ចម្រូង
ចម្រូងដែកគឺជាវត្ថុម្យ៉ាងដែលត្រូវបានដាក់ពង្រាយដើម្បីបង្ករបួសដល់កងទ័ពនៅក្នុងពេលមានសង្គ្រាម ប្រសិនបើដើរជាន់ចំចុងស្រួចនៃចម្រូង។ ចម្រូងដែកមានមុខមុតស្រួចចំនួនបួន។ បើទោះជាបោះ ឬបាចយ៉ាងប្រញាប់ប្រញាល់នៅលើផ្ទៃដីក៏ដោយ ក៏មុខបីនៃចម្រូងនឹងក្លាយជាជើងទម្របីមុំយ៉ាងរឹងមាំ ហើយមុខមួយនឹងឈរត្រង់ ដែលនឹងក្លាយអាវុធដ៏មុតស្រួចបំផុតចាក់ចូលទៅក្នុងបាតជើងចំពោះអ្នកទាំងឡាយដែលជាន់ពីលើវា។
ចម្រូងជាច្រើនត្រូវបានប្រទះឃើញនៅតាមទីតាំងសំខាន់មួយចំនួន រួមមាន ទីតាំងកែច្នៃគ្រាប់កាំភ្លើងនៅលើភ្នំ២០០នេះផ្ទាល់ អតីតផ្ទះប៉ុល ពត និងបច្ចុប្បន្នទីតាំងបូជាសព ប៉ុល ពត និងអតីតផ្ទះតាម៉ុក និងបច្ចុប្បន្ន មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង និងនៅតាមអតីតសមរភូមិផ្សេងទៀតដែរ។ ចម្រូងប្រភេទនេះត្រូវបានប្រើប្រាស់ដោយកងទ័ពវៀតណាម ដែលកងទ័ពនេះមានវត្តមាននៅក្នុងប្រទេសកម្ពុជារយះពេលមួយទសវត្សរ៍ (១៩៧៩ ដល់ ១៩៨៩) ដើម្បីជួយកាត់បន្ថយការរុលមកមុខនៃកងទ័ពបច្ចាមិត្រនៅក្នុងការវាយប្រយុទ្ធគ្នា និងការពារមូលដ្ឋានទ័ពរបស់ខ្លួនដែរ។
ចំណែកឯកងកម្លាំងខ្មែរក្រហមវិញ ចម្រូងឬស្សីក៏ត្រូវបានច្នៃ ដើម្បីប្រើប្រាស់ប្រឆាំងនឹងគូរបដិបក្ខរបស់ខ្លួនដែរ។ ខ្មែរក្រហមបានចាត់តាំងអ្នកភូមិ ជាពិសេសនារីៗ ឲ្យធ្វើការនៅក្នុងកងផលិតចម្រូងនិងដឹកជញ្ជូន ដើម្បីគាំទ្រដល់សមរភូមិមុខ។ ស្ត្រីម្នាក់ត្រូវបានចាត់ឲ្យកាប់ឬស្សីដោយខ្លួនឯង និងផលិតចម្រូងឬស្សីចំនួន១០០ក្នុងមួយថ្ងៃ។ បន្ទាប់មក ចម្រូងឬស្សីនឹងត្រូវដឹកជញ្ជូនទៅឲ្យកងកម្លាំងខ្មែរក្រហមនៅឯសមរភូមិមុខ ដើម្បីដាក់ពង្រាយ។ កងទ័ពខ្មែរក្រហមជីករណ្តៅ ហើយដាំចម្រូងយ៉ាងមុតស្រួចទាំងនោះនៅក្នុងរណ្តៅ ដែលនឹងបង្កការមុតហូរឈាមយ៉ាងខ្លាំង ចំពោះអ្នកដែលធ្លាក់ចូលក្នុងអន្ទាក់។
អាស្រ័យហេតុនេះហើយ ចម្រូងដែកនៅសេសសល់នេះគឺជាកេរ្តិ៍ដំណែលនៃសង្គ្រាម នៅអន្លង់វែង ដែលធ្លាប់ជាតំបន់តស៊ូចុងក្រោយនៃចលនាខ្មែរក្រហម។ ចម្រូងនេះបានក្លាយជានិមិត្តរូបនៃសន្តិភាពដែលទទួលបានយ៉ាងលំបាកបំផុតសម្រាប់ប្រទេសកម្ពុជា ដោយឆ្លុះបញ្ចាំងតាមរយៈសំណង់ដ៏ធំមហិមានៃស្តូបស្តូបឈ្នះអន្លង់វែង នៅក្បែរនេះស្រាប់៕
Spike
A spike is a material deployed to inflict a bloody injury to those soldiers stepping on it. It contains four robust, sharp ends. Despite being sprayed or deployed in haste in time of war, three of its ends would automatically become supporting pillars and one of them would stand straight to savagely prick the bottom part of foot.
Such a spike is found in this site, former ammunition manufacturing site of mount-200, Pol Pot’s former house and now cremation site, Ta Mok’s former house and now Anlong Veng Peace Center, and many other places. The spike is widely used by Vietnamese army, whose infantry established its decade-long presence (1979-1989) in Cambodia, to slow down the advancement of their opponents during the fighting and to protect their military bases.
In turn, the Khmer Rouge forces normally used bamboo spikes to entrap their opponents. The KR assigned villagers, mostly women, to work for spike-producing and transportation units in each village to support the frontlines. Each women had to look for bamboos and produce 100 bamboo spikes per day. Then, the bamboo spikes were dispatched to KR soldiers at the frontlines where they could deploy them. The soldiers dug holes and planted the spikes to cause terrible bleeding to those falling into the traps.
Overall, the metal spike is one of the remarkable war remnants in Anlong Veng, former stronghold of the Khmer Rouge movement. It is a symbol of a hard-earned peace in Cambodia, reflecting upon a nearby huge structure of Anlong Veng Win Win Memorial.