Home / Post

Anlong Veng Peace Center. Students from Anlong Veng High School and Secondary School Participating in a Classroom Forum on the History of Democratic Kampuchea (1975-1979)

On March 11, 2026 a group of five students (2 male and 3 female) of Anlong Veng High​ School and Secondary School reflected on two historically remarkable events that happened in the month of March: Coup against Prince Norodom Sihanouk on March 18, 1970 and Communist Party of Kampuchea’s standing committee to meet for discussion on Prince Norodom Sihanouk’s proposal to resign from the position of head of state on March 11, 1976. The two remarkable scenarios led to a five-year war (1970-1975) and Khmer Rouge genocide (1975-1979).

Anlong Veng Peace Center organized its monthly educational program on the history of Democratic Kampuchea (1975-1979) to provide youths with genocide awareness and prevention. Given the recent outbreak of Cambodia-Thailand border conflict, students had the opportunity to relate it to the above-mentioned historical events.

វេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ត្រូវបានរៀបចំឡើងសម្រាប់សិស្សានុសិស្សចំនួន៥នាក់ (ប្រុសចំនួន២នាក់ និងស្រីចំនួន៣នាក់) មកពីវិទ្យាល័យអន្លង់វែង នៅការិយាល័យមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ វេទិកាថ្នាក់រៀននេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការចងចាំប្រវត្ដិសាស្រ្ដ លើកកម្ពស់សន្ដិភាព និងជំរុញឲ្យ​មាន​ការផ្សះផ្សា ដល់អ្នករស់រានមានជីវិត និងជាពិសេស​ យុវជន។ នៅក្នុងវេទិកានេះ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងផ្ដោតសំខាន់ទៅលើប្រធានបទ​ទាក់ទងនឹង​ខែមីនានេះតែម្តង ៖ «រដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០» និង «គណៈអចិន្ត្រៃយ៍​ខ្មែរក្រហម​ពិភាក្សាអំពីបញ្ហា​នៃ​ការសុំលាលែងពីតំណែងប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ របស់សម្ដេចព្រះ នរោត្ដម សីហនុ នៅក្នុងថ្ងៃទី​១១ ​ខែមីនា ឆ្នាំ១៩៧៦។

 ព្រឹត្ដិការណ៍រដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០
ព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ ១៩៧០ គឺជាចំណុចរបត់នៃប្រវត្ដិសាស្រ្ដនយោបាយរបស់កម្ពុជាដែលបានរុញច្រានប្រទេសមួយនេះឱ្យធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិលអស់រយៈពេលជិត៣ទសវត្សរ៍។ រដ្ឋប្រហារនេះត្រូវបានធ្វើឡើងនៅពេលដែលសម្តេចព្រះ នរោត្តម សីហនុ គង់នៅក្រៅប្រទេស។ សេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានរៀបចំការបោះឆ្នោតទម្លាក់ព្រះអង្គចេញពីតំណែងព្រះប្រមុខរដ្ឋដោយមានការអនុម័តពីសភាជាតិកម្ពុជា។ តែទោះជាយ៉ាងណាក៏ដោយ ព្រឹត្ដិការណ៍នេះ ចាត់ចូលជារដ្ឋប្រហារបាន ដោយសារតែក្នុងរដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា ប្រមុខរដ្ឋនឹងគ្រោងតំណែងអស់មួយជីវិត ហើយការផ្លាស់របបដឹកនាំនៅក្នុងសង្គមមួយក៏ត្រូវបានចាត់ចូលក្នុងហេតុផលទាំងនេះដែរ។

មូលហេតុចម្បងដែលនាំឱ្យមានរដ្ឋប្រហារនេះទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ ចេញពីតំណែងព្រះប្រមុខរដ្ឋ គឺក្រោមហេតុផលដែលមានវត្តមានកងទ័ពវៀតកុងនៅលើទឹកដីកម្ពុជា ហើយនៅពេលនោះ រួមផ្សំជាមួយនឹងវិបត្តិសេដ្ឋកិច្ច និងអំពើពុករលួយក្នុងជួររដ្ឋាភិបាលផង។ ការធ្វើរដ្ឋប្រហាររបស់ លន់ នល់ បានធ្វើឲ្យប្រទេសកម្ពុជាមានភាពវឹកវរ និងលេចចេញនូវចលនាកុម្មុយនីស្ដមួយដែលក្រោយមក ស្គាល់យ៉ាងទូលំទូលាយថា «ខ្មែរក្រហម»។ ភ្លាមៗនោះ សម្តេចព្រះ នរោត្តម សីហនុ បានបង្កើតរណសិរ្សរួបរួមជាតិមួយនៅទីក្រុងប៉េកាំង ប្រទេសចិន ហើយអំពាវនាវឱ្យប្រជារាស្ត្ររបស់អង្គចូលរួមនៅក្នុងចលនាតស៊ូនៅក្នុងព្រៃម៉ាគី ដែលត្រូវបានស្គាល់ថាជាព្រៃ ភ្លើង ឬព្រៃតស៊ូនៅក្នុងប្រទេសកម្ពុជា។ ការណ៍នេះ បានធ្វើឲ្យក្រុមចលនាកុម្មុយនីស្ដខ្មែរក្រហមឆ្លៀតឱកាសគៀងគរពីប្រជាជន ហើយឈានទៅដល់ការគាំទ្រយ៉ាងពេញទំហឹងពីប្រជាជន ក្រោមរូបភាពនៃការទាមទារអំណាចថ្វាយព្រះមហាក្សត្រ។ ប្រជាជនរាប់ម៉ឺននាក់បានចូលរួមជាមួយខ្មែរក្រហម តាមរយៈការបង្កើនចំនួនកងទ័ពយ៉ាងឆាប់រហ័សនៃចលនានេះ ពីចំនួន៣ពាន់នាក់នៅក្នុងឆ្នាំ១៩៧០ ទៅ៤ម៉ឺននាក់នៅក្នុងឆ្នាំ១៩៧៣ ។ ក្នុងពេលជាមួយគ្នានេះ លន់ នល់ បានបង្កើតរបបថ្មីមួយហៅថា «របបសាធារណរដ្ឋខ្មែរ» ដែលដឹកនាំប្រទេសកម្ពុជាពីឆ្នាំ១៩៧០-១៩៧៥ ទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក។ របបនេះបានទទួលបរាជ័យទៅវិញដោយសារអំពើពុករលួយ អសន្តិសុខសង្គម និងសង្គ្រាមផ្ដួលរំលំពីចលនាកុម្មុយនីស្តខ្មែរក្រហម នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ចាប់ពីពេលនោះមក របបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយក្រុមកម្មុយនីស្ដខ្មែរក្រហមបានឡើងកាន់អំណាចទាំងស្រុង (១៩៧៥-១៩៧៩) ដោយបានបើកទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់មួយសម្រាប់សង្គមកម្ពុជាតាមរយៈការបង្ហូរឈាម ការសម្លាប់រង្គាលមិនរើសមុខ និងអំពើប្រល័យពូជសាសន៍ជាតិសាសន៍ឯងបណ្ដាលឲ្យបាត់បង់ជីវិតប្រមាណជិត២លាននាក់។

 ការសុំលាលែងពីតំណែងប្រមុខរដ្ឋរបស់សម្ដេច ព្រះនរោត្ដម សីហនុ ក្នុងឆ្នាំ១៩៧៦
ព្រឹត្ដិការណ៍ដែលភ្ជាប់នឹងការពិភាក្សាលើការធ្វើរដ្ឋប្រហារ នោះ គឺការសុំលាលែងពីតំណែងប្រមុខរដ្ឋរបស់សម្ដេច ព្រះនរោត្ដម សីហនុ ដោយមានការពិភាក្សា និងជួបប្រជុំដំបូងបង្អស់របស់គណៈកម្មាធិការអចិន្ដ្រៃយ៍បក្សកុម្មុយនីស្ដកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៧៦។ គណៈអចិន្ដ្រៃយ៍នេះ បានព្រមព្រៀងទទួលយកសំណើសុំលាលែងរបស់ព្រះអង្គ ប៉ុន្ដែមិនអនុញ្ញាតឲ្យព្រះអង្គ ប៉ុន្ដែនឹងមិនអនុញ្ញាឲ្យព្រះអង្គចាកចេញពីប្រទេស ឬធ្វើសេចក្ដីថ្លែងការណ៍ ឬជួបពិភាក្សាជាមួយអង្គទូតបរទេសណាមួយឡើយ។ របបរាជានិយមនៅកម្ពុជា ត្រូវបានបញ្ចប់អំឡុងពេលនោះ។

រហូតដល់ខែមេសា ឆ្នាំ១៩៧៦ សភាតំណាងប្រជាជនកម្ពុជាបានបើកសម័យប្រជុំលើកទីមួយ និងតែម្ដងគត់របស់ខ្លួន ដោយបានព្រមព្រៀងគ្នាជាឯកច្ឆន្ទទៅលើសំណើយាងចូលនិវត្ដន៍របស់សម្ដេចព្រះ នរោត្ដម សីហនុ ដោយផ្ដល់ថ្វាយព្រះអង្គនូវប្រាក់សោធននិវត្ដន៍ចំនួន៨ពាន់ដុល្លារនៅក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណា ខ្មែរក្រហមមិនដែលបើកថ្វាយនូវប្រាក់ចូលនិវត្ដន៍នោះ ដល់ព្រះអង្គទាល់តែសោះ។ ព្រះអង្គ និងព្រះរាជ្យវង្សានុវង្ស ត្រូវបានឃុំឃាំងនៅក្នុងវីឡាតូចមួយស្ថិតនៅក្នុងបរិវេណនៃព្រះបរមរាជវាំង។ ព្រះអង្គបានឃុំជាប់នៅទីនោះរហូតដល់ខែមករា ឆ្នាំ១៩៧៩ គឺរហូតដល់ថ្ងៃដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ។

នៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៧៩ កងកុម្ម៉ង់ដូរវៀតណាមបានឆ្លងកាត់ទន្លេចតុមុខក្បែរព្រះបរមរាជវាំង ដើម្បីចាប់ពង្រត់ សម្ដេចព្រះ នរោត្ដម សីហនុ យកទៅវៀតណាម ដើម្បីឲ្យព្រះអង្គដឹកនាំចលនាតស៊ូមួយក្រោមការជួយទំនុកបម្រុងរបស់វៀតណាម ប្រឆាំងនឹងរបបកម្ពុជាប្រជាធិបតេយ្យ។ ប៉ុន្ដែផែនការនេះត្រូវបរាជ័យ។ នៅថ្ងៃនោះដែរ ដោយសារសភាពការណ៍ដែលវៀតណាមវាយចូលកម្ពុជាកាន់តែមានសភាពធ្ងន់ធ្ងរនោះ ខៀវ សំផន បានជម្លៀសព្រះអង្គទៅកាន់ស្រុកស៊ីសាផុន ក្បែរព្រំដែនខ្មែរ-ថៃ។ ពីរថ្ងៃក្រោយមក ខៀវ សំផន បានទៅយាងព្រះអង្គចូលមកទីក្រុងភ្នំពេញវិញ ដោយនិយាយថា វៀតណាមបានដកថយវិញហើយ។ ថ្ងៃទី៥ ខែមករា ប៉ុល ពត បានយាងព្រះអង្គទៅជួបប្រជុំប្រឆាំងនឹងការលុកលុយរបស់វៀតណាម។ ជាថ្នូរនឹងកិច្ចការដ៏មានសារសំខាន់នេះ ប៉ុល ពត យល់ព្រមអនុញ្ញាតឲ្យព្រះរាជ្យវង្សានុវង្សទាំងអស់ចាកចេញពីកម្ពុជាជាមួយព្រះអង្គដែរ ទោះបីមានការជំទាស់ពី អៀង សារី ដែលចង់ទុកព្រះរាជ្យវង្សានុវង្សទាំងអស់នៅក្នុងប្រទេសជាចំណាប់ខ្មាំងក៏ដោយ។ សម្ដេចព្រះនរោត្ដម សីហនុ និងព្រះរាជ្យវង្សានុវង្សរបស់ព្រះអង្គបានចាកចេញឆ្ពោះទៅកាន់ប្រទេសចិនតាមជើងហោះហើររបស់ចិន នៅថ្ងៃទី៦ ខែមករា ។

សំណួរឆ្លុះបញ្ចាំងការយល់ដឹងរបស់សិស្ស៖
១. ចូររៀបរាប់អំពីព្រឹត្ដិការណ៍រដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។
២. និយាយពីផលប៉ះពាល់នៃសង្គ្រាម (ឧទាហរណ៍ ជាក់ស្ដែង ការវាយប្រហារយោធាថៃមក
លើប្រទេសកម្ពុជា នាពេលថ្មីៗនេះ) និងអំពើប្រល័យពូជសាសន៍របស់ខ្មែរក្រហមមកលើ «ប្រជាជន និងប្រទេសជាតិទាំងមូល)។
៣. ផ្អែកលើការយល់ឃើញរបស់អ្នកផ្ទាល់ តើចំណុចសំខាន់ៗណាខ្លះនៅក្នុងប្រវត្ដិសាស្រ្ដ ដែលយើង និងប្រទេសជាតិទាំងមូល គួរចងចាំ គួររៀនសូត្រ និងគួរជៀសវាង?

សិស្សានុសិស្សបានយល់ដឹងថា៖
– លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីតំណែងព្រះប្រមុខរដ្ឋ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។
– លន់ នល់ បានបណ្ដេញជនជាតិវៀតណាមចេញពីប្រទេសកម្ពុជា
– សម័យ លន់ នល់ មានយោធាអាមេរិកក្នុងទឹកដីខ្មែរ
សង្គ្រាមជាមួយយោធាថៃបានបង្កផលប៉ះពាល់ដូចជា៖
– ធ្វើឲ្យប្រជាជនបាត់បង់លំនៅឋាន
– ធ្វើឲ្យបែកបាក់ក្រុមគ្រួសារ
– ប្រជាជនរស់នៅក្នុងភាពភ័យខ្លាច
– បាត់បង់ជីវិតមនុស្ស សត្វ
– ខាតបង់ទ្រព្យសម្បត្ដិប្រជាជន និងរដ្ឋាភិបាល
– ធ្វើឲ្យប្រព័ន្ធអប់រំមានការធ្លាក់ចុះ
របបប្រល័យពូជសាសន៍ ប៉ុល ពត មានផលប៉ះពាល់ដូចជា៖
– ធ្វើបាបប្រជាជនខ្មែរ និងបំបិទសិទ្ធិសេរីភាព
– បង្ខំឲ្យប្រជាជនធ្វើការងារច្រើនម៉ោង ហូបចុកមិនគ្រប់គ្រាន់ គ្មានថ្នាំសង្កូវសម្រាប់ប្រជាជនពេលមានជំងឺ
– ប្រទេសជាតិមានសង្គ្រាម
– បំផ្លាញវត្ដអារាម និងចាប់ផ្សឹកព្រះសង្ឃ
– សម្លាប់ប្រជាជនស្លូតត្រង់
– ប្រទេសជាតិជួបការលំបាក សម្លាប់អ្នកចេះដឹង
– បិទសាលារៀន អត់ឲ្យកុមារបានរៀនសូត្រ។

https://photos.app.goo.gl/5NK5xh3TG8h3EEv98