Cambodia Archives

https://photos.app.goo.gl/eSmCt6vN6JEZS5Am8