Workshop on Gender Equality and Girls’ Leadership with a topic: “Dialogue with Men in Decision-Making Roles” organized by Women Peace Maker Organization
របាយការណ៍ស្តីអំពី កិច្ចសន្ទនាជាមួយបុរសក្នុងតួនាទីសម្រេចចិត្ត លើកកម្ពស់សមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី
ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ អង្គការនារីដើម្បីសន្ដិភាព បានរៀបចំកម្មវិធីកិច្ចសន្ទនាដ៏សំខាន់មួយ ក្រោមប្រធានបទ «សមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី» នៅមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង អគារមរតកសង្គមរាស្ត្រនិយមសម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ សែនជ័យ)។ កិច្ចសន្ទនានេះបានប្រមូលផ្ដុំអ្នកចូលរួមសរុប ១២នាក់ ដែលជាបុរសទាំងអស់ស្ថិតក្នុងតួនាទីជាអ្នកសម្រេចចិត្តនៅក្នុងសហគមន៍ ក្នុងគោលបំណង៖
ជម្រុញឱ្យបុរសក្នុងតួនាទីសម្រេចចិត្តចូលរួមក្នុងកិច្ចសន្ទនា ដើម្បីជំនៈនូវបទដ្ឋាននៃភាពជាបុរស និងបិតាធិបតេយ្យ (បុរសជាធំ)ដែលបង្កគ្រោះថ្នាក់ តាមរយៈការដោះស្រាយនូវហិង្សារបស់បុរស និងអំណាចលុបលើក្នុងតួនាទីដឹកនាំ ព្រមទាំងបណ្តុះនូវសាម្គីភាពយ៉ាងសកម្មដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី។
លទ្ធផលដែលរំពឹងទុក៖
១.ការយល់ដឹងកាន់តែជ្រៅអំពីបទដ្ឋានយេនឌ័រ និងភាពជាបុរសក្នុងតួនាទីសម្រេចចិត្ត បានអភិវឌ្ឍន៍ការយល់ដឹងជ្រៅអំពីភាពជាបុរស និងបិតាធិបតេយ្យ (បុរសជាធំ) ដែលមានឥទ្ធិពលលើអាកប្បកិរិយា ភាពជាអ្នកដឹកនាំ និងទំនាក់ទំនងក្នុងការងារ។
២.ការប្តេជ្ញាចិត្តចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមភាពយេនឌ័រ និងគ្មានប្រើហិង្សា
បុរសក្នុងតួនាទីសម្រេចចិត្ត នឹងទទួលស្គាល់ពីឥទ្ធិពលនៃបទដ្ឋានយេនឌ័រ ភាពជាបុរស និងបិតាធិបតេយ្យ ហើយប្តេជ្ញាចិត្តលើភាពជាអ្នកដឹកនាំរបស់ពួកគាត់ តាមបែបការចូលរួម ចែករំលែកអំណាចឬការគ្រប់គ្រង និងបដិសេធឥរិយាបថហិង្សា។
៣.ការគាំទ្រយ៉ាងសកម្មចំពោះភាពជាអ្នកដឹកនាំរបស់ក្មេងស្រី និងសមភាពយេនឌ័រ
បុរសក្នុងតួនាទីសម្រេចចិត្ត កំណត់ និងប្តេជ្ញាចិត្តអនុវត្តន៍សកម្មភាពជាក់លាក់ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី និងសមភាពយេនឌ័រ នៅក្នុងគ្រួសារ សហគមន៍ និងស្ថាប័ន។
ចំណាប់អារម្មណ៍ ពីអ្នកចូលរួមបន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលនេះរួចមក អ្នកចូលរួមជាបុរសក្នុងតួនាទីសម្រេចចិត្តជាច្រើនរូបបានសម្តែងនូវការភ្ញាក់រលឹក និងការប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនយ៉ាងមុតមាំថា៖
១. លោក សឺន សុផា អាយុ៤១ឆ្នាំ ជានាយកសាលាអនុវិទ្យាល័យអូរស្វាយ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ លោក សឺន សុផា បានចែករំលែកថា៖ បន្ទាប់ពីខ្ញុំបានចូលរួមវគ្គបណ្តុះបណ្តាលនេះរួចមក ខ្ញុំបានយល់កាន់តែច្បាស់ថា ពាក្យថាបុរសពិត គឺមានតួនាទីជាច្រើនដែលយើងត្រូវធ្វើ ក្នុងនោះមាន៖ ទំនួលខុសត្រូវក្នុងគ្រួសារ, មិនត្រូវប្រើអំពើហិង្សាលើស្ត្រី, យើងត្រូវផ្តល់សិទ្ធិដល់ស្ត្រីឲ្យបានស្មើនឹងបុរស, យើងក៏ត្រូវតែរឹងមាំព្រោះយើងជាបង្គោលក្នុងគ្រួសារ, និងត្រូវស្ដាប់មតិយោបល់ភរិយាផងដែរ។
លោកបានគូសបញ្ជាក់ពីភាពខុសគ្នារវាងមុន និងក្រោយការចូលរួម៖ ភាពខុសគ្នារវាងពីមុនដែលខ្ញុំមិនទាន់ចូលរួមវគ្គបណ្ដុះបណ្ដាល និងក្រោយពេលខ្ញុំចូលរួមវគ្គបណ្ដុះបណ្ដាលនេះរួច គឺពីមុនខ្ញុំគិតថាខ្ញុំធ្វើអ្វីក៏បានតាមចិត្ត ចំណែកឯភរិយានៅផ្ទះមិនមានសិទ្ធិបញ្ចេញមតិឡើយ។ ក៏ប៉ុន្តែក្រោយពេលខ្ញុំចូលរួមវគ្គបណ្ដុះបណ្ដាលនេះរួច ខ្ញុំត្រូវតែឲ្យភរិយារបស់ខ្ញុំបញ្ចេញមតិយោបល់ដើម្បីសម្រេចអ្វីមួយ។
២. លោក ហេង ឆយ មេភូមិអូររុន អាយុ ៧១ឆ្នាំរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង
លោក ហេង ឆយ បានថ្លែងថា៖ អ្វីដែលខ្ញុំរៀនសូត្របានគឺផ្ដោតទៅលើយេនឌ័រ ភាពស្មើគ្នារវាងបុរសនិងស្ត្រី។ វគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់ណាស់។ ជាក់ស្ដែង ខ្ញុំជាមេភូមិអូររុន មានប្រជាជនភាគច្រើនដែលគាត់បានយល់ដឹងពីបញ្ហាយេនឌ័រ ហើយគ្រួសារទាំងអស់នោះកំពុងសូវមានអំពើហិង្សានៅក្នុងគ្រួសារឡើយ។ ក៏ប៉ុន្តែ គ្រួសារមួយចំនួនតូចពុំទាន់យល់ដឹងអំពីបញ្ហាយេនឌ័រនេះទេ ដែលហេតុតែងតែមានទំនាស់ទាស់ទែងគ្នាជារឿយៗ។ នេះជាមេរៀនមួយផ្នែកទៀតដែលខ្ញុំយកទៅអនុវត្តក្នុងការចែករំលែកចំណេះដឹងទាំងអស់នេះទៅកាន់អ្នកភូមិរបស់ខ្ញុំ ឲ្យយល់ដឹងកាន់តែច្បាស់អំពីបញ្ហាយេនឌ័រនេះ។
Photo and report by Sreng Lyda
October 20, 2025
Documentation Center of Cambodia Archives