Home / Post

Kampong Cham Documentation Center: Meeting with Civil Society Allance Forum

វេទិការសន្ទនាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាព អង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី»
ថ្ងៃ ពុធ ទី១៣ ខែសីហាឆ្នាំ២០២៥ បុគ្គលិកមជ្ឈមណ្ឌឯកសារកម្ពុជាខេត្តកំពង់ចាមពីររូប លោកលី ដេវីត និងលោកសាំង ចាន់ធូ ចូលរួមវេទិការសន្ទនាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាព អង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី» ដែលរៀបចំឡើងដោយ វេទិកាសម្ព័នសង្គមស៊ីវិល (វសស) ក្រោមអធិបតេយ្យភាព ឯកឧត្ដម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ធល័យសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្ត និងមានការចូលរួមពីអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងត្បូងឃ្មុំ មន្ទីរអង្គភាពជុំវិញ ប្រធាន និងតំណាងអង្គការ សមាគម សហជីក និងសហគមន៍ ទូទាំងខេត្តកំពង់ចាម និងត្បូងឃ្មុំសរុបប្រមាណជាង ១១៤ ចូលរួមផងដែរ។
ជាកិច្ចចាប់ផ្ដើមនៃកម្មវិធីឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានឡើងផ្ដល់នូវមតិស្វាគមន៍ និងផ្តល់ជាយោបល់ណែនាំដល់អង្គពិធីផងដែរ។ ឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវការអរគុណមកកាន់ អង្គការ សមាគម សហជីក និងសហគមន៍ ទាំងអស់ដែលបានរួមចំណែកក្នុងការអភិវឌ្ឃ៍ និងបម្រើជាប្រយោជន៍រួមដល់ប្រជាជនទាំងអស់នៅក្នុងមូលដ្ឋានខេត្តកំពង់ចាម និងជារួមសមតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានលើឡើងដែលថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានបង្កើតឡើងស្របតាមច្បាប់ ត្រូវបានលើកទឹកចិត្តក្នុងការធ្វើសកម្មភាពមនុស្សធម៌ និងសេវាសង្គម ប៉ុន្តែពុំត្រូវបាន អនុញ្ញាតឱ្យធ្វើសកម្មភាពណាមួយដែលមានគោលដៅ បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬយកកម្រៃមកចែកគ្នានោះឡើយ ។ ពោលគឺត្រូវយកចិត្តទុកដាក់ក្នុងការ បំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវ តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផងដែរ និងជាពិសេសចៀសវាងជាដាច់ខាតនូវការធ្វើសកម្មភាព ទាំងឡាយណា ដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម។

ឯកឧត្ដម កឹមរ័ត្ន វិសិដ្ឋប្រឹក្សាភិបាល វ.ស.ស. បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាននិងអង្គការសង្គមស៊ីវិល ទាំងក្នុងខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅថ្នាក់មូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពនិងសុខុមាលភាពប្រជាពលរដ្ឋ។ លោកបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលបន្តយកចិត្តទុកដាក់និងចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ស្របតាមចក្ខុវិស័យនិងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៀត ដើម្បីបង្ហាញអំពីតម្លាភាព សុចរិតភាព និងការបង្កើនទំនុកចិត្តពីសំណាក់សាធារណជននិងម្ចាស់ជំនួយ ឯកឧត្ដមបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលបន្តគោរពច្បាប់ជាធរមាន ដើម្បីបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពយូរអង្វែង និងការអភិវឌ្ឍដោយចីរភាព។ ឯកឧត្ដមបានជំរុញឱ្យអង្គការសង្គមស៊ីវិលត្រូវតែពង្រឹងសាគ្គីភាពទាំងផ្នត់គំនិតនិងទស្សនៈ ព្រមទាំងត្រូវបង្កើនស្មារតីស្នេហាជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស ដើម្បីការពារឱ្យបាននូវឧត្តមប្រយោជន៍ជាតិ ក៏ដូចជាការការពារអធិបតេយ្យ និងបូរណភាពទឹកដី ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានពីសំណាក់ប្រទេសថៃ និងការប្រែប្រួលនៃវិបត្តិសេដ្ឋកិច្ច-នយោបាយសកល ក៏ដូចជាកត្តាភូមិសាស្រ្តនយោបាយក្នុងតំបន់។

នៅចុងបញ្ជាប់នៃកម្មវិធីតំណាងអង្គការសង្គមស៊ីវិលខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ បានរួមគ្នាចេញញត្តិគាំទ្ររាជរដ្ឋាភិបាល ដោយបានបង្ហាញអំពីឆន្ទៈគាំទ្រយ៉ាងមោះមុតប្រកបដោយទំនុកចិត្តខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យ និងឯករាជ្យភាព ក្រោមការដឹកនាំរបស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងប្តេជ្ញាបន្តចូលរួមគ្រប់កាលៈទេសៈជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍនៅព្រះរាជាណាចក្រកម្ពុជា។

មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាមក៏បានរួមចំណែកជាមួយរដ្ឋបាលខេត្តកំពង់ចាមក្នុងការអភិវឌ្ឍមូលដ្ឋានខេត្តកំពង់ចាម ក្នុងការអភិវឌ្ឍន៍សហគមន៍ និងធនធានយុវជនតាមរយៈគម្រងនានារបស់មជ្ឈមណ្ឌល និងការបង្កើតវេទិកាអប់រំក្រៅប្រព័ន្ធសម្រាប់យុវជនស្វែងយល់ពីប្រវត្តិសាស្រ្ត និងសិទ្ធមនុស្សផងដែរ។

Full report