នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តតាកែវ បានជួបជាមួយ លោក ង៉ែត សូដា ជានាយកមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត តាកែវ ដើម្បីពិភាក្សាពីការប្រើប្រាស់បន្ទប់ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម ដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានប្រគល់ឲ្យទាំងស្រុងកាលពីឆ្នាំ២០២១។ បុគ្គលិកយើង ក៏បាននាំយកទស្សនាវដ្តីស្វែងរកការពិតមួយចំនួន ដើម្បីដាក់តម្កល់ក្នុងការិយាល័យនេះ ទុកជាឯកសារសម្រាប់គរុសិស្សអាន និងស្រាវជ្រាវ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើតាមការឲ្យដឹងពីលោកនាយក ង៉ែត សូដា ថា ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម ត្រូវបានប្រើប្រាស់ជា៖
១) សាលប្រជុំប្រចាំសប្តាហ៍ និងប្រចាំខែបុគ្គលិក, គរុសិស្ស និងបើកទទួលភ្ញៀវក្រៅពីបុគ្គលិកសិក្សា និងគរុសិស្ស ចូលអាន និងប្រើប្រាស់។
២) សាលសម្រាប់ទទួលភ្ញៀវជាមន្ត្រីថ្នាក់ជាតិ និងក្រោមជាតិនានានៅក្រសួងអប់រំ យុវជន និងកីឡា។
៣) សាលសន្និសិទថ្នាក់ជាតិ និងក្រោមជាតិ ដែលមានការចូលរួមពីមន្ត្រី និងបុគ្គលិកសិក្សាមកពីគ្រប់កន្លែងក្នុងខេត្តតាកែវ។
បច្ចុប្បន្នភាពបន្ទប់ការិយាល័យ និងបរិវេណជុំវិញ៖
១) រចនាបទ និងការតាំងពិព័រណ៍ផ្សេងៗដែលបានរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា គឺស្ថិតនៅសភាពដើមដដែល។
២) ផ្ទាំងពិព័រណ៍រូបថតអចិន្ត្រៃយ៍ ស្ថិតនៅសភាពដើមដដែ។
៣) កៅអី, ទូរឯកសារ, រូបថត និង ម៉ាស៊ីនបញ្ចាំងស្លាយ ស្ថិតនៅសភាពដើម។
ទទួលភ្ញៀវចូលប្រចាំខែ និងការប្រើប្រាស់៖
១) ជារៀងរាល់ខែ បន្ទប់នេះ អាចទទួលភ្ញៀវ បានចន្លោះពី៣០នាក់ទៅ៤០នាក់។
២) រៀបចំការប្រជុំប្រចាំខែ និងសប្តាហ៍ ចំនួន៣ដងក្នុងខែនីមួយៗ។ ឧទាហរណ៍៖ លោកគ្រូនាយក បានប្រាប់ថា «កាលពីម្សិលមិញនេះ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បន្ទប់នេះបានរៀបចំឡើងសម្រាប់ការប្រជុំ ជាមួយគរុសិស្សចំនួន៣៤នាក់ (ស្រី១៤នាក់,ប្រុស២០នាក់)។»