ដំណើរទស្សនកិច្ចត្រួតពិនិត្យការសាងសង់សាលាបឋមសិក្សាកោះព្នៅ ដែលជាអំណោយមនុស្សធម៌ពីក្រុមហ៊ុន KOMATSU
ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូមួយក្រុមបានធ្វើដំណើរតាមផ្លូវទឹកទៅកាន់ភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ សាលាបឋមសិក្សាកោះព្នៅ ដែលជាគម្រោងសប្បុរសធម៌ដ៏មានសារៈសំខាន់សម្រាប់សហគមន៍នៅលើកោះនោះ។
ដំណើរទស្សនកិច្ចនេះមានការចូលរួមពីតំណាងជាច្រើនរូប។ ក្នុងចំណោមនោះ មានវត្តមានរបស់លោក ព្រាប សារ៉េត នាយករងនៃអភិបាលស្រុកបុរីអូរស្វាយសែនជ័យ និងលោក ឌី ចាន់សភា អភិបាលរងស្រុក ដែលជាតំណាងអាជ្ញាធរមូលដ្ឋាន។ គណៈប្រតិភូមានការចូលរួមពីតំណាងដៃគូសហការជប៉ុន គឺលោក Fuku Eshige តំណាងអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) និងលោក NAGIRA Atsushi នាយកគ្រប់គ្រងទូទៅ (General Manager) របស់ក្រុមហ៊ុន KOMATSU LTD ទីស្នាក់ការកណ្ដាលនៅទីក្រុងតូក្យូ ដែលជាម្ចាស់ជំនួយធំ។ ចំណែកលោក ពេជ្រ វៃ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) បានចូលរួមបម្រើការជាអ្នកបើកទូកចម្លងដឹកនាំគណៈប្រតិភូ រួមជាមួយអ្នកអមដំណើរជាច្រើនរូបទៀត។
ដំណើរទស្សនកិច្ចនេះមានគោលបំណងចម្បង គឺការត្រួតពិនិត្យដោយផ្ទាល់ទៅលើការសាងសង់អគារសិក្សាថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន KOMATSU ជប៉ុន ប្រចាំកម្ពុជា តាមរយៈអង្គការ JMAS។ ក្រុមហ៊ុនបានសម្រេចជួយឧបត្ថម្ភ អគារចំនួន ០១ ខ្នង មាន ០៤ បន្ទប់ ដើម្បីឆ្លើយតបនឹងតម្រូវការអប់រំរបស់កុមារនៅលើកោះ។
គម្រោងសាងសង់នេះបានចាប់ផ្តើមតាំងពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៥ ហើយបច្ចុប្បន្នកំពុងដំណើរការទៅយ៉ាងរលូន ដោយគ្រោងនឹងបញ្ចប់ការងារសាងសង់ទាំងស្រុងនៅចុងខែតុលា ឆ្នាំ២០២៥ នេះ។ ក្នុងដំណើរការសាងសង់ មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ក៏បានចូលរួមយ៉ាងសកម្មក្នុងការ ប្រើប្រាស់ទូក ដើម្បីដឹកជញ្ជូនសម្ភារៈ និងឧបករណ៍សាងសង់ចាំបាច់ផ្សេងៗ ទៅកាន់កោះព្នៅផងដែរ ដែលបានបង្ហាញពីកិច្ចសហការយ៉ាងស្អិតរមួតរវាងភាគីពាក់ព័ន្ធ។
បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់នៅចុងខែតុលា លោកគ្រូអ្នកគ្រូនឹងអាចដាក់ឱ្យសិស្សានុសិស្សចូលសិក្សា ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ ដើម្បីធានាថាការសិក្សារបស់កុមារមិនមានការរាំងស្ទះ។ ចំណែកឯពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃអគារសិក្សាថ្មីនេះ នឹងត្រូវស្វែងរកពេលវេលាសមស្របប្រារព្ធឡើងនៅចន្លោះខែ ធ្នូ ឆ្នាំ២០២៥ ដល់ខែ មេសា ឆ្នាំ២០២៦។
Photo & Report by Sreng Lyda
October 10, 2025
Documentation Center of Cambodia Archives