Home / Post

Veal Veng Reconciliation Center: Khmer Rouge Survivors Stories

នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជារួមមាន៖ ឡុង ដានី ធី គឹមហុង ទាវ សម្ភស្ស មឿន ស្រីណុច និង ចាន់ ណារិទ្ធ បានធ្វើដំណើរពីការិយាល័យមជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៅឃុំប្រម៉ោយឆ្ពោះទៅកាន់ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីសួរសុខទុក្ខ និងសម្ភាសន៍អតីតកងទ័ព និងនារីដឹកជញ្ជូនដែលធ្លាប់រស់នៅតំបន់អូរភ្លក់ដំរី និង តំបន់ច្រកថ្មដាក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០។ ជាលទ្ធផលក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានជួបសម្ភាសន៍អតីតកងទ័ពខ្មែរក្រហម និងនារីដឹកជញ្ជូនចំនួន៦នាក់ (ស្រី២នាក់) ដូចខាងក្រោម៖

ហែម រ៉េម៖ ប្រធានកងអនុសេនាធំដឹកជញ្ជូនប្រចាំនៅតំបន់ផ្ទះ២/អូរភ្លក់ដំរី

១/ ខ្ញុំឈ្មោះ ហែម រ៉េម ភេទស្រី អាយុ៧៣ឆ្នាំ។ ខ្ញុំ មានស្រុកកំណើតនៅក្នុងភូមិព្រៃរមៀត ឃុំតាំងខ្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (សព្វថ្ងៃភូមិព្រៃរមៀតស្ថិតក្នុងឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ)។ បច្ចុប្បន្ន ខ្ញុំ រស់នៅក្នុងភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ស្វាមីរបស់ខ្ញុំឈ្មោះ មុំ ញ៉ន(ឈ្មោះកំណើត) ប្ដូរមកឈ្មោះ មុំ ភាព (ឈ្មោះបដិវត្ត) ក្រោយមកប្ដូរមកឈ្មោះ ទូច ឡេង(ស្លាប់ក្នុងឆ្នាំ២០២០)។ ប្ដីរបស់ខ្ញុំមានស្រុកកំណើតនៅស្រុកកោះអណ្ដែត ខេត្តតាកែវ។ ខ្ញុំមានកូនចំនួន៥នាក់(ស្រី៣នាក់)។ ឪពុកឈ្មោះ ប៉ាត(ស្លាប់) និងម្ដាយឈ្មោះ សុខ (ស្លាប់)។ ខ្ញុំមានបងប្អូនបង្កើតចំនួន១០នាក់(ស្រី៤នាក់) ហើយខ្ញុំជាកូនច្បង។ កាលនៅវ័យកុមារ ខ្ញុំ បានចូលរៀនបន្តិចបន្តួច។

នៅឆ្នាំ១៩៧៣ ខ្ញុំបានចូលរួមជាមួយកងកម្លាំងបដិវត្តខ្មែរក្រហម ហើយខ្ញុំជាប្រធានក្រុម។ នៅឆ្នាំ១៩៧៤ ខ្ញុំធ្វើជាប្រធានសហករណ៍នៅភូមិដីក្រហម ឃុំព្រៃក្មេង និងភូមិស្រែជ្រៅ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នៅចុងឆ្នាំ១៩៧៤ ខ្ញុំត្រូវបានប្ដូរឲ្យទៅធ្វើស្រែអំបិលរបស់ភូមិភាគនិរតីនៅភ្នំពោន ខេត្តកំពត នៅខាងត្បូងខេត្តកែប។ រយៈពេល១ឆ្នាំក្រោយមក ខ្ញុំបានឡើងទៅធ្វើស្រែអំបិលរបស់រដ្ឋនៅវត្តជុំក្រៀល ស្ថិតក្នុងខេត្តកំពត។ នៅពេលទៅធ្វើស្រែអំបិលខ្ញុំមានតួនាទីជាប្រធានកងវរសេនាតូចផង និងជាប្រធានកងបច្ចេកទេសធ្វើស្រែអំបិលផង។ ប្រធានកងពលរបស់ខ្ញុំឈ្មោះ ជួន ជឿន (ស្រី) និងអនុប្រធានឈ្មោះ បង ភា (ស្រី)គ្រប់គ្រងកម្លាំង៥០០០នាក់។ ខ្ញុំធ្វើការនៅស្រែអំបិលរហូតដល់កងទ័ពវៀតណាមវាយចូលឆ្នាំ១៩៧៩។ បន្ទាប់មក ខ្ញុំ បានរត់គេចខ្លួនចេញពីខេត្តកំពត ទៅតាមរោងចក្រក្រីទីង រហូតដល់ព្រំដែនថ្មដានៅខែឧសភា ឆ្នាំ១៩៧៩។

ខ្ញុំរស់នៅទីតាំងច២ ក្បែរផ្ទះ២ ក្បែរក្បាលរដំរី(អូរភ្លក់ដំរី)។ ផ្ទះ២ គឺជាផ្ទះប្រក់ស្បូវ ស្ថិតនៅលើខ្នងភ្នំដែលមានផ្លូវដឹកជញ្ជូននៅចំកណ្ដាល ហើយមានផ្ទះនៅសងខាងផ្លូវ។ ទីតាំងផ្ទះ២ជាកន្លែងដែលកងដឹកជញ្ជូនស្នាក់នៅ មិនមានកងទ័ពទេ។ នៅទីតាំងផ្ទះ២មានប្រជាជនដាំស្ពៃ ត្រកួន និងផ្លែត្រប់សម្រាប់ផ្គត់ផ្គង់កងកម្លាំងដឹកជញ្ជូន។ ពេលនោះផ្ទះរបស់ឪ ឆាយ និងយាយ ប៊ូ ស្ថិតនៅតំបន់ផ្ទះ២។ ចេញពីផ្ទះ២ចុះទៅឃើញទឹកជ្រោះជាទីតាំងក្បាលដំរី ឬអូរភ្លក់ដំរី។ បើចេញពីក្បាលដំរីឡើងលើភ្នំមួយទៀតមើលចុះទៅក្រោមឃើញដីចម្ការថៃមានប្រជាជនថៃដាំធុរ៉េន ដាំសាវម៉ៅ ម្នាស់ និងដំណាំផ្សេងៗទៀតនៅលើដីរាបស្មើរ។ ចម្ងាយពីខ្នងភ្នំចុះទៅដល់ដីថៃប្រហែល៥០០ម៉ែត្រ។ ខ្ញុំនៅក្នុងកងដឹកជញ្ជូនក្នុងកងពលទី២ ដឹកនាំដោយ តា រ៉ែន និងតា ផាន។ ខ្ញុំនៅកងអនុសេនាធំ៣៣ ហើយខ្ញុំមានតួនាទីជាប្រធានកងអនុសេនាធំ៣៣។ ក្នុងពេលនោះមានកងអនុសេនាធំដឹកជញ្ជូន៣១ ៣២ ៣៣ ៣៤ ៣៥ ៣៦ និង៣៧ ដែលមានប្រធានក្ដាប់រួមឈ្មោះ តា អាត (ស្លាប់)និង តា ខុន(សព្វថ្ងៃរស់នៅស្រុកសំឡូត)។ ក្នុងមួយកងអនុសេនាធំនីមួយៗមានកម្លាំងប្រហែល១០០នាក់។ ខ្ញុំដឹកជញ្ជូនចេញពីច២ជំនួយទៅឲ្យក្រុមដឹកជញ្ជូនរបស់តា បុ រាណ យកឲ្យកងទ័ពរបស់ តា រ៉ន នៅសមរភូមិទីសនិរតីភ្នំពេញរួមមាន៖ ខេត្តកំពត និងខេត្តតាកែវ។ កងខ្ញុំក៏បានដឹកជញ្ជូនឲ្យទៅកងទ័ពរបស់ តា ផាន កែវ ពង្ស និង តា កែវ សាន នៅខេត្តកំពង់ស្ពឺដែរ។ ដំបូងជញ្ជូនគ្រាប់ និងស្បៀងចេញច១នៅខាងក្រោមភ្នំឡើងមកលើភ្នំនៅច២ រួចបន្តដាក់នៅផ្ទះ២ក្បាលដំរីទៀត។ ខ្ញុំដឹកជញ្ជូនម្តងៗមានរយៈពេល១ខែ ទើបត្រឡប់មកសម្រាកនៅទីតាំងផ្ទះ២ម្ដង។ ខ្ញុំបានសង់ខ្ទមស្នាក់នៅក្បែរផ្ទះ២ ខ្ទមនីមួយៗមានកងដឹកជញ្ជូនចំនួនមួយក្រុមៗស្នាក់នៅ។ នៅក្បែរផ្ទះ២មានមន្ទីរពេទ្យកងពលទី២ ដែលមានប្រធានពេទ្យឈ្មោះ ង៉ាយ។ ប្រធានឃ្លាំងទី១នៅច១ឈ្មោះ តា កេង(ជនជាតិដើមភាគតិច) តា កែន(ជនជាតិដើមភាគតិច)និង តា ទូ(ជនជាតិដើមភាគតិច)។ ឃ្លាំងទី១នៅជាប់ជាមួយថៃនៅខាងក្រោមក្បាលដំរី។ ក្នុងឃ្លាំងមានផ្ទុកគ្រាប់កាំភ្លើង ដូចជាគ្រាប់ឡង់ គ្រាប់បេ៤០ គ្រាប់បេ៤១ គ្រាប់កាំភ្លើងតូច-ធំ គ្រាប់រំសេវ មានអង្ករ ត្រីខ អំបិល មី នំកងឈ្លប និងរបស់របរផ្សេងទៀត។ ក្នុងម្នាក់ត្រូវស្ពាយគ្រាប់ អង្ករ និងម្ហូបចេញពីឃ្លាំងមកខាងលើដាក់លើភ្នំនៅច២។ ប្រធានឃ្លាំងទី២នៅច២ឈ្មោះ ពូ អាត និង ពូ វ៉ាន់។

នៅឆ្នាំ១៩៨៣ ខ្ញុំបានស្គាល់ជាមួយប្ដី ជាប្រធានវរសេនាតូចនៅចាំឃ្លាំងច២រៀបចំគ្រាប់រំសេវ អង្ករសម្រាប់ឲ្យកងដឹកជញ្ជូន។ នៅយប់មួយក្នុងឆ្នាំ១៩៨៤ កងដឹកជញ្ជូនរបស់ខ្ញុំបានឈប់សម្រាកនៅស្ទឹងកាច់។ នៅ វេលាម៉ោងប្រហែល៩យប់មេឃភ្លៀង ក៏មាននារីដឹកជញ្ជូនម្នាក់ឈ្មោះ ធី បានក្រោកបត់ជើងតូចហើយរអិលជើងធ្លាក់ទឹក រួចហូរនាំយកទៅបាត់។ បន្ទាប់ពីដឹង ខ្ញុំ និងក្រុមដឹកជញ្ជូនបានស្វែងរកនារី ធី ប៉ុន្តែបាត់មិនឃើញទេ ទើបពួកខ្ញុំនាំគ្នាហៅថា អូរនារី។ ក្រោយមក ខ្ញុំរៀបការជាមួយប្ដីឈ្មោះ មុំ ភាព នៅស្ទឹងកាច់(អូរនារី)។ នៅស្ទឹងកាច់ជាកន្លែងស្នាក់ការមួយរបស់កងដឹកជញ្ជូន។ បន្ទាប់ពីរៀបការរួចទើបខ្ញុំឈប់ពីកងដឹកជញ្ជូន។ ក្នុងពេលខ្ញុំរស់នៅផ្ទះ២ ថៃមិនដែលឡើងមកទេ ប៉ុន្តែខ្ញុំធ្លាប់បានចុះទៅទិញធុរ៉េន និងសាវម៉ៅហូបនៅចម្ការថៃ។

នៅពាក់កណ្ដាល ឆ្នាំ១៩៨៥ ក្នុងពេលខ្ញុំកំពុងមានផ្ទៃពោះកូនទី១ កងទ័ពវៀតណាមបានវាយចូលមកដល់ថ្មដាតូច និងថ្មដាធំ ទើប ខ្ញុំបានរត់ទៅដេកនៅផ្ទះរបស់ឪ ឆាយ នៅផ្ទះ២ ខ្ញុំបានឃើញគេតម្រៀបភ្លក់ដំរីចំនួន៧គូនៅលើគ្រែខ្ញុំដេក ក្នុងនោះមានភ្លក់ខៀវ១គូ ចែ១គូ និងភ្លក់ស៥គូ។ ខ្ញុំបានសួរ ឪ ឆាយ ថា«បានភ្លក់ដំរីមកពីណា?» ឪ ឆាយ ឆ្លើយថា «មានគេយកមកផ្ញើរណាកូន» ខ្ញុំបន្តថា «វៀតណាមបាញ់មកដល់ឥឡូវហើយឪឯងយកទៅណាទៅ?» ឪ ឆាយ ឆ្លើយថា «ឪមិនដឹងយកទៅណារួចទេកូន ប្រហែលយកទៅកប់ហើយកូន»។ បន្ទាប់មក ខ្ញុំបានរត់ទៅរស់នៅវ៤ ផ៧ អស់រយៈពេល១ឆ្នាំ។ បន្ទាប់មក ខ្ញុំរត់ភៀសខ្លួនមកនៅអូរដើមចេកខាងសំឡូត ខេត្តបាត់ដំបង។ ខ្ញុំមិនបានដឹងថា ឪ ឆាយ យកភ្លក់ដំរីទៅកប់នៅត្រង់កន្លែងណាទេ ប៉ុន្តែខ្ញុំដឹងថាកប់នៅផ្ទះ២នោះ។

នៅថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ខ្ញុំ បានរត់ភៀសខ្លួនចេញពីអូរដើមចេកទៅរស់នៅជំរំខាវភ្លូ ប្រទេសថៃ។ បន្ទាប់មក ខ្ញុំបានចេញពីជំរំខាវភ្លូចូលមករស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជម្លោះព្រំដែនរវាងខ្មែរ និងថៃ ខ្ញុំគិតថានៅពេលថៃមកដាក់បន្លាលួស ដាក់ទូកុងតឺន័រនៅព្រំដែនថ្មដា និងតំបន់អូរភ្លក់ដំរី ខ្ញុំយល់ថាមិនត្រឹមត្រូវទេ គឺជាចេតនាដែលថៃចង់បានដីរបស់ខ្មែរ។ ថៃមកព័ទ្ធយកដីខ្មែរបែបនេះគឺខុសច្បាប់ ព្រោះមិនមែនជាដីថៃទេ ដីរបស់ថៃនៅខាងក្រោម មិនមែនមកលើភ្នំទេ។

សង្ខេបដោយ៖ មឿន ស្រីណុច

ស៊ូ ឈួន៖ អនុប្រធានវរសេនាតូច

២/ ខ្ញុំឈ្មោះ ស៊ូ ឈួន ភេទប្រុស អាយុ៧១ឆ្នាំ និងមានមុខរបរធ្វើចម្ការដាំដំឡូង និងពោត។ ខ្ញុំ មានស្រុកកំណើតនៅក្នុងភូមិចំបកស ឃុំប្រាំបីមុំ(បច្ចុប្បន្នស្ថិតក្នុងឃុំរុងរឿង) ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន ខ្ញុំ រស់នៅក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំ បានចូលមករស់នៅក្នុងឃុំក្រពើពីរតាំងពីឆ្នាំ១៩៩៣។ ឪពុកឈ្មោះ ឌូ សាម (ស្លាប់) និងម្ដាយឈ្មោះ ហួត សាយ (ស្លាប់ដោយសារជំងឺចាស់ជរា)។ ខ្ញុំ មានបងប្អូនបង្កើតចំនួន២នាក់(ស្រីម្នាក់) ហើយខ្ញុំជាកូនច្បង។ សព្វថ្ងៃប្អូនស្រីរបស់ខ្ញុំ រស់នៅក្នុងខេត្តកំពង់ស្ពឺ។ ខ្ញុំ មានប្រពន្ធឈ្មោះ ទ្រៀវ ណាគ្រី អាយុ៦៣ឆ្នាំ និងមានកូនចំនួន៥នាក់(ស្រី២នាក់) កូនប្រុសរបស់ខ្ញុំម្នាក់បានស្លាប់ដោយសារជំងឺ ហើយកូនប្រុសច្បងជាមន្រ្តីប៉ូសីសប្រចាំក្នុងឃុំក្រពើពីរ។
នៅក្នុងសម័យសង្គមរាស្រ្តនិយម ឪពុករបស់ខ្ញុំជាមេភូមិចំបកស។ ចំណែកម្ដាយរបស់ខ្ញុំប្រកបរបរធ្វើស្រែចម្ការ។ ខ្ញុំរៀនបានថ្នាក់ទី៨ សម័យសង្គមចាស់។ នៅឆ្នាំ១៩៦៨ ខ្ញុំ ត្រូវបានឈប់រៀន ព្រោះមានវិនាសសកម្មមួយកើតឡើងមកលើក្រុមគ្រួសាររបស់ខ្ញុំ។ រដ្ឋាភិបាលក្នុងសម័យសង្គមរាស្រ្តនិយមបានចោទក្រុមគ្រួសារ សាច់ញាត្តិរបស់ខ្ញុំ និងអ្នកភូមិមួយចំនួនក្នុងស្រុកថ្ពងថាជាពួកខ្មែរក្រហម។ បន្ទាប់ពីមានការចោទប្រកាន់ ឪពុក អ៊ុំ និងពូរបស់ខ្ញុំបានរត់គេចខ្លួនចេញពីផ្ទះ។ ចំណែកម្ដាយរបស់ខ្ញុំ និងខ្ញុំ ត្រូវបានចាប់បញ្ចូនទៅដាក់គុក ដើម្បីសួរចម្លើយ។ រីឯខ្ញុំត្រូវបានចាប់ជាចំណាត់ខ្មាំង និងសួរចម្លើយដូចគ្នា ប៉ុន្តែមិនបានយកដាក់គុកទេ។ នៅកន្លែងសួរចម្លើយទាហានបានសួរចម្លើយខ្ញុំដោយបង្ខំ និងបានសម្លុតឲ្យខ្ញុំផឹកទឹកសម្បថដើម្បីបញ្ជាក់ភាពស្មោះត្រង់។ ប៉ុន្តែបានគុណបុណ្យមានចៅហ្វាយស្រុកម្នាក់(មិនស្គាល់ឈ្មោះ) និងកូនចៅបានបើកឡានកាត់ទីកន្លែងដែលទាហានកំពុងសួរចម្លើយខ្ញុំ ទើបកូនចៅបានបើកឡានត្រឡប់ក្រោយមកកន្លែងខ្ញុំវិញ។ បន្ទាប់មកចៅហ្វាយស្រុក បានស្រែកដេញខ្ញុំថា «អាក្មេងនេះមិនចេញទៅ នៅធ្វើអី គេធ្វើការ» ទើបខ្ញុំបានរត់ចេញរួចខ្លួនទៅ ត្រង់នេះហើយបានជាខ្ញុំចងចាំមិនភ្លេចប្រៀបដូចបានរស់រានមានជីវិតម្ដងទៀត ព្រោះក្នុងពេលសួរចម្លើយខ្ញុំមានអារម្មណ៍ភ័យខ្លាចណាស់។ បន្ទាប់មកម្ដាយរបស់ខ្ញុំត្រូវបានដោះលែងវិញ។ បន្ទាប់មកទៀត ខ្ញុំបានរត់ចេញពីភូមិចំបកសទៅរស់នៅក្នុងព្រៃនៅភ្នំឪរ៉ាល់ និងភ្នំជំរាល។ នៅក្នុងព្រៃលំបាកណាស់ ព្រោះខ្ញុំត្រូវរស់នៅបែកពីឪពុកម្ដាយ មិនមានបាយហូបឆ្អែត និងមិនមានសម្លៀកបំពាក់សមរម្យទេ។ ខ្ញុំមិនអាចត្រឡប់ទៅផ្ទះបានទេ ព្រោះផ្ទះសម្បែង ទ្រព្យសម្បត្តិ និងសត្វគោ ត្រូវបានរឹបអូសទាំងអស់។ ចម្ងាយពីភូមិចំបកសទៅភ្នំឪរ៉ាល់មានចម្ងាយប្រហែល៣០គីឡូម៉ែត្រ។ នៅឆ្នាំ១៩៦៩ ខ្ញុំ និងបក្សពួកនៅក្នុងព្រៃបានចូលទៅប្រកាសឃោសនានៅតាមភូមិ ឃុំមួយចំនួនក្នុងស្រុកថ្ពង ដើម្បីប្រមែប្រមូលកម្លាំងប្រជាជនឲ្យចូលរួមជាមួយខ្មែរក្រហមឲ្យបានកាន់តែច្រើនឡើង។ អំឡុងពេលនោះ មានប្រជាជនចូលរួមជាមួយខ្មែរក្រហមជាបន្តបន្ទាប់។ បន្ទាប់មក ខ្ញុំបានកើតជំងឺគ្រុនចាញ់ធ្ងន់ធ្ងររួចចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅភ្នំឪរ៉ាល់។ នៅមន្ទីរពេទ្យមានលោកតា ជួន ជឿន និងគ្រូពេទ្យមួយទៀត(មិនចាំឈ្មោះ)ទើបត្រឡប់មកពីប្រទេសវៀតណាម។ បន្ទាប់ពីធូរស្បើយ ខ្ញុំ បានបម្រើការងារនៅក្នុងមន្ទីរពេទ្យ។

នៅចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧១ ខ្ញុំបន្តធ្វើការងារក្នុងមន្ទីរពេទ្យ មើលថែ និងលាងរបួសឲ្យកងទ័ពខ្មែរក្រហមដែលបានរងរបួសក្នុងសមរភូមិប្រយុទ្ធជាមួយទាហាន លន់ នល់។ នៅឆ្នាំ១៩៧២ ថ្នាក់ដឹកនាំខ្មែរក្រហមបានប្ដូរឲ្យខ្ញុំទៅបើកឡានដឹកជញ្ជូនគ្រាប់ និងស្បៀងយកទៅឲ្យកងទ័ពនៅតាមសមរភូមិ។ នៅពេលយប់ ទើបខ្ញុំហ៊ានបើកឡានដឹកជញ្ជូនគ្រាប់ ព្រោះមានយន្តហោះទម្លាក់គ្រាប់បែកខ្លាំងពេក។ នៅយប់មួយមានយន្តហោះទម្លាក់គ្រាប់បែកត្រូវឡានដឹកជញ្ជូនគ្រាប់១គ្រឿងដែលបើកពីក្រោយឡានរបស់ខ្ញុំ និងទម្លាក់នៅផ្លូវខាងមុខឡានខ្ញុំពិតជាមានគ្រោះថ្នាក់ណាស់។ អំឡុងពេលជាមួយគ្នា ខ្ញុំបានទទួលដំណឹងថាឪពុកម្ដាយរបស់ខ្ញុំនៅរស់រានមានជីវិត ហើយប្អូនស្រីរបស់ខ្ញុំធ្វើការនៅកន្លែងពេទ្យ ប៉ុន្តែខ្ញុំមិនដែលបានជួបមុខទេ។

ក្រោយរំដោះបានទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ខ្ញុំស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ជូ ជេត ហៅ ស៊ី។ ខ្ញុំ នៅតែបន្តបើកឡានដឹកជញ្ជូនគ្រាប់ទៅឲ្យកងទ័ពនៅខេត្តតាកែវ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងបានដឹកជញ្ជូនអង្ករ អំបិលយកទៅឲ្យប្រជាជនតាមសហករណ៍។ ក្នុងពេលដឹកជញ្ជូនស្បៀងឲ្យប្រជាជន ខ្ញុំបានឃើញប្រជាជននៅតាមភូមិ និងប្រជាជនជម្លៀសមកពីទីក្រុងភ្នំពេញមានទុក្ខលំបាកណាស់ ព្រោះមិនសូវមានរបបអាហារហូបចុកគ្រប់គ្រាន់។ ក្នុងពេលជាមួយគ្នា ខ្ញុំ តែងតែស្វែងរកដំណឹងចៅហ្វាយស្រុកម្នាក់ដែលបានជួយខ្ញុំកាលពីឆ្នាំ១៩៦៨ រួមទាំងក្រុមគ្រួសាររបស់គាត់ ប៉ុន្តែមិនបានដំណឹងទាល់តែសោះ។ នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ខ្ញុំមានដំណឹងពីឪពុកម្ដាយ និងប្អូនស្រីរបស់ខ្ញុំ ហើយខ្ញុំបានទៅជួបសួរទុក្ខពួកគាត់ម្ដងម្កាល។ ខ្ញុំនៅដឹកជញ្ជូនរហូតដល់ឆ្នាំ១៩៧៩។

នៅខែមករា ឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានចូលមកដល់ខេត្តកំពង់ស្ពឺ ខ្ញុំ និងបក្សពួកខ្មែរក្រហម រួមទាំងប្រជាជនមួយចំនួនបានរត់ភៀសខ្លួនចូលទៅរស់នៅលើភ្នំឪរ៉ាល់ម្ដងទៀត។ ក្នុងពេលជាមួយគ្នាថ្នាក់ដឹកនាំបានណែនាំថា «យើងធ្វើសង្រ្គាមធំដូចមុនលែងបានហើយ អញ្ចឹងយើងត្រូវណែនាំកងទ័ព ណែនាំប្រជាជន ទាំងកម្មករ និងកសិករធ្វើយ៉ាងណាឲ្យរត់ចុះត្រឡប់ទៅរស់នៅតាមភូមិស្រុករៀងៗខ្លួន ដើម្បីងាយស្រួលបន្តខ្សែរយៈជាមួយកងទ័ពទៅវិញទៅមក ប្រសិនបើក្នុងពេលដែលប្រជាជនចូលទៅរស់នៅតាមភូមិ ស្រុកមិនបាន ចាំមករស់នៅជួបជុំគ្នាជាមួយកងទ័ពខ្មែរក្រហមវិញ»។ បន្ទាប់មក មានប្រជាជនភាគច្រើនបានរត់ត្រឡប់ចូលទៅរស់នៅក្នុងភូមិកំណើតវិញ។ ក្រោយមក កងទ័ព និងប្រជាជនដែលនៅសេសសល់ថ្នាក់ដឹកនាំបានប្រមូលឲ្យទៅរស់នៅតាមព្រំដែន។ ចំណែក ខ្ញុំ និងបក្សពួកខ្មែរក្រហមមួយចំនួនតូចរស់នៅចល័តពីកន្លែងមួយទៅកន្លែងមួយរហូតរត់ភៀសខ្លួនចេញពីភ្នំឪរ៉ាល់ដើរថ្មើរជើងមកតាមជួរភ្នំក្រវាញអស់រយៈពេល១ខែទើបឆ្លងមកដល់ព្រំដែនថ្មដា ខេត្តពោធិ៍សាត់។ ខ្ញុំមកដល់ថ្មដានៅចុងឆ្នាំ១៩៧៩។ នៅពេលខ្ញុំមកដល់ព្រំដែនថ្មដាមានកងទ័ពក្នុងកងពលទី២ ដឹកនាំដោយ តា រ៉ែន និងកងពលទី៣ ដឹកនាំដោយ តា សេង រស់នៅស្រាប់ ដែលកងពលទី២មានមុខព្រួញទៅខាងសំឡូត ខេត្តបាត់ដំបង។ រីឯកងពលទី៣មានមុខព្រួញទៅកាន់ខេត្តកោះកុង។ ចំណែកកងទ័ពពួកខ្ញុំមានមុខព្រួញទៅខេត្តកំពង់ស្ពឺ។ ខ្ញុំ និងកងទ័ពមកពីកំពង់ស្ពឺរស់នៅទីតាំងផ្ទះ២(ក្បាលដំរី) ប៉ុន្តែមិនបានចូលរួមជាមួយជាកងពលទី២ និងទី៣ទេ។ កងទ័ពក្នុងកងពលទី២ និងទី៣មានទំនាក់ទំនងល្អជាមួយខ្ញុំ។ ខ្ញុំបានដឹងថា ផ្ទះ២ជាផ្ទះដែលកងការពារព្រំដែនធ្លាប់ស្នាក់នៅក្នុងសម័យខ្មែរក្រហម ហើយពួកខ្ញុំចូលមកបានយកទីតាំងផ្ទះ២នេះ ទុកសម្រាប់ដាក់សម្ភារ និងសង់រោងស្នាក់នៅក្បែរៗផ្ទះ២នេះ។ ផ្ទះ២មានដំបូលធ្វើពីឬស្សី និងវល្លិ៍សោម។ ផ្ទះ២ជាទីតាំងដែលមានកងទ័ព ក្រុមដឹកជញ្ជូន ប្រជាជនដាំបន្លែរស់នៅជាមួយគ្នា។ ទីតាំងផ្ទះ២ជាតំបន់ព្រៃមានទឹកចែកជា៣ ដែលទឹកមួយផ្នែកហូរធ្លាក់ទៅខាងទឹកសាបស្ទឹងក្រញ៉ូង ខេត្តបាត់ដំបងហូរធ្លាក់ទៅ(ទន្លេសាប) មួយផ្នែកហូរធ្លាក់ទៅខាងស្ទឹងមេទឹកហូរបន្តទៅទឹកប្រៃ(សមុទ្រ) និងមួយផ្នែកទៀតហូរធ្លាក់ទៅប្រទេសថៃ។ ក្បាលដំរីនៅទិសខាងលិចផ្ទះ២ដែលមានចម្ងាយប្រហែល៦០០ម៉ែត្រពីគ្នា។ អំឡុងពេលរស់នៅថ្មដា ថ្នាក់ដឹកនាំខ្មែរក្រហមបានប្រាប់ខ្ញុំថា «ទឹកដីនៅទីតាំងនេះគឺជាទឹកដីរបស់យើង» ឯទឹកដីរបស់ថៃថ្នាក់ដឹកនាំបានចង្អុលប្រាប់ថាទៅខាងក្រោមៗជើងភ្នំ។ ខ្ញុំមើលពីលើភ្នំឃើញប្រជាជនថៃនៅឆ្ងាយខាងក្រោមភ្នំ។ ចម្ងាយពីក្បាលដំរីទៅកំពូលភ្នំប្រហែល៥០០ម៉ែត្រ ហើយខ្ញុំមើលពីកំពូលភ្នំចុះទៅដីថៃប្រហែល១០គីឡូម៉ែត្រ ព្រោះខ្ញុំមើលឃើញថៃតូចៗ។

នៅឆ្នាំ១៩៨០ ខ្ញុំ មានតួនាទីជាអនុប្រធានវរសេនាតូច។ ខ្ញុំបានធ្វើដំណើរថ្មើរជើងចេញពីថ្មដាទៅភ្នំឪរ៉ាល់វិញ ដើម្បីភ្ជាប់ទំនាក់ទំនង ណែនាំកងកម្លាំងទ័ព និងប្រជាជនឲ្យធ្វើសកម្មភាពនៅតាមភូមិ រួចត្រឡប់មករស់នៅថ្មដាវិញ។ ខ្ញុំបានណែនាំឲ្យប្រជាជនរាយការណ៍ទៅកងទ័ពខាងក្នុងថា «ក្នុងភូមិរបស់គាត់មានខ្មែរក្រហមធ្វើសកម្មភាព ដើម្បីឲ្យខ្មែរ និងខ្មែរនៅការពារភូមិឃុំ កុំឲ្យប្រជាជនមករស់នៅតាមព្រំដែនបន្តទៀត»។ នៅឆ្នាំ១៩៨២ ថ្នាក់ដឹកនាំបានឲ្យខ្ញុំមកគ្រប់គ្រងកម្លាំងដឹកជញ្ជូននៅថ្មដា។ ក្នុង១ឆ្នាំ ខ្ញុំ និងកងកម្លាំងត្រូវដឹកជញ្ជូនសម្ភារមានសម្លៀកបំពាក់ គ្រាប់រំសេវ និងគ្រាប់ស្ពាយចេញពីផ្ទះ២ទៅភ្នំឪរ៉ាល់ ខេត្តកំពង់ស្ពឺចំនួន៣ទៅ៤ដងដើម្បីផ្គត់ផ្គង់កងទ័ពក្នុងកងពល១៨ ខេត្តកំពង់ស្ពឺ។

នៅឆ្នាំ១៩៨៦ ខ្ញុំបានរៀបការជាមួយប្រពន្ធឈ្មោះ ទ្រៀវ ណាគ្រី នៅព្រំដែនថ្មដា។ បន្ទាប់មក កងទ័ពវៀតណាមបានវាយប្រហារខ្លាំងមកលើកងទ័ពខ្មែរក្រហមធ្វើឲ្យកងទ័ពខ្មែរក្រហមទប់ទល់មិនជាប់ ទើបបំបែកកម្លាំង ហើយខ្ញុំបានដឹកនាំកម្លាំងកងទ័ព រួមទាំងក្រុមគ្រួសាររត់ភៀសខ្លួនចេញពីថ្មដាមករស់នៅក្នុងឃុំក្រពើពីរ ខេត្តពោធិ៍សាត់។ អំឡុងពេលខ្ញុំរស់នៅផ្ទះ២ ទាហានថៃមិនដែលឡើងមកទេ ប៉ុន្តែមានប្រជាជនថៃឡើងមកសុំអនុញ្ញាតថ្នាក់ដឹកនាំខ្មែរក្រហមនៅមុខព្រួញទិសកងពលទី៣ខាងថ្មដាតភ្ជាប់ទុយោដើម្បីបង្ហូរទឹកស្រោចដំណាំនៅចម្ការខាងក្រោមភ្នំ។ នៅឆ្នាំ១៩៩០ ជម្លោះរវាងកងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋកម្ពុជានៅតែបន្ត ខ្ញុំ បាននាំប្រពន្ធកូនរត់ភៀសខ្លួនចេញពីក្រពើពីរទៅរស់នៅលើទឹកដីថៃ។ នៅឆ្នាំ១៩៩៣ ខ្ញុំបាននាំប្រពន្ធ និងកូនចេញពីថៃត្រឡប់មករស់នៅក្រពើពីរវិញ។ ដំបូងឡើយ នៅក្រពើពីរសម្បូរសត្វកាចសាហាវច្រើនណាស់ មានទាំងសត្វខ្លា និងសត្វដំរី។

បញ្ហាជម្លោះព្រំដែនរវាងខ្មែរ និងថៃ ខ្ញុំគិតថាបន្ទាប់ពីមានកិច្ចព្រមព្រៀងអំពីបទឈប់បាញ់ ទាហានថៃបានព័ទ្ធបន្លាលួស និងដាក់ទូកុងតឺន័រនៅថ្មដាដោយយកលេសថាជាទឹកដីរបស់ខ្លួនគឺមិនត្រឹមត្រូវទេ ព្រោះប្រជាជនខ្មែររស់នៅប្រកបមុខរបរចិញ្ចឹមជីវិតមកយូរណាស់មកហើយ។ ជាពិសេសទីតាំងទាំងនេះ ជាមូលដ្ឋានរបស់អតីតកងទ័ពខ្មែរក្រហមធ្លាប់រស់នៅតាំងពីអតីតកាល។ ទីតាំងព្រំដែនថ្មដា ជាទឹកដីរបស់ខ្មែរ ទើបថ្នាក់ដឹកនាំបានចំណាយសាងសង់ផ្លូវធ្វើដំណើរ តភ្ជាប់ប្រព័ន្ទទឹក និងអគ្គីសនី ព្រមទាំងណែនាំឲ្យប្រជាជនទៅរស់នៅបង្កបង្កើនផលដំណាំ។ ទាហានថៃបានឈ្លានពានទាំងបំពានមកលើទឹកដីរបស់ខ្មែរ ដែលបានធ្វើឲ្យប្រជាពលរដ្ឋរាប់សែនគ្រួសារត្រូវទទួលរងទុក្ខលំបាក ទឹកភ្នែកស្រក់ហូរ ព្រោះមិនទាន់បានត្រឡប់ទៅផ្ទះសម្បែងវិញ ពិតជាអាក្រក់មើលខ្លាំងណាស់។ ខ្ញុំសូមឲ្យប្រជាពលរដ្ឋទាំងអស់ខិតខំសាមគ្គីគ្នាក្នុងការរួមចំណែកជាមួយរដ្ឋាភិបាល ទោះបីយើងមិនបានជួយក្នុងការប្រយុទ្ធជាមួយសត្រូវ ប៉ុន្តែយើងត្រូវធ្វើយ៉ាងណាដើម្បីមិនបង្កជាឧបសគ្គដល់រដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះនេះជូនដល់យើងទាំងអស់គ្នា។

សង្ខេបដោយ៖ មឿន ស្រីណុច

សូត នឿន៖ នារីដឹកជញ្ជូននៅតំបន់ថ្មដា

៣/ នាងខ្ញុំឈ្មោះ សូត នឿន អាយុ ៧១ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើចម្ការ ។ ខ្ញុំមានស្រុកកំណើតនៅភូមិព្រៃម្លូ ឃុំកំពង់ឈូង ស្រុកកោះអណ្ដែត ខេត្តតាកែវ ។ បច្ចុប្បន្នរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ប្ដីខ្ញុំឈ្មោះ ហ៊ឹម អិត ឈ្មោះកងទ័ព កែវ នឿន(ស្លាប់ឆ្នាំ២០២១ ដោយសារជំងឺ)។ ខ្ញុំមានកូនចំនួន៣នាក់ (ប្រុស)។ ខ្ញុំមានឪពុកឈ្មោះ សូត ម៉ៅ (ស្លាប់ ) ចំណែកម្ដាយឈ្មោះ ឡាញ តើង (ស្លាប់ ) ។ ខ្ញុំមានបងប្អូន៨នាក់ ( ប្រុស៣នាក់ ស្រី៥នាក់ ) បងប្អូនខ្ញុំបានទទួលមរណៈភាពចំនួន៥នាក់ ( ប្រុស១នាក់ ស្រី៤នាក់ ) ។ ខ្ញុំជាកូនទី៧នៅក្នុងគ្រួសារ ។

កាលពីក្មេង ខ្ញុំ រៀនបានត្រឹមថ្នាក់ទី៩ «សង្គមចាស់» សាលានៅក្នុងវត្ត-ព្រៃម្លូ ។ គ្រូធ្លាប់បង្រៀនខ្ញុំមានឈ្មោះ គ្រូ នឹម (ស្លាប់)។ មូលហេតុដែលខ្ញុំឈប់រៀនដោយសារតែប្រទេសជាតិធ្លាក់ចូលសង្រ្គាម បន្ទាប់ពីលោកសេនាប្រមុខលន់ នល់បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេច នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ។ នៅក្នុងអំឡុងពេលនោះសាលារៀនដែលខ្ញុំរៀនត្រូវបានបិទធ្វាដោយសារតែគ្មានគ្រូមកបង្រៀន។ បន្ទាប់ពីរដ្ឋប្រហារមិនបានប៉ុន្មានថ្ងៃ បងខ្ញុំនិងប្រជាជនផ្សេងទៀត បានប្រមូលម្ដុំគ្នាធ្វើបាតុកម្មនៅក្នុងវត្តក្រពុំឈូក ដើម្បីទាមទារឲ្យសម្ដេច នរោត្តម សីហនុ ឡើងកាន់អំណាចវិញ ប៉ុន្តែមិនបានសម្រេច។ ចំណែកខ្ញុំបន្ទាប់ពីឈប់រៀន ខ្ញុំបាននៅជួយឪពុកម្ដាយប្រកបរបរធ្វើស្រែ។ នៅពាក់កណ្ដាលឆ្នាំ១៩៧០ កងទ័ពវៀតណាមខាងត្បូង(កងទ័ពធីវគី) បានបររថក្រោះចូលមកក្នុងភូមិខ្ញុំ។ បន្ទាប់មកកងទ័ពវៀតណាមខាងត្បូងបានដើរចាប់កូនក្រមុំអ្នកភូមិស្អាតៗ ដើម្បីយកទៅធ្វើជាប្រពន្ធនៅប្រទេសវៀតណាម។ ពេលនោះកូនក្រមុំអ្នកភូមិជាច្រើនត្រូវបានចាប់បង្ខំនិងវាយធ្វើបាបទៅលើរូបរាងកាយ។ បន្ទាប់ពីឃើញកងទ័ពវៀតណាមបានវាយធ្វើបាបទៅលើប្រជាជន ឪពុកម្ដាយខ្ញុំបាននាំខ្ញុំនិងបងៗលាក់ខ្លួន ព្រោះខ្លាចកងទ័ពវៀតណាមខាងត្បូងចាប់បាននិងវាយធ្វើបាប។

នៅឆ្នាំ១៩៧១ ខ្ញុំមានអាយុ១៥ឆ្នាំ។ ពេលនោះខ្ញុំបានសម្រេចចិត្តចាកចេញពីគ្រួសារមកចូលរួមតស៊ូជាមួយកងទ័ពបដិវត្តន៍នៅតំបន់១៣ ក្នុងកងពលទី៣ ដែលស្ថិតនៅក្នុងខេត្តតាកែវ។ ប្រធានកងពលទី៣ឈ្មោះ មាស ម៉ុត និងអនុឈ្មោះ អឹម។ ចំណែកប្រធានតំបន់១៣ឈ្មោះ សោម មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង និងសមាជិកឈ្មោះ ជាតិ (ស្រី)មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។ បន្ទាប់មកកងពលទី៣បានបំបែកជា៣វរសេនាធំ៖ វរសេនាធំទី១ ឈរជើងនៅព្រៃសណ្ដែកខាងកើតតាកែវ វរសេនាធំទី២ (ភ្លេច) វរសេនាធំទី៣ ឈរជើងតាមព្រំប្រទល់គិរីវង្សជាប់ព្រំដែនវៀតណាម។ បន្ទាប់ពីចូលរួមជាមួយកងតំបន់១៣ ខ្ញុំត្រូវបានប្រធានតំបន់១៣បំបែកឲ្យទៅចូលរួមជាមួយកងដឹកជញ្ជូន ប្រធានឈ្មោះ ទឹម សេង។ ក្រោយមក ទឹម សេង បានចាត់តាំងឲ្យខ្ញុំធ្វើជាអនុប្រធានគ្រប់គ្រងកងអនុសេនាធំលេខ២២ ដែលមានកងដឹកជញ្ជូនចំនួន១០០នាក់ ដើម្បីដឹកជញ្ជូនសព្វាវុធ និងស្បៀងអាហារទៅឲ្យកងទ័ពនៅតាមសមរភូមិ។ ប្រធានអនុសេនាធំលេខ២២ឈ្មោះ យាយ ខុម ប្រពន្ធតា ម៉ុត។ នៅឆ្នាំ១៩៧២ កងទ័ពខ្មែរក្រហមចាប់ផ្ដើមវាយខ្លាំងជាមួយកងទ័ពវៀតណាមខាងត្បូង។ ពេលនោះមុខព្រួញដែលខ្ញុំត្រូវដឹកជញ្ជូនសព្វាវុធ និងស្បៀងអាហារទៅឲ្យកងទ័ពជួរមុខគឺនៅភ្នំជីសូរ ដែលស្ថិតនៅភូមិដក់ពរ ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ ។

នៅឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយដណ្ដើមបានខេត្តតាកែវយកមកគ្រប់គ្រងទាំងស្រុក។ បន្ទាប់ពីទទួលបានជ័យជម្នះ ខ្ញុំបានឃើញប្រជាជន១៧ មេសា ជាច្រើនបានធ្វើដំណើរមកពីភ្នំពេញចូលមកក្នុងខេត្តតាកែវ។ បន្ទាប់មក ទឹម សេង បានដកខ្ញុំចេញពីកងអនុសេនាធំលេខ២២ឲ្យទៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីឲ្យទៅគ្រប់គ្រងនិងដឹកនាំប្រជាជន១៧ មេសា ធ្វើស្រែក្នុងមួយហិកតាឲ្យបាន១០តោនទៅ២០តោន។ ប្រជាជន១៧ មេសា ដែលខ្ញុំគ្រប់គ្រងមានចំនួន១០០នាក់។ សម្រាប់អាហាររបស់ក្រុមខ្ញុំគឺហូបបានគ្រប់គ្រាន់មិនមានការខ្វះខាតអ្វីទេ។

នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានយាយ ខុម ដកចេញពីខេត្តតាកែវ ដើម្បីឲ្យទៅធ្វើជាចុងភៅនៅក្រុងព្រះសីហនុ។ ពេលទៅដល់ក្រុងព្រះសីហនុ ខ្ញុំត្រូវបាន តា ម៉ុត រៀបចំឲ្យធ្វើការងារនៅក្នុងសណ្ឋាគារសុខា ដោយមានតួនាទីទទួលភ្ញៀវចិននិងធ្វើចុងភៅ។ ក្នុងក្រុមខ្ញុំមានគ្នាចំនួន៥នាក់។ ក្រោយពីធ្វើការងារនៅសណ្ឋាគារសុខាបានមួយរយៈពេល តា ម៉ុត បានរៀបចំឲ្យខ្ញុំមានគ្រួសារ។ ពេលនោះ តា ម៉ុត បានរៀបចំចំនួន៤គូ ខ្ញុំ១គូ និងពេទ្យ៣ចំនួន៣គូ។ ប្ដីខ្ញុំមានតួនាទីជាប្រធានវរសេនាធំ(ភ្លេចលេខ)គ្រប់គ្រងកន្លែងជួសជុលកប៉ាល់នៅឆ្នេរអូរឈើទាល។ បន្ទាប់ពីរៀបចំរួច ខ្ញុំបានត្រឡប់មកធ្វើការងារធម្មតាវិញ។ នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា សហការណ៍ជាមួយកងទ័ពវៀតណាមបានដឹកនាំកម្លាំងវាយតាមសមុទ្រចូលមករំដោះនៅក្រុងព្រះសីហនុ។ ពេលនោះខ្ញុំនិងយាយ ខុម បាននាំគ្នារត់ចេញពីក្រុងព្រះសីហនុដោយធ្វើដំណើរតាមកាណូតសំដៅមកឡើងនៅថ្មស ដែលស្ថិតនៅក្នុងខេត្តកោះកុង។ ចំណែកប្ដីខ្ញុំត្រូវបានថ្នាក់លើបញ្ជូនឲ្យទៅវាយជាមួយកងទ័ពវៀតណាមនៅភូមិភាគបូព៌ា ហើយត្រូវបានស្លាប់នៅក្នុងសមរភូមិ។ បន្ទាប់ពីខ្ញុំចូលមកដល់ខេត្តកោះកុង ខ្ញុំបានធ្វើដំណើរបន្តដោយឆ្លងកាត់ភ្នំសំដៅទៅព្រំដែនថ្មដា ហើយបានចូលរួមជាមួយកងពលទី៣ ប្រធានឈ្មោះ ទឹម សេង។ បន្ទាប់មកកងពលទី៣ បានបំបែកជា៣វរសេនាធំ៖ វរសេនាធំ១១ វរសេនាធំ១២ និងវរសេនា១៣។ វរសេនាធំ១១ ប្រធានឈ្មោះ ឆាវ មានតួនាទីឈរជើងការពារតំបន់ថ្មដា វរសេនាធំ១២ ប្រធានឈ្មោះ ផុន មានតួនាទីឈរជើងការពារនៅខាងស្ទឹងមេទឹក និង វរសេនាធំ១៣ ប្រធានឈ្មោះ ម៉ុត មានតួនាទីឈរជើងការពារនៅខាងកើតស្ទឹងមេទឹក។ បន្ទាប់មកទៀតកងពលទី៣ បានបំបែកបន្តជាកងវរសេនាតូចៗ៖ កងវរសេនាតូចលេខ៣១៥ កងវរសេនាតូចលេខ៣២១ និងកងវរសេនាតូច៣២០(កងនារីដឹកជញ្ជូន)។ ពេលនោះខ្ញុំត្រូវបាន ទឹម សេង បញ្ចូលជាមួយកងវរសេនាតូច៣២០ ដើម្បីចូលរួមជាមួយកងដឹកជញ្ជូន ប្រធានឈ្មោះ ឃីម មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ នៅក្នុងវរសេនាតូច៣២០ មានកងដឹកជញ្ជូនចំនួន៥០ទៅ៦០នាក់។ បន្ទាប់ពីចូលរួមជាមួយខាងកងដឹកជញ្ជូន ខ្ញុំមានតួនាទីត្រូវដឹកជញ្ជូនស្បៀងអាហារ និងគ្រាប់រំសេវចេញពីឃ្លាំងថ្មដាដែលមានព្រំប្រទល់ជាប់ស្រុកសុផាន់ហ៊ីន ខេត្តត្រាត ប្រទេសថៃ បញ្ជូនទៅឲ្យកងទ័ពដែលឈរជើងការពារនៅតាមស្ទឹងមេទឹក និងនៅលើភ្នំក្បាលឡាន។ ពេលមករស់នៅតំបន់ថ្មដា ខ្ញុំបានរៀបចំមានគ្រួសារថ្មី ប្ដីខ្ញុំឈ្មោះ ហ៊ឹម អិត ជាកងទ័ពនៅក្នុងកងពលឯករាជ្យ ប្រធានឈ្មោះ អួន យ៉ង់។

នៅឆ្នាំ១៩៨៤ កងទ័ពវៀតណាម និងកងទ័ពនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានបញ្ជូនកងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់មកវាយរំដោះនៅតំបន់ថ្មដា។ ពេលនោះខ្ញុំនិងប្ដីបាននាំគ្នារត់ចេញពីតំបន់ថ្មដាទៅរស់នៅក្នុងជំរំវ៤ ដែលស្ថិតក្នុងទឹកដីប្រទេសថៃ។ ពេលរស់នៅក្នុងជំរំវ៤ ខ្ញុំត្រូវបានផ្គត់ផ្គង់ដោយអង្គការកាកបាទក្រហមអន្តរជាតិ(UN)។ នៅក្នុងឆ្នាំ១៩៩៦ កងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋាភិបាលកម្ពុជា បានសមាហរណកម្មស្រុះស្រួលចាប់ដៃគ្នា។ ពេលនោះខ្ញុំនិងប្រជាជនដែលរស់នៅជំរំវ៤ ត្រូវបានអង្គការមាតុភូមិវិវត្តន៍ដឹកនាំឲ្យមករស់នៅភូមិអូរដើមចេក ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ នៅឆ្នាំ១៩៩១ ខ្ញុំនិងប្ដីបានផ្លាស់ចេញពីភូមិអូរដើមចេកមករស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពេលមករស់នៅភូមិក្រពើពីរក្រោមដំបូង ប្រជាជននៅក្នុងភូមិមានចំនួន៣គ្រួសារ។ បន្ទាប់មកខ្ញុំនិងប្ដីបាននាំគ្នាកាប់ឆ្កាព្រៃ ដើម្បីសាងសង់ផ្ទះរស់នៅ និងប្រកបរបរធ្វើចម្ការរហូតមកដល់សព្វថ្ងៃ។

សង្ខេបដោយ៖ ចាន់ ណារិទ្ធ

ជា សុឃឿន៖ អ្នកកាន់វិទ្យុទាក់ទងក្នុងកងពលទី២នៅតំបន់ថ្មដា

៤/ ខ្ញុំបាទឈ្មោះ ជា សុឃឿន ហៅក្រៅ ខន អាយុ ៦២ឆ្នាំ សព្វថ្ងៃមានតួនាទីជាសមាជិកក្រុមប្រឹក្សាឃុំក្រពើពីរ។ ប្រពន្ធខ្ញុំឈ្មោះ អ៊ឹម រ៉ែន អាយុ៦០ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅភូមិត្រពាំងព្រីង ឃុំស្វាយជុក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ បច្ចុប្បន្នរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ខ្ញុំមានកូនចំនួន៣នាក់ (ប្រុស២នាក់ ស្រី១នាក់)។ ឪពុកខ្ញុំឈ្មោះ ជា ផន (ស្លាប់ ) ចំណែកម្ដាយឈ្មោះ អ៊ីង ខេន (ស្លាប់ ) ។ ខ្ញុំមានបងប្អូន៤នាក់(ប្រុស)។ ខ្ញុំជាកូនទី១នៅក្នុងគ្រួសារ ។

កាលពីជំនាន់៣ឆ្នាំ ខ្ញុំរស់នៅក្នុងកងកុមារនៅស្រុកភូមិរបស់ខ្ញុំ។ បន្ទាប់ពីកងទ័ពខ្មែរក្រហមទទួលបានជ័យជម្នៈនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំត្រូវបានអង្គការខ្មែរក្រហមបញ្ជូនឲ្យឡើងទៅទីក្រុងភ្នំពេញ ដើម្បីឲ្យរៀនសូត្រពីបច្ចេកទេសមើលរ៉ាដាយន្ដហោះនិងរៀនអំពីប្រព័ន្ធទាក់ទងខាងទូរលេខ ដែលមានទីតាំងនៅវត្តទួលទំពូង។ គ្រូ ដែលមកបង្រៀនខ្ញុំជាជនជាតិចិន។ ការរៀនមើលរ៉ាដាយន្ដហោះនិងប្រព័ន្ធទាក់ទងគឺផ្ដោតសំខាន់ទៅលើយន្តហោះ ដើម្បីទំនាក់ទំនងទៅតាមខេត្តផ្សេងៗសុំការអនុញ្ញាតចុះចត ពេលដែលយន្តហោះជួបបញ្ហាអាកាសធាតុ។ បន្ទាប់ពីរៀនចប់ ខ្ញុំត្រូវបានបញ្ចូលជាមួយទីបញ្ជាកាផ្នែកយន្តហោះ ដែលមានទីតាំងនៅព្រលាន្តយន្តហោះពោធិ៍ចិនតុង។ ប្រធានគ្រប់គ្រងរ៉ាដានិងប្រព័ន្ធទូរលេខ ឈ្មោះ បង សារឿន (នៅក្រោមការគ្រប់គ្រងរបស់កងពល៥០២)។ ខ្ញុំធ្វើការនៅព្រលាន្តយន្តហោះពោធិ៍ចិនតុងបានរយៈពេល៥ខែ ខ្ញុំត្រូវបានប្រធានទីបញ្ជាការផ្នែកយន្តហោះបានផ្លាស់ឲ្យទៅកាន់រ៉ាដានិងប្រព័ន្ធទូរលេខនៅភ្នំបូគោ ដើម្បីរាយការណ៍ទៅកាន់ទីបញ្ជាកាផ្នែកយន្តហោះនៅពោធិ៍ចិនតុង។ អ្នកកាន់រ៉ាដានិងប្រព័ន្ធទូរលេខនៅភ្នំបូគោមានចំនួន២នាក់៖ ខ្ញុំ និង សំ។

នៅចុងឆ្នាំ១៩៧៨ ខ្ញុំបានធ្វើដំណើរចេញពីភ្នំបូគោត្រឡប់មកទីក្រុងភ្នំពេញវិញ។ លុះដល់ឆ្នាំ១៩៧៩ កងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា សហការណ៍ជាមួយកងទ័ពវៀតណាមបានដឹកនាំកម្លាំងមកវាយរំដោះនៅទីក្រុងភ្នុំពេញ។ ពេលនោះខ្ញុំនិងកងទ័ពប្រហែល១០០០នាក់ បាននាំគ្នារត់ចេញពីទីក្រុងភ្នំពេញសំដៅទៅភូមិភាគបូព៌ា។ លុះធ្វើដំណើរទៅដល់ភូមិភាគបូព៌ា កងទ័ពវៀតណាមចាប់ផ្ដើមវាយសម្រុកមកយ៉ាងខ្លាំង។ នៅក្នុងអំឡុងពេលនោះខ្ញុំនិងកងទ័ពទាំងអស់ បាននាំគ្នារត់ចេញពីភូមិភាគបូព៌ាដោយធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ចាមចាក់មកបាធាយ ព្រៃគ្រី រហូតមកដល់ខេត្តកំពង់ឆ្នាំង រួចបានបន្តដំណើរចេញពីខេត្តកំពង់ឆ្នាំងឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ ហើយបានឈប់សម្រាកនៅឃុំលាប ខេត្តពោធិ៍សាត់ ចំនួន១ថ្ងៃ ទើបធ្វើដំណើរបន្តដោយដើរកាត់ព្រៃ ភ្នំ រហូតមកដល់ស្ទឹងក្រញូង ដែលស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ ពេលមកដល់ស្ទឹងក្រញូង(បច្ចុប្បន្នស្ទឹងកំពង់ល្ពៅ) ខ្ញុំបានជួបជាមួយកម្លាំងកង០៥របស់តា សួន ម៉េត រួចបានស្នាក់នៅទីនោះបណ្ដោះអាសន្ន ដើម្បីបំប៉ងសុខភាព។ នៅឆ្នាំ១៩៨០ ខ្ញុំបានផ្លាស់ពីស្ទឹងក្រញូងមករស់នៅទឹកឈូរ ដែលស្ថិតនៅភូមិអូរសួរស្ដី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពេលចូលមករស់នៅទឹកឈូរមិនបានប៉ុន្មានថ្ងៃ កងទ័ពវៀតណាម និងកងទ័ពខ្មែរក្រហមបានបាញ់ផ្លោងដាក់គ្នាជារៀងរាល់។ ពេលនោះខ្ញុំនិងកងទ័ពផ្សេងទៀតបាននាំគ្នាជីកត្រង់សេទុកសម្រាប់លាក់ខ្លួន។ ក្រោយមកកងពលទី២ បានខ្វះអ្នកកាន់វិទ្យុទាក់ទង ខ្ញុំក៏ផ្លាស់ទៅកាន់វិទ្យុទាក់ទងឲ្យកងពលទី២ ប៉ុន្តែខ្ញុំនៅក្នុងកងវរសេនាធំអន្តរាគមន៍ ដែលគ្រប់គ្រងដោយឈ្មោះ សៀម ដែលមានទីបញ្ជាចំនួន២៖ ទីបញ្ជាការទី១នៅថ្មដាតូច និងទីបញ្ជាការទី២នៅភូមិអូរសួរស្ដី។ ប្រធានកងពលទី២ឈ្មោះ ទឹម រ៉ែន មានទីតាំងនៅទឹកឈូរ។ បន្ទប់មកខ្ញុំត្រូវបាន សៀម បញ្ជូនឲ្យទៅកាន់វិទ្យុទាក់ទងនៅទីបញ្ជាការទី១នៅថ្មដាតូច ដែលជាកន្លែងសមរភូមិមុខ។ ពេលចូលមកដល់ថ្មដាតូចដំបូង ខ្ញុំមិនបានឃើញមានកងទ័ពឬប្រជាជនរស់នៅទីនោះឡើយ។ ប្រជាជន និងក្រុមគ្រួសារកងទ័ពភាគច្រើនបានធ្វើដំណើរឡើងទៅលើកូនភ្នំ រួចបានចុះពីលើកូនភ្នំដោយដើរឆ្លងកាត់តំបន់អូរភ្លុកដំរី ដើម្បីធ្វើដំណើរឆ្លងភ្នំទៅរស់នៅជើងភ្នំម្ខាងទៀតដែលមានព្រំប្រទល់ជាបដីថៃ។ បន្ទាប់ពីកាន់វិទ្យុទាក់ទងនៅថ្មដាតូចអស់ជាច្រើនខែ ខ្ញុំបានផ្លាស់ពីថ្មដាតូចទៅតំបន់អូរភ្លុកដំរី។ ដើមឡើយតំបន់អូរភ្លុកដំរី ប្រជាជនបានហៅកន្លែងនោះថា ក្បាលដំរី។ ក្រោយមកក្បាលដំរីបានកែប្រែទៅជាតំបន់អូរភ្លុកដំរី ព្រោះនៅតំបន់នោះមានច្រកចុះទៅប្រទេសថៃ។ ផ្ទះ២មានចម្ងាយពីតំបន់អូរភ្លុកប្រហែលកន្លះគីឡូម៉ែត្រ។ ផ្ទះ២ ដើមឡើយគឺជាទីតាំងឈររបស់កងការពារព្រំដែនខ្មែរ។ ផ្ទះ២ ធ្វើអំពីឬស្សីនិងប្រក់ដោយស្លឹមសោម។

នៅឆ្នាំ១៩៨៤-១៩៨៥ កងទ័ពវៀតណាម និងកងទ័ពនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានវាយដណ្តើមកាន់កាប់ទីតាំងចំណុចអូរភ្លុកដំរី តំបន់ថ្មដា និងទីតាំងផ្សេងៗទៀតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ពេលនោះកងពលទី២ ចាប់ផ្ដើមបែកបាក់កម្លាំងគ្នា ដោយសារតែការវាយរបស់កងទ័ពវៀតណាម និងកងទ័ពនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ បន្ទាប់ពីកងពលទី២បានបែកបាក់កម្លាំងគ្នា ខ្ញុំបានចេញកងវរសេនាធំអន្តរាគមន៍មករស់នៅក្នុងកងពលលេខ៣៦ ចំណុះឲ្យកងពលទី២ ដែលមានទិសដៅនៅខាងមោងឬស្សីនិងនៅខាងកោះកាឡ ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង។ ប្រធានកងពលលេខ៣៦ឈ្មោះ អៀង ផាន។ នៅចុងឆ្នាំ១៩៨៥ ខ្ញុំបានរៀបចំមានគ្រួសារ។

នៅឆ្នាំ១៩៩៦ ខ្ញុំបានចេញពីកងពលលេខ៣៦ មករស់នៅជាមួយ លោក អ៊ួន យ៉ង់។ បន្ទាប់មករាជរដ្ឋាបាលកម្ពុជាបានបង្កើតស្រុកវាលវែង ដោយចាត់តាំងឲ្យលោក អ៊ួន យ៉ង ធ្វើជាអភិបាលស្រុកវាលវែង។ ពេលនោះខ្ញុំបានមករស់នៅជាមួយលោក អ៊ួន យ៉ង់ ហើយលោក អ៊ួន យ៉ង់ បានឲ្យខ្ញុំធ្វើការងារនៅក្នុងសាលាស្រុកដោយមានតួនាទីជាប្រធានរដ្ឋបាលស្រុក។ នៅថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ កងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋាភិបាលកម្ពុជាបានប៉ះទង្គិចគ្នាម្ដងទៀត។ ពេលនោះខ្ញុំ និងលោក អ៊ួន យ៉ង់ បានរត់ភៀសចូលទៅរស់ក្នុងជំរំខាវភ្លូ ប្រទេសថៃ។ បន្ទាប់ពីរស់នៅជំរំខាវភ្លូបានរយៈពេល១ឆ្នាំ ខ្ញុំ និងលោក អ៊ួន យ៉ង់ បានត្រឡប់ចូលមករស់នៅស្រុកវាលវែងវិញ។ បន្ទាប់មកខ្ញុំបានចេញពីលោក អ៊ួន យ៉ង់ មករស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ដោយសារតែផ្លូវពិបាកក្នុងការធ្វើដំណើរទៅបំពេញការងារ ខ្ញុំបានសម្រេចចិត្តលាឈប់ពីប្រធានរដ្ឋបាលស្រុក។ នៅឆ្នាំ២០០២ ខ្ញុំបានប្រឡងជាប់ស្មៀនឃុំក្រពើពីរ។ ខ្ញុំធ្វើស្មៀនឃុំរហូតដល់២០១៧ ទើបផ្លាស់មកធ្វើក្រុមប្រឹក្សាឃុំក្រពើពីរ។

នៅខែកក្កដា រហូតដល់ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានចូលមកឈ្លានពានទឹកដីប្រទេសកម្ពុជាដោយបានប្រើប្រាស់កម្លាំងទាហាន រាយលួសបន្លា និងដាក់ទូរកុងតឺន័រ។ បើតាមដំណោះស្រាយរបស់ខ្ញុំ ប្រទេសនីមួយៗសុទ្ធតែមានផែនទីដូចគ្នាដែលទទួលស្គាល់ដោយអន្តរជាតិ។ ប្រវត្តិដែលខ្ញុំធ្លាប់មករស់នៅតំបន់អូរភ្លុកដំរីពីមុនមក មិនដែលធ្លាប់ឃើញមានទាហានថៃមកឈរជើងនៅកន្លែងហ្នឹងឡើយ។

សង្ខេបដោយ៖ ចាន់ ណារិទ្ធ

ហែម ភ័ណ្ឌ៖ កងនារីដឹកជញ្ជូនក្នុងកងពលទី៣

៥/ ខ្ញុំឈ្មោះ ហែម ភ័ណ្ឌ ភេទស្រី អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិទឹកអំបិល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ បច្ចុប្បន្នខ្ញុំរស់នៅភូមិក្រពើរពីរក្រោម ឃុំក្រពើរពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានឪពុកឈ្មោះ ហែម សែរ (ស្លាប់) ក្នុងឆ្នាំ២០១៦ និងម្ដាយឈ្មោះ ជិន ផាន (ស្លាប់)។ ខ្ញុំមានបងប្អូនចំនួន ៧នាក់ ក្នុងនោះមានស្រី៣នាក់ និងប្រុស៤នាក់។ ខ្ញុំជាកូនទី១ក្នុងគ្រួសារ។ ខ្ញុំរៀបការក្នុងខែមីនា ឆ្នាំ១៩៩០ ជាមួយប្ដីឈ្មោះ អែម អឿន(ស្លាប់) ក្នុងឆ្នាំ២០២៤។ ប្ដីខ្ញុំមានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្នខ្ញុំមានកូនចំនួន ៤នាក់ ក្នុងនោះមានប្រុស៣នាក់ និងស្រីម្នាក់។ កាលពីកុមារខ្ញុំរៀនបានបន្តិចបន្តួចនៅក្នុងអង្គភាពស្រែអំបិលត្រើយកោះ ខេត្តកំពត ឆ្នាំ១៩៧៦-១៩៧៧។
នៅឆ្នាំ១៩៧៤ ខ្ញុំចេញពីផ្ទះមករស់នៅអង្គភាពកងទ័ពតំបន់៣៣ នៃវរសេនាតូច១០១ ឈរជើងពីថ្នល់ជាតិលេខ៤ ដល់ជ្រោះពេជ្រនិល។ ខ្ញុំរស់នៅក្នុងមន្ទីរនីរសា ធ្វើជាអ្នកជញ្ជូនបាយ និងនាំសារនៅសមរភូមិមុខ។
នៅឆ្នាំ១៩៧៥ ខ្ញុំកងនារីមួយវរសេនាតូច ត្រូវបានបញ្ជូនមកនៅស្រែអំបិលត្រើយកោះ។ ក្នុងនោះមានចម្រុះគ្រប់ខេត្ត រួមមាន ខេត្តកំពត ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។ ខ្ញុំធ្វើការងារជាអ្នកបង្ហាប់អំបិល។ ចំពោះរបបអាហារហូបរួមគ្នា ក្នុងសហករណ៍។ ក្រៅពីការងារបង្ហាប់អំបិល ខ្ញុំទៅរៀនអក្សខ្មែរ និងគណិតវិទ្យា។
នៅចុងឆ្នាំ១៩៧៨ ខ្ញុំត្រូវបញ្ជូនមករស់នៅកំពង់ណុង សេះស ពេលនោះខ្ញុំនៅខាងដើរល្បាតតាមឆ្នេរកែប។ ក្នុងការដើរល្បាតត្រូវបែងចែកម៉ោងតាមក្រុម ក្រុមរបស់ខ្ញុំមានគ្នា ៤នាក់មានកាំភ្លើងអាកា និងបេ៤០ ក្រុមរបស់ខ្ញុំដើរល្បាតនៅវេនព្រឹក។
នៅឆ្នាំ១៩៧៩ ពេលព្រឹកម៉ោង៥ ខ្ញុំ និងក្រុមកំពុងដើរល្បាតនៅសមុទ្រ ស្រាប់តែខ្ញុំបានឃើញមានការបាញ់គ្នាយ៉ាងខ្លាំង។ ពេលនោះមានបងអ្នកបើកនាវាម្នាក់ហែលទឹកមកដល់គោក មកប្រាប់ខ្ញុំឲ្យនាំគ្នារត់ចេញទៅឲ្យផុតពីខេត្តកំពតទៅ កុំឲ្យកងទ័ពចាប់បាន។ បន្ទាប់មក ខ្ញុំបានរត់ចេញពីឆ្នេរកែប ធ្វើដំណើរបានបន្តិចក៏ទៅដល់កំពង់ណុង ឆ្លងទៅរហូតកាត់តាមផ្លូវរទេះភ្លើងផ្សារកំពត ភ្នំទឹកឈួរ ខ្ញុំរត់រហូតមកដល់ ឃ្លាំងតាសាញ។ បងៗនៅឃ្លាំងតាសាញ ហៅខ្ញុំឲ្យចូលយកខោអាវ អង្រឹង ខ្ញុំក៏ប្រមូលអីវ៉ាន់ដែលពួកគាត់ឲ្យដាក់ចូលក្នុងការបូប រួចរាល់ខ្ញុំបបានបន្តដំណើរទៅទៀតរហូត។ នៅខែវិច្ឆិកា ឆ្នាំដដែល ខ្ញុំធ្វើដំណើរទៅចូលដីថៃ រស់នៅជំរំខាវឡាន ក្នុងជំរំក្មេងកុមារកំព្រា។ ពេលនោះខ្ញុំធ្វើការងារជាអ្នកថែទាំអ្នកជំងឺ។ នៅពេលថែទាំអ្នកជំងឺខ្ញុំខំប្រឹងរៀននិយាយភាសាថៃបានបន្តិចបន្តួច។ នៅខែធ្នូ ខ្ញុំបានជួបក្រុមគ្រួសារទ័ពទៅពីថ្មដា បាននិយាយមកខ្ញុំថា ចង់ទៅដីខ្មែរវិញអត់ ទើបខ្ញុំសម្រេចចិត្តចុះមកខ្មែរវិញ។ នៅពេលចុះមកមានកងទ័ពខាងខ្មែរក្រហមជូនខ្ញុំមករហូតដល់ថ្មដា។ បន្ទាប់មក ខ្ញុំចូលធ្វើជាកងនារីដឹកជញ្ជូនក្នុងអង្គភាព៣២០ក្នុងកងពលទី៣ ខ្ញុំធ្វើការជាអ្នកដឹកជញ្ជូនគ្រាប់ និងស្បៀងទៅឲ្យកងទ័ពមុខព្រួញ ដែលខ្ញុំត្រូវដឹកជញ្ជូនទៅ តំបន់ពាមតា។
នៅឆ្នាំ១៩៨៣ ខ្ញុំត្រូវបានតា សេង ជ្រើសរើសឲ្យធ្វើប្រធានកង៣១៥ ជាកងពិសេសផ្ទាល់របស់តា សេង។ ភារកិច្ចក្រុមកងពិសេស៣១៥ គឺនៅពេលដែលតាសេង ត្រូវធ្វើដំណើរទៅខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ឬកន្លែងផ្សេងទៀត ក្រុមកងពិសេស៣១៥ ពួកខ្ញុំត្រូវរៀបចំដឹកជញ្ជូនស្បៀង គ្រាប់ និងរបស់របរផ្សេងៗ ដើរទៅតាមតា សេង។ នៅឆ្នាំ១៩៨៥ ខ្ញុំមកនៅអង្គភាព២៧ កងពលឈ្មោះបង បូរ នៅកំពង់សោម។
នៅឆ្នាំ១៩៨៦-១៩៨៧ ខ្ញុំប្ដូរមកនៅជាយសំឡូត តំបន់អូរត្រាវ ដោយសារពេលនោះកងទ័ពរដ្ឋកម្ពុជា វាយបុកខ្លាំង។ ខ្ញុំរស់នៅជាយស្រុកសំឡូតនៅខាងក្រោមក្នុងដីថៃតំបន់អូរត្រាវ។ ខ្ញុំនៅក្នុងកងដឹកជញ្ជូនដដែល ហើយត្រូវដឹកស្បៀង និងគ្រាប់ពីព្រំដែនស្រុកសំឡូត ទៅប្រម៉ោយ ដោយធ្វើដំណើរកាត់តាមសំឡូត អូររថក្រោះ។ ពេលខ្ញុំដឹកដល់ប្រម៉ោយមានកងទ័ពផ្សេងទៀតចាំយកបន្ត។ នៅឆ្នាំ១៩៨៨-១៩៨៩ ខ្ញុំឡើងមករស់នៅជំរំភូមិថ្មីជាប់កាចែរនៅទល់មុខដីថៃ។ ខ្ញុំនៅក្នុងកងដឹកជញ្ជូនដដែល។
នៅឆ្នាំ១៩៩០ ខ្ញុំត្រឡប់មកពីប្រទេសថៃមករស់នៅស្រុកសំឡូតតំបន់វាលរលឹម ដោយសាងសងផ្ទះប្រក់ស្លឹកនៅ។ នៅខែមីនា ខ្ញុំរៀបការមានគ្រួសារជាមួយកងទ័ព ពេលនោះខ្ញុំនៅតែជាកងនារីដឹកជញ្ជូនដដែល។ ក្រោយមកឆ្នាំ១៩៩៣ ខ្ញុំ និងគ្រួសារមករស់នៅក្រពើរពីរ។

សង្ខេបដោយ៖ ទាវ សម្ភស្ស

ហែម និត៖ អតីតកងទ័ពប្រចាំនៅព្រំដែនថ្មដា

៦/ ខ្ញុំឈ្មោះ ហែម និត អាយុ៨០ឆ្នាំ មានស្រុកកំណើតនៅភូមិព្រំតស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នខ្ញុំរស់នៅភូមិក្រពើពីរ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប្រពន្ធខ្ញុំឈ្មោះ ហំ រ៉េត អាយុ៧០ឆ្នាំ មានកូនចំនួន៥នាក់ ស្រី២នាក់ និងប្រុស៣នាក់។ ឪពុកខ្ញុំឈ្មោះ ហែម ហើយខ្ញុំមានបងប្អូនចំនួន៥នាក់ ស្រី២នាក់ និងប្រុស៣នាក់។បច្ចុប្បន្នបងប្អូនខ្ញុំបានស្លាប់ទាំងអស់នៅសល់តែខ្ញុំម្នាក់។

កាលពីវ័យកុមារចន្លោះឆ្នាំ១៩៦២-១៩៦៣ខ្ញុំមិនបានចូលរៀនជ្រៅជ្រះនោះទេបានរៀនត្រឹមសាលាក្នុងវត្តមួយកន្លែងនៅស្រុកកំណើតឈ្មោះថាវត្តពទ្រាព្រះចៅអធិការវត្តឈ្មោះលោកតា នូ រៀនបានមួយឆ្នាំខ្ញុំត្រូវឈប់រៀនមកជួយធ្វើស្រែចម្ការជាមួយឪពុកម្តាយវិញ។

នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហាទម្លាក់សម្តេច នរោត្តម សីហនុ ខ្ញុំបានចូលរួមជាកងទ័ពស្ម័គ្រចិត្តឲ្យចលនាតស៊ូរបស់ខ្មែរក្រហមពេលនោះខ្មែរក្រហមមិនទាន់មានកងកម្លាំងច្រើនទេគ្រាន់តែជាកងកម្លាំងចលនាតស៊ូប្រមូលតាមភូមិប៉ុណ្ណោះ។ បន្ទាប់ពីខ្ញុំបានចូលជាកម្លាំងតស៊ូស្ម័គ្រចិត្តហើយនៅឆ្នាំ១៩៧១ខ្ញុំត្រូវបានប្រធានក្រុមបញ្ចូនមកខាងកំពង់ឆ្នាំងក្នុងកងពល១៨០ឈរជើងជាប់ជាមួយព្រំប្រទល់ជាមួយស្រុកក្រគរ ខេត្តពោធិ៍សាត់។ នៅពេលប្រចាំការនៅកំពង់ឆ្នាំង ខ្ញុំ និងកងរបស់ខ្ញុំតែងតែល្បាតចល័តទៅមកកំពង់ឆ្នាំង-ភ្នំពេញជាញឹកញាប់ខ្ញុំនៅប្រចាំការរហូតដល់ឆ្នាំ១៩៧៥ ទើបដកទ័ពមកប្រចាំការខាងច្រកចាំយាមខេត្តកោះកុង វិញម្តង។ ពេលមកដល់ខេត្តកោះកុងដំបូងមានតែមួយកងវរសេនាធំប៉ុណ្ណោះក្រោយៗមកទើបបន្ថែមកងកម្លាំងមកជាបន្តបន្ទាប់កិច្ចការរបស់ខ្ញុំគឺប្រចាំការមើលព្រំដែនគោកនិងទឹកខ្លាចមានថៃចូលមកក្នុងទឹកដីខ្មែរ។ ខ្ញុំប្រចាំការនៅច្រកចាំយាមរហូតដល់មានវៀតណាមចូលមកឆ្នាំ១៩៧៩ ទើបខ្ញុំបានបាញ់ជាមួយវៀតណាមដកទៅដកមកក៏បានដកមកនៅខាងថ្មដា ដែលជាមូលដ្ឋានធំរបស់កងទ័ពក៏បានបូកចូលរួមជាមួយកងពលធំលេខ៣របស់តា សេង ពេលនោះខ្ញុំនៅកងពលតូចលេខ១១ចំពោះឈ្មោះថ្មដាពេលនោះមិនទាន់ជាមានឈ្មោះអ្វីនោះទេ ទើបតែពួកខ្ញុំទៅឈរជើងទើបដាក់ឈ្មោះតាមក្រោយខ្ញុំឈរជើងម្តុំអូរកងឈ្លបឬហៅថាសុផាន់ហ៊ីន ចល័តទៅមកៗចេញចូលល្បាតរហូតដល់ខាងកោះកុងនិងមើលតាមព្រំដែនកម្ពុជា-ថៃតាមបញ្ជារបស់ថ្នាក់លើនិងឃ្លាំមើលពួកវៀតណាម។ពួកខ្ញុំបាននៅថ្មដារហូតដល់ឆ្នាំ១៩៩៣ ទើបខ្ញុំបានចេញពីថ្មដាទៅរស់នៅស្រុកសំឡូតមួយរយៈ។ បន្ទាប់មកខ្ញុំបានមករស់នៅភូមិក្រពើពីររហូតដល់បច្ចុប្បន្ន។

បើតាមខ្ញុំធ្លាប់រស់នៅថ្មដាហើយក៏ជាកងទ័ពម្នាក់នៅទីនោះទឹកដីកម្ពុជាគឺនៅឆ្ងាយណាស់ពីព្រំដែនឥឡូវនេះពីព្រោះពេលនោះបើយើងមើលពីលើភ្នំទៅថៃគឺនៅខាងក្រោមឆ្ងាយបើធៀបជាមួយហ្នឹងព្រំដែនបច្ចុប្បន្ននេះជំនាន់នោះថៃស្លូតណាស់មិនហ៊ានជាមួយខ្មែរក្រហមនោះទេ។ចំពោះអូរភ្លក់ដំរីពីដើមឡើយមិនមានឈ្មោះទេនៅពេលដែលមានវៀតណាមបុកវាយចូលមកបានមានតាម្នាក់ឈ្មោះតាឆាយគាត់ជាចាស់ទុំនៅថ្មដាហើយគាត់មានភ្លក់ដំរីមួយគូរដោយរត់យកទៅតាមមិនរួចក៏លាក់ទុកក្បែរៗកន្លែងគាត់រស់នៅនោះ។ក្រោយមកក៏ហៅតគ្នាថាជាអូរភ្លក់ដំរីដែលថៃកាន់កាប់បច្ចុប្បន្ននេះ។ខ្ញុំអាចអះអាងថាកាលខ្ញុំនៅជាទ័ពព្រំដែនថៃមានចម្ងាយឆ្ងាយណាស់ពីកាស៊ីណូនិងអូរភ្លក់ដំរីបច្ចុប្បន្នព្រោះយើងនៅលើភ្នំមើលឃើញថៃប៉ុន្តែបច្ចុប្បន្នថៃបានមកដល់កន្លែងដែលខ្មែរធ្លាប់ឈរជើនេះជាការឈ្លានពានរបស់ថៃមកលើកម្ពុជា។

សង្ខេបដោយ៖ ធី គឹមហុង

អង្កេតការណ៍
• អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរីករាយក្នុងការចែករំលែងរឿងរ៉ាវដែលខ្លួនធ្លាប់បានឆ្លងកាត់ និងជួបប្រទះមកកាន់ក្រុមការងារ។
• អ្នករស់រានមានជីវិតពីររបបខ្មែរក្រហមទាំងអស់មានការឈឺចាប់ និងអាណិតប្រជាពលរដ្ឋមិនទាន់បានវិលត្រឡប់ទៅផ្ទះសម្បែង ព្រោះទាហានថៃចូលមកដាក់ទូរកុងទឺន័រនៅតំបន់ថ្មដា។

Photos by Teav Somphors
Documentation Center of Cambodia Archieves
March,10,2026