ពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង
របាយការណ៍ដោយ ស្រេង លីដា
នៅល្ងាចថ្ងៃទី១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ បានរៀបចំពិធី ការប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ដែលបានរៀបចំនៅសាលប្រជុំសាលាស្រុក។
កម្មវិធីពិធីនេះមានការចូលរួមជាអធិបតីដោយ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដើម្បីស្វាគមន៍ និងប្រគល់ដីកាតែងតាំងមន្ត្រីថ្មីៗ ដែលត្រូវបានជ្រើសរើសចូលបម្រើការងារជាផ្លូវការ នៅក្នុងមុខតំណែងនានា គ្រប់ការិយាល័យរបស់រដ្ឋបាលស្រុក។
កម្មវិធីបានចាប់ផ្តើមដោយការចុះឈ្មោះអ្នកចូលរួម គោរពភ្លេងជាតិ បន្តស្វាគមន៍ដោយរបស់លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ។ បន្ទាប់មក គឺការអានដីកាតែងតាំង និងពិធីប្រគល់ដីកាជាផ្លូវការ ដោយអភិបាលខេត្ត ដែលធ្វើឲ្យកម្មវិធីមានភាពអធិកអធម ជាទីបំផុត។
មន្ត្រីដែលត្រូវបានតែងតាំងមានចំនួន ៧រូប ក្នុងនោះរួមមាន៖
១.លោក ប៊ុន វាសនា – នាយករងរដ្ឋបាល
២.លោក ព្រាប សារ៉េត – នាយករងរដ្ឋបាល
៣.លោក ចិន វុទ្ធី – អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន
៤.លោកស្រី ដេត ភុំផាន – អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម
៥.លោក សែង អែសនា – អនុប្រធានការិយាល័យធនធានមនុស្ស
៦.លោក ភោគ យីណា – អនុប្រធានការិយាល័យច្រកចេញចូលតែមួយ
៧.លោកស្រី សន ដាវី – អនុប្រធានអង្គភាពលទ្ធកម្ម។
មន្ត្រីទាំង ៧រូបបានបង្ហាញនូវ មតិប្ដេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់ក្នុងការចូលរួមជាអ្នកប្រតិបត្តិការងារសាធារណៈនាពេលឱកាសពិធីប្រកាសចូលកាន់មុខតំណែងជានាយករងរដ្ឋបាលសាលាស្រុក និងជាមន្ត្រីអង្គភាពជំនាញក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកថា ខ្ញុំបាទ នាងខ្ញុំ សូមប្តេជ្ញាចិត្តថា នឹងអនុវត្តតួនាទីការងាររបស់ខ្លួន ដោយមានទំនួលខុសត្រូវខ្ពង់ខ្ពស់ គោរពនិងអនុវត្តតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់រដ្ឋបាល ការណែនាំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅគ្រប់ដំណាក់កាល។
ខ្ញុំបាទ នាងខ្ញុំ នឹងខិតខំប្រឹងប្រែងជាទីបំផុតដើម្បីអភិវឌ្ឍន៍សេវាសាធារណៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ សហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជាប់ពាក់ព័ន្ធទាំងអស់ និងគោរពអនុវត្តគោលការណ៍នៃអភិបាលកិច្ចល្អ ដើម្បីនាំឲ្យមានសុខុមាលភាព និងការរីកចម្រើននៅតំបន់មូលដ្ឋាន។
ជាកិច្ចបន្ទាប់ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានឡើងថ្លែងតាមរយៈការចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ការតែងតាំងមន្ត្រីរាជការនៅក្នុងរចនាសម្ព័ន្ធរបស់ស្រុកបុរីអូរស្វាយ សែនជ័យនេះ ខ្ញុំសូមអបអរសាទរ និងជំរុញទឹកចិត្តដល់បងប្អូនមន្ត្រីរាជការទាំងអស់ ដែលទទួលបានតួនាទីថ្មី ដោយក្តីស្រឡាញ់ និងដោយស្មោះត្រង់ចំពោះភារកិច្ចវិជ្ជាជីវៈ។ ការតែងតាំងនេះ ជាការលើទឹកចិត្តនូវការខិតខំប្រឹងប្រែង របស់មន្ត្រីម្នាក់ៗ។ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនទាំងអស់បន្តស្មោះត្រង់ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការអនុវត្តការងារ ដើម្បីបំពេញបេសកកម្មសង្គម និងការផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋឲ្យបានប្រសើរឡើង។
ខ្ញុំសូមថ្លែងអំណរគុណជាខ្លាំងចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានបំពេញការងារយ៉ាងស្មោះត្រង់។ ខ្ញុំសូមចូលរួម អបអរសាទរដល់មន្ត្រីដែលទទួលបានមុខតំណែងថ្មី និងមន្ត្រីទាំងអស់ឲ្យជោគជ័យក្នុងការងារ។
Announcement Ceremony for the Appointment of Borei O’Svay Sen Chey District Officials
Photo by Sreng Lyda
July 8, 2025
Documentation Center of Cambodia Archives