នៅវេលាម៉ោង៨:៣០ នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ សិស្សានុសិស្សចំនួន៨នាក់(ស្រី៤នាក់) ជាសិស្សថ្នាក់ទី៩មកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ បានមកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដើម្បីមកអានសៀវភៅ ចូលរួមចែករំលែកអំពីព្រឹត្តិការណ៍ជម្លោះនៅព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ និងសិក្សារៀនសូត្រចំណេះដឹងស្ដីអំពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ក្នុងជំពូកទី៨៖ ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម។ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងរៀបចំកិច្ចពិភាក្សានេះឡើងមានគោលបំណងចំនួន៣ ដូចខាងក្រោម៖
១. ដើម្បីផ្លាស់ប្ដូរ និងចែករំលែកចំណេះដឹងអំពីព្រឹត្តិការណ៍សង្រ្គាមនៅតាមបណ្ដាព្រំដែនកម្ពុជា-ថៃ។
២. ដើម្បីផ្លាស់ប្ដូរ និងចែករំលែកចំណេះដឹងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។
៣.និងដើម្បីផ្សាភ្ជាប់ទំនាក់ទំនងល្អរវាងក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងជាមួយសិស្សានុសិស្សតាមរយៈការចូលរួមរៀនសូត្រ។
មុនកិច្ចពិភាក្សា ស្រីណុច បានសួរសំណួរទៅកាន់សិស្សានុសិស្សទាំងអស់ថា តើប្អូនៗទាំងអស់គ្នា បានដឹងរឿងរ៉ាវអ្វីខ្លះដែលបានកើតឡើងក្នុងពេលមានជម្លោះព្រំដែនរយៈពេល៥ថ្ងៃរវាងកម្ពុជា-ថៃ ក្នុងខែកក្កដា ឆ្នាំ២០២៥? និងជម្លោះព្រំដែនរវាងកម្ពុជា-ថៃរយៈពេល២១ថ្ងៃ ក្នុងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ? សិស្សានុសិស្សបានចែករំលែកដូចខាងក្រោម៖
១/ នៅពេលកើតមានបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំបានឃើញមានប្រជាជនភៀសសឹកមកស្នាក់នៅក្នុងភូមិប្រម៉ោយច្រើនណាស់ និងបណ្ដាលឲ្យមានការខ្វះខាតស្បៀងអាហារសម្រាប់ផ្គត់ផ្គង់ប្រជាជនភៀសសឹក។
២/ នៅពេលកើតមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ចំនួន២លើកនេះ បានធ្វើឲ្យខ្ញុំ និងសិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រនៅសាលាតាមព្រំដែនត្រូវខកខានការរៀនសូត្រ។
៣/ ខ្ញុំបានដឹងថាទាហានថៃបានទម្លាក់គ្រាប់បែកកម្ទេចស្ពានមេទឹក បំផ្លាញផ្ទះសម្បែងរបស់ប្រជាជនស៊ីវិល និងកាស៊ីណូក្នុងឃុំថ្មដា។
៤/ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃបានចាប់ខ្លួនទាហានកម្ពុជាចំនួន១៨នាក់ ប៉ុន្តែទើបនឹងត្រូវដោះលែងកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៥។
៥ ខ្ញុំបានដឹងថា ទាហានថៃបានបាញ់សម្លាប់ប្រជាជនស៊ីវិលស្លូតត្រង់នៅភូមិព្រៃចាន់។
៦/ ថៃបានប្រើប្រាស់យន្តហោះចម្បាំង និងដ្រូនគ្មានមនុស្សបើកទម្លាក់គ្រាប់បែកបំផ្លាញភូមិដ្ឋានរបស់ប្រជាជនស៊ីវិល សាលារៀន មន្ទីរពេទ្យ ថែមទាំងធ្វើឲ្យកុមារនិងប្រជាជនរងរបួស និងស្លាប់បាត់បង់ជីវិត។
៧/ ថៃបានកម្ទេចប្រាសាទតាក្របី និងបានបំផ្លាញរូបសំណាក់ព្រះវិស្ណុនៅលើទឹកដីរបស់កម្ពុជា។
៨/ ថៃបានបាញ់បំផ្លាញប្រាសាទព្រះវិហាររបស់ខ្មែរដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។
ជាកិច្ចបន្ទាប់ ស្រីណុច បានលើកយកឈ្មោះទីតាំងចំនួន១៤មានភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបឹងត្រកួន តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា(ច្រកជ័យជម្នះ) តំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ តំបន់អូស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូលគ្រួស) ដែលត្រូវបានទាហានថៃចូលទន្រ្ទាន កាន់កាប់ និងឈរជើង ក្នុងអំឡុងពេលប្រតិបត្តិការទ្រង់ទ្រាយធំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយគ្រប់គ្រងជាក់ស្ដែងលើតំបន់ដែលស្ថិតច្បាស់ក្នុងទឹកដីកម្ពុជា នៅខេត្តចំនួន៤ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ។ ស្រីណុច បានឲ្យសិស្សានុសិស្សទាំងអស់ចំណាយពេល៤០នាទី ដើម្បីស្វែងរកឈ្មោះភូមិ ឃុំ ស្រុក និងខេត្តទីតាំងទាំង១៤ខាងលើ។
បន្ទាប់មក មឿន ស្រីណុច បានសួរសំណួរទៅកាន់សិស្សានុសិស្សទាំងអស់ថា តើប្អូនៗទាំងអស់គ្នាធ្លាប់បានរៀនសូត្រ និងបានដឹងរឿងរ៉ាវអ្វីខ្លះក្នុងរបបកម្ពុជាប្រជាធិតេយ្យ(១៩៧៥-១៩៧៩)? ឬប្អូនៗមានសំណួរអ្វីដែលចង់ចង់ដឹងទាក់ទងនឹងនេះ? សិស្សានុសិស្សបានឆ្លើយ និងសួរចំណួរទាក់ទងដូចខាងក្រោម៖
១/ យាយខ្ញុំធ្លាប់និយាយប្រាប់ថា គាត់ហូបបបររាវៗសុទ្ធតែទឹក មានកាកបបរបន្តិចបន្តួច និងត្រូវបានប្រើឲ្យធ្វើការងារច្រើនមិនសូវបានសម្រាក។
២/ យាយខ្ញុំនិយាយថា គាត់ត្រូវធ្វើការងារច្រើនមិនមានពេលវេលាសម្រាកគ្រប់គ្រាន់ទេ។
៣/ យាយខ្ញុំប្រាប់ថា គាត់ត្រូវងើបពីព្រឹកដើរកាប់ទន្ទ្រានខែត្រដើម្បីធ្វើជី។ នៅពេលគាត់ធ្វើខុសអ្វីមួយនឹងត្រូវបានខ្មែរក្រហមបំបែកចេញពីក្រុមគ្រួសារ។
៤/ ម្ដាយរបស់ខ្ញុំប្រាប់ថា ជំនាន់ខ្មែរក្រហមអាហារហូបចុកមានកំណត់ បើហ៊ានលួចហូបខ្មែរក្រហមចាប់បាននឹងត្រូវចាប់យកទៅសម្លាប់ចោល។
៥/ លោកគ្រូ បាននិយាយថា ការរើសគូរស្រករក្នុងសម័យខ្មែរក្រហមខុសពីសម័យបច្ចុប្បន្ន ព្រោះអង្គការជាអ្នករៀបចំឲ្យ បើស្រលាញ់គ្នាលួចលាក់អង្គការដឹងនឹងត្រូវបានចាប់យកទៅសម្លាប់ចោល។
៦/ ខ្ញុំបានដឹងថា ខ្មែរក្រហមសម្លាប់ប្រជាជន និងកុមារច្រើនណាស់។
៧/ តើខ្មែរក្រហមវាយរំដោះចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទីខែឆ្នាំណា?
៨/ តើខ្មែរក្រហមជានរណា?
ជាកិច្ចបន្ទាប់ ស្រីណុច បានឲ្យសិស្សានុសិស្សស្ម័គ្រចិត្តអានមេរៀនក្នុងសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅជំពូកទី៨៖ ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម។
ចុងក្រោយ ក្រុមការងារបាននិយាយសង្ខេបពីមេរៀនក្នុងជំពូកទី៨ និងបានឆ្លើយសំណួរខាងលើទៅកាន់សិស្សានុសិស្ស។
ចំណាប់អារម្មណ៍៖
១/ ទុយ សែយ ភេទប្រុស រៀនថ្នាក់ទី៩ មកពីវិទ្យល័យហ៊ុនសែនប្រម៉ោយ។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានចូលរួមពិភាក្សាស្ដីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងដឹងអំពីទីតាំងចំនួន១៤កន្លែងដែលត្រូវបានថៃចូលមកឈ្លានពាន។ បន្ទាប់ពីចូលរួមពិភាក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងបញ្ហាជម្លោះព្រំដែនដែន ខ្ញុំទទួលបានចំណេះដឹងជាច្រើនដែលទាក់ទងនឹងរឿងរ៉ាវនៅក្នុងប្រវត្តិសាស្រ្តខ្មែរក្រហម និងយល់ដឹងកាន់តែច្បាស់ជាងមុនអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។
២/ វង្ស បូរមី ភេទស្រី រៀនថ្នាក់ទី៩ មកពីវិទ្យល័យហ៊ុនសែនប្រម៉ោយ។ នាងខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ដែលបានចូលរួមពិភាក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងបានដឹងពីឈ្មោះភូមិ ឃុំ ស្រុក ខេត្ត ទីតាំងទាំង១៤ ដែលថៃបានចូលមកឈ្លានពាន។ បន្ទាប់ពីដឹងរឿងរ៉ាវនៅតាមព្រំដែន នាងខ្ញុំពិតជាមានចិត្តអាណិតអាសូរដល់ប្រជាជនដែលរស់នៅតាមបណ្ដោយព្រំដែនដែលត្រូវបានទាហានឈ្លានពានថៃព័ទ្ធយកដី និងផ្ទះសម្បែងរបស់ពួកគាត់។
៣/ រតនៈ វសនា ភេទប្រុស រៀនថ្នាក់ទី៩ មកពីវិទ្យល័យហ៊ុនសែនប្រម៉ោយ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលបានចូលរួមពិភាក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ហើយបានព័ត៌មានបន្ថែមទាក់ទងនឹងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ ជាពិសេស ខ្ញុំបានស្គាល់ពីភូមិ ឃុំ ស្រុក ខេត្ត ទីតាំងចំនួន១៤ដែលត្រូវបានថៃចូលឈ្លានពានខុសច្បាប់។ បន្ទាប់ពីបានចូលរួមពិភាក្សាស្ដីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ខ្ញុំទទួលចំណេះដឹងថែមមួយកម្រិតទៀតអំពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា។ ប្រសិនបើមានឪកាសលើកក្រោយទៀត ខ្ញុំពិតជាចង់ចូលរួមម្ដងទៀត ដើម្បីសិក្សាអំពីរឿងរ៉ាវប្រវត្តិខ្មែរឲ្យកាន់តែច្បាស់ជាងមុនបន្ថែមទៀត។
អង្កេតការណ៍៖
• សិស្សានុសិស្សមានកាយវិការ និងឥរិយាបថសមរម្យ។
• សិស្សានុសិស្សមានការចាប់អារម្មណ៍ និងបានដឹងព័ត៌មានច្រើនទាក់ទងបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។
• សិស្សានុសិស្សមិនសូវដឹងព័ត៌មានច្បាស់ទាក់ទងនឹងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។
• សិស្សានុសិស្សចាប់អារម្មណ៍ និងចង់ដឹងរឿងរ៉ាវក្នុងរបបខ្មែរក្រហម។
• សិស្សទាំងអស់យកចិត្តទុកដាក់ក្នុងការស្ដាប់ និងកត់ត្រាទុកចំណុចសំខាន់ៗក្នុងពេលពិភាក្សា។
• សិស្សទាំងអស់មានភាពក្លាហ៊ានក្នុងការសួរសំណួរ និងចែករំលែកចំណេះដឹង។
• សិស្សនុសិស្សទាំងអស់មានភាពសប្បាយរីករាយ និងចង់ចូលរួមពិភាក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យបន្តទៀត។
បញ្ហាប្រឈម៖
• សិស្សានុសិស្សមកមិនគ្រប់ចំនួនកំណត់។
Photos By Chan Narith
Documentation Center of Cambodia Archives