Home / Post

Veal Veng Reconciliation Center: សកម្មភាពសិស្សានុសិស្សមកអានសៀវភៅ និងទស្សនាខ្សែភាពយន្តឯកសារ«កុំស្មានបងភ្លេច»។ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦

នៅវេលាម៉ោង៨:០០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ សិស្សានុសិស្សមកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយចំនួន១០នាក់(ស្រី៥នាក់) បានមកទស្សនកិច្ច និងអានសៀវភៅប្រវត្តិសាស្រ្តទាក់ទងនឹងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ – ១៩៧៩) ដើម្បីជាជំនួយដល់ការសិក្សារៀនសូត្រនៅក្នុងសាលារៀន។ បន្ទាប់មកក្រុមការងារបានជ្រើសរើសចាក់បញ្ចាំងខ្សែភាពយន្តឯកសារ ក្រោមចំណងជើង «កុំស្មានបងភ្លេច» ដល់សិស្សានុសិស្សឲ្យបានទស្សនា។

គោលបំណងនៃការបញ្ចាំងខ្សែភាពយន្តឯកសារនេះមានដូចខាងក្រោម៖
១/ ចង់ឲ្យសិស្សានុសិស្សបានយល់ដឹងអំពីការបាត់បង់តន្ត្រី និងតារាចម្រៀងជើងចាស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩)។
២/ ចង់ឲ្យសិស្សានុសិស្សឈ្វេងយល់អំពីសម័យកាលនីមួយៗនៅក្នុងខ្សែភាពយន្ត «កុំស្មានបងភ្លេច»។
៣/ ចង់ឲ្យសិស្សានុសិស្សបានដឹងអំពីផលវិបាកនៃការកើតមានសង្រ្គាម។
៤/ និងការដោះស្រាយបញ្ហាដោយសន្តិវិធី និងការទប់ស្កាត់ជម្លោះនានា។

ក្រោយពេលបញ្ជប់ការខ្សែភាពយន្ត ក្រុមការរបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានចាប់ផ្ដើមកិច្ចពិភាក្សាជាមួយសិស្សានុសិស្សទាក់ទងនឹងចំណាប់អារម្មណ៍ទាក់ទងនឹងប្រវត្តិសាស្ត្រប្រទេសកម្ពុជាក្នុងសតវត្សរ៍ទី២០ អំពីការរីកចម្រើន សង្គ្រាម និងការបំផ្លិចបំផ្លាញគ្រប់វិស័យរួមទាំងសិល្បៈករ និងតន្រ្តីករដូចដែលសិស្សានុសិស្សបានទស្សនាខ្សែភាពយន្ត«កុំស្មានបងភ្លេច»។

បន្ទាប់ពីមានកិច្ចពិភាក្សាសិស្សានុសិស្សមានចំណាប់អារម្មណ៍ដូចខាងក្រោម៖

១/ ឆោម គីមមួយ ភេទស្រី ជាសិស្សថ្នាក់ទី៩ មកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ បន្ទាប់ពីបានទស្សនាខ្សែភាពយន្ត ខ្ញុំបានដឹងថាខ្សែភាពយន្តខាងលើបានឆ្លុះបញ្ជាំងបីសម័យកាល។ ក្នុងសម័យសង្គមរាស្រ្តនិយម ដែលដឹកនាំដោយសម្ដេចព្រះនរោត្ដមសីហនុ បានឆ្លុះបង្ហាញឲ្យខ្ញុំដឹងពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យទាំងអស់។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយក្រៃលែង ប៉ុន្តែខ្ញុំក៏មានអារម្មណ៍សោកស្ដាយផងដែរចំពោះការបាត់បង់តន្រ្តីករនៅក្នុងសម័យខ្មែរក្រហម។ ខ្ញុំមានចិត្តអាណិតអាសូរដល់ប្រជាពលរដ្ឋ រួមទាំងតារាចម្រៀងល្បីៗមួយចំនួនដែលត្រូវបានបាត់បង់ជីវិតក្នុងសម័យខ្មែរក្រហម។ ជាចុងក្រោយ ខ្ញុំមានអារម្មណ៍រីករាយណាស់ដែលបានចូលមកទស្សនា និងអានសៀវភៅនៅមជ្ឈមណ្ឌលនេះ។ ខ្ញុំបានដឹងពីទុក្ខលំបាក និងការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋខ្មែរ ហើយខ្ញុំកាន់តែយល់ដឹងច្បាស់អំពីប្រវត្តិរបស់ប្រទេសកម្ពុជាបន្ថែមបានមួយកម្រិតទៀត។

២/ លី សៀបហេង ភេទស្រី ជាសិស្សថ្នាក់ទី៩ មកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ ចំពោះអារម្មណ៍របស់ខ្ញុំ នៅពេលខ្ញុំបានទស្សនាខ្សែភាពយន្ត ខ្ញុំបានឃើញទិដ្ឋភាពប្លែកៗដែលខ្ញុំមិនធ្លាប់បានឃើញឬដឹងពីមុនមកឡើយ។ ខ្ញុំមានអារម្មណ៍ថា សោកសៅជាខ្លាំងចំពោះប្រជាជន និងសិស្បៈករមួយចំនួនដែលត្រូវបានបាត់បង់ជីវិត។ ថែមទាំងការបាត់បង់តន្រ្តី។ រូបភាពដែលខ្ញុំបានឃើញបានដិតជាប់ក្នុងអារម្មណ៍របស់ខ្ញុំ ដែលធ្វើឲ្យខ្ញុំឈឺចាប់នៅក្នុងចិត្តបំផុតដែលមិនអាចបំភ្លេចបានឡើយ។ វាជាការឈឺចាប់មួយសម្រាប់កូនខ្មែរគ្រប់រូប។ ខ្ញុំផ្ទាល់បានយល់ដឹងអំពីប្រវត្តិសាស្រ្តជាច្រើន ហើយខ្ញុំចង់ឲ្យកូនខ្មែរគ្រប់រូបចងចាំនូវរឿងរ៉ាវប្រវត្តិសាស្រ្តដ៏សែនឈឺចាប់នេះទុកជានិច្ច។

៣/ ស៊ុន ដេវីត ភេទប្រុស ជាសិស្សថ្នាក់ទី៩ មកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ ក្រោយទស្សនាខ្សែភាព«កុំស្មានបងភ្លេច» ខ្ញុំពិតជាមានអារម្មណ៍សោកសៅ ក្ដុកក្ដួល និងឈឺចាប់ខ្លាំងណាស់។ ខ្ញុំបានយល់ច្បាស់ពីទុក្ខលំបាករបស់ប្រជាជនខ្មែរដែលត្រូវឆ្លងកាត់របបដ៏ឃោរឃៅ គឺរបបខ្មែរក្រហម។ ខ្ញុំមានការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់តារាចម្រៀង រួមទាំងបទភ្លេងតន្រ្តី ព្រោះតន្រ្តីក៏ជាផ្នែកមួយនៃការផ្សព្វផ្សាយប្រទេសរបស់យើងឲ្យកាន់តែមានការរីកចម្រើន។

៤/ ឈុន ឡៃហ៊ាង ភេទស្រី ជាសិស្សថ្នាក់ទី៩ មកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ បន្ទាប់ពីបានទស្សនាខ្សែភាព«កុំស្មានបងភ្លេច» ខ្ញុំមានអារម្មណ៍សោកស្ដាយចំពោះការបាត់បង់ជីវិតសិល្បៈករ និងសិល្បៈការិនីដែលមានភាពល្បីល្បាញ និងមានសមត្ថភាព។ ខ្ញុំមានចិត្តអាណិតអាសូរចំពោះប្រជាជនគ្រប់រូបដែលត្រូវបានខ្មែរក្រហមចាប់យកទៅធ្វើទារុណកម្ម និងវាយសម្លាប់យ៉ាងឃោរឃៅ។ ប្រសិនមានឪកាសខ្ញុំចង់មករៀនសៀវភៅ និងចូលរួមរៀនសូត្រអំពីប្រវត្តិសាស្រ្តខ្មែរក្រហមបន្តទៀត។

៥/ ពេជ្រ ស្រីអូន ភេទស្រី ជាសិស្សថ្នាក់ទី៩ មកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ ខ្ញុំមានអារម្មណ៍សោកស្ដាយចំពោះតារាចម្រៀងដែលត្រូវបានបាត់បង់ជីវិតនៅក្នុងសម័យប្រល័យពូជសាសន៍ខ្មែរក្រហម។ ខ្មែរក្រហមបានវាយសម្លាប់មនុស្សស្លូតត្រង់ មនុស្សមានចំណេះដឹង និងមនុស្សមានសមត្ថភាពជាច្រើននាក់ ដែលជាទង្វើឃោរឃៅ និងព្រៃផ្សៃជាទីបំផុត។ នាងខ្ញុំមានការស្រណោះចំពោះក្មេងៗដែលបាត់បង់ជីវិត និងបានទទួលរងការធ្វើទារុណកម្មនៅក្នុងរបបខ្មែរក្រហម។ ខ្ញុំគិតថាពួកខ្មែរក្រហមមិនមែនជាមនុស្សទេ ប្រៀបបានទៅនឹងសត្វដែលហ៊ានកាប់សម្លាប់ជាតិសាសន៍ខ្លួនឯង។

៦/ លីម ធារិទ្ធ ភេទប្រុស ថ្នាក់ទី៩ មកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។ ក្រោយពីខ្ញុំបានទស្សនារឿងកុន« កុំស្មានបងភ្លេច » ខ្ញុំទទួលបានចំណេះដឹងដូចជា ខ្ញុំបានស្គាល់តារាចម្រៀងល្បីៗជំនាន់ដើម និងបានស្ដាប់បទចម្រៀងជំនាន់ដើមដ៏ពិរោះរណ្ដំ។ បន្ទាប់ពីខ្ញុំទស្សនាកុនចប់ ខ្ញុំពិតជាមានចិត្តអាណិតអាសូរដល់តារាចម្រៀង និងតន្រ្តីករល្បីៗជំនាន់ដើម ដែលត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់។ ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយ ចំពោះការបាត់បង់តារាចម្រៀងជំនាន់ដើមដែលមានសមត្ថភាព និងតន្រ្តីករល្បីៗនៅក្នុងរបបខ្មែរក្រហម។ របបខ្មែរក្រហមបានធ្វើឲ្យប្រជាជនជាច្រើនបានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួនទៅនៅតាមជនបទទាំងចាស់ ទាំងក្មេង ហើយខ្លះបានស្លាប់តាមផ្លូវដោយសារតែអស់កម្លាំង និងគ្មានអាហារហូបចុក។

៧/ សុគុន លីហ៊រ ភេទប្រុស ថ្នាក់ទី៩ មកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។ ពេលដែលខ្ញុំបានទស្សនារឿងកុន« កុំស្មានបងភ្លេច » ខ្ញុំសង្កេតឃើញមានបីជំនាន់ ដោយជំនាន់មុនខ្ញុំបានឃើញប្រជាជនយើងភាគច្រើនប្រឹងប្រែងខាងវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម។ បន្ទាប់មកខ្ញុំបានស្ដាប់បទចម្រៀងដែលច្រៀងដោយតារាចម្រៀងល្បីជំនាន់ដើមដែលមានទឹកដមសំនៀងពិរោះ។ លុះដល់របបខ្មែរក្រហម តារាចម្រៀងជំនាន់ដើមភាគច្រើនត្រូវបានខ្មែរក្រហមបង្ខំឲ្យធ្វើការ និងខ្លះទៀតត្រូវបានខ្មែរក្រហមចាប់ទៅសម្លាប់។ បន្ទាប់ពីខ្ញុំទស្សនាកុនចប់ ខ្ញុំមានការចាប់អារម្មណ៍ និងបានទស្សនាផ្ទាំងរូបភាពដែលមាននៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដែលរូបភាពមួយបានបង្ហាញពីប្រាសាទអង្គរវត្តធ្លាប់មានប្រជាជនរស់នៅក្បែរប្រាសាទកាលពីអតីកាល។

៨/ ញុំា ជៃសុវណ្ណរត្ន័ ភេទប្រុស ថ្នាក់ទី៩ មកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។ ពេលដែលខ្ញុំបានទស្សនារឿងកុន« កុំស្មានបងភ្លេច » ខ្ញុំបានឃើញដូចជា ការលេងតន្ត្រី ការធ្វើសង្រ្គាម ការធ្វើទារុណកម្ម និងការបាត់បង់ជីវិតសិល្បករខ្មែរ។

៩/ ជន បញ្ញាសុខច័ន្ទ ភេទស្រី ថ្នាក់ទី៩ មកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។ បន្ទាប់ពីខ្ញុំបានទស្សនារឿងកុន« កុំស្មានបងភ្លេច » ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយណាស់ ចំពោះការបាត់បង់សិល្បករជាច្រើនរូប ហើយនឹងប្រជាពលរដ្ឋដោយសារតែរបបខ្មែរក្រហម បានធ្វើបាបមកលើប្រជាជនស្លូតត្រង់ឥតក្ដីមេត្តា។ របបខ្មែរក្រហមមួយនេះបានធ្វើឲ្យប៉ះពាល់ដល់គ្រប់វិស័យដូចជា ការប្រកបមុខរបរ ការសិក្សា សុខសុវត្ថិភាពក្នុងសង្គម វប្បធម៌ និងវិស័យសេដ្ឋកិច្ច។ ខ្មែរក្រហមបានធ្វើបាត់បង់ធនធានមនុស្ស និងបាត់បង់សិល្បៈករល្បីៗ និងអ្នកមានស្នាដៃជាច្រើននាក់។

១០/ សុខ សេងមុន្នី ភេទប្រុស ថ្នាក់ទី៩ មកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។ ក្រោយពីខ្ញុំបានមើលរឿងកុន« កុំស្មានបងភ្លេច » ខ្ញុំពិតជាចាប់អារម្មណ៍ទៅលើរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមគឺជារបបមួយដ៏សាហាវ ឃោរឃៅដែលបានសម្លាប់ប្រជាជនស្លូតត្រង់ និងបានសម្លាប់តារាចម្រៀងដែលមានសំនៀងពិរោះអស់ជាច្រើននាក់ទៀតផង។ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានបញ្ចប់ ខ្ញុំមើលឃើញថាប្រទេសកម្ពុជាយើងមានការអភិវឌ្ឍច្រើនមិនដូចសម័យមុនទេ ទាំងវិស័យតន្ត្រី ការអប់រំ និងគ្រប់វិស័យ។

អង្កេតការណ៍៖
• សិស្សានុសិស្សមានការចាប់អារម្មណ៍ និងចូលចិត្តអានសៀវភៅប្រវត្តិសាស្រ្ត។
• សិស្សានុសិស្សបានអានសៀវភៅដោយយកចិត្តទុកដាក់ និងកត់ត្រាទុក។
• សិស្សានុសិស្សមានភាពសប្បាយរីករាយដែលបានមកទស្សនាខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច»។
• សិស្សានុសិស្សរក្សាបាននូវភាពស្ងៀមស្ងាត់ កត់ត្រា និងយកចិត្តទុកដាក់អំឡុងពេលទស្សនាខ្សែភាពយន្ត។
• សិស្សានុសិស្សចូលចិត្តការទស្សនាខ្សែភាពយន្តឯកសារ។
• សិស្សានុសិស្សមានភាពក្លាហានក្នុងការចែករំលែកចំណេះដឹងក្រោយទស្សនាខ្សែភាពយន្តចប់។

February,5,2026
Photos by Veal Veng Reconciliation Center’s team
Documentation Center of Cambodia Archives

Full report