Home / Post

Play highlights Stung Treng Documentation Center: ក្រសួងទេសចរណ៍ខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពិនិត្យលក្ខន្តិកៈ និងធ្វើបច្ចុប្បន្នភាពផលិតផលទេសចរណ៍សហគមន៍អេកូទេសចរណ៍បុរីអូស្វាយ

ក្រសួងទេសចរណ៍ខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពិនិត្យលក្ខន្តិកៈ និងធ្វើបច្ចុប្បន្នភាពផលិតផលទេសចរណ៍សហគមន៍អេកូទេសចរណ៍បុរីអូស្វាយ
ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដើម្បីជំរុញវិស័យទេសចរណ៍សហគមន៍ឱ្យកាន់តែរីកចម្រើន និងមានគុណភាព ក្រសួងទេសចរណ៍ខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំស្តីពី ការពិនិត្យលក្ខន្តិកៈ និងធ្វើបច្ចុប្បន្នភាពផលិតផលទេសចរណ៍ សម្រាប់សហគមន៍អេកូទេសចរណ៍បុរីអូស្វាយ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅអគារមរតកសង្គមរាស្ត្រនិយមសម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដោយមានការចូលរួមពីតំណាងសហគមន៍ និងមន្ត្រីជំនាញសរុប ១៤ រូប (ស្រី ៤ រូប)។

គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងកិច្ចការគ្រប់គ្រងផ្ទៃក្នុងសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើបច្ចុប្បន្នភាពផលិតផលទេសចរណ៍ក្នុងរដូវវស្សា ឬ “រដូវកាលបៃតង”។ តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារបានពិភាក្សា និងពិនិត្យលម្អិតលើលក្ខន្តិកៈសហគមន៍ ដើម្បីធានាថាការអនុវត្តមានភាពត្រឹមត្រូវ និងស្របតាមបទដ្ឋានដែលបានកំណត់។
ចំណែកឯការធ្វើបច្ចុប្បន្នភាពផលិតផលទេសចរណ៍ គឺផ្តោតលើការបង្កើត និងកែច្នៃសកម្មភាពថ្មីៗដែលឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរក្នុងរដូវវស្សា ដែលជាឱកាសល្អសម្រាប់ភ្ញៀវក្នុងការទស្សនាសោភ័ណភាពធម្មជាតិដ៏ស្រស់បំព្រង។ នេះជាការរួមចំណែកដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តនៅសហគមន៍បុរីអូស្វាយគ្រប់រដូវកាល។
សហគមន៍អេកូទេសចរណ៍បុរីអូស្វាយ មានសក្ដានុពលខ្ពស់ផ្នែកទេសចរណ៍ធម្មជាតិ និងវប្បធម៌ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់។ ការរៀបចំកិច្ចប្រជុំនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងទេសចរណ៍ និងសហគមន៍ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងគុណភាព។

Full report