វេទិកាថ្នាក់រៀន
ស្ដីពីការដោះស្រាយចម្ងល់សិស្សានុសិស្សអំពីប្រវត្តិសាស្រ្តខ្មែរក្រហម
របាយការណ៍សកម្មភាព
ការបរិច្ឆេទ៖ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥
ទីតាំង៖ ការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង
បង្រៀនដោយ៖ ផេង ពង្សរ៉ាស៊ី
របាយការណ៍ដោយ៖ ដារ៉ារដ្ឋ មេត្តា
ចំណាប់អារម្មណ៍សិស្សដោយ៖ ថុន ស្រីពេជ្រ
រូបថតដោយ៖ ថុន ស្រីពេជ្រ និង ដារ៉ាដ្ឋ មេត្តា
I. សេចក្ដីសង្ខេប
នៅវេលាម៉ោង២រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ សិស្សានុសិស្សថ្នាក់ទី១១ចំនួន៩នាក់(ស្រីចំនួន៦នាក់និងប្រុសចំនួន៣នាក់) មកពីវិទ្យាល័យ ហ៊ុន សែន កំពង់លាវ បានចូលរួមវេទិកាថ្នាក់រៀនពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង។ សិស្សានុសិស្សទាំងអស់ដែលមកកាន់ការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង ដើម្បី ឈ្វេងយល់ពេញមួយរបបខ្មែរក្រហម(១៩៧៥-១៩៧៩) ប៉ុន្តែដោយចំណាយពេលវេលាច្រើនពេក លោកគ្រូឧទ្ទេស ផេង ពង្សរ៉ាស៊ី បានលើកយកគោលនយោបាយ៨ចំណុច, ផែនការ៤ឆ្នាំ(១៩៧៧-១៩៨០) និង ផលប៉ះពាល់ក្រោយរបបខ្មែរក្រហម ដែលជាមេរៀនសង្ខេបអាចឱ្យសិស្សានុសិស្សយល់នូវព្រឹត្តិការណ៍ផ្សេងៗកើតឡើងនៅក្នុងរបបខ្មែរក្រហម ដើម្បីខ្លួនអាចមានចំណេះដឹងពីរបបខ្មែរក្រហមមុនចូលថ្នាក់ទី១២ និងឈានដល់ការប្រឡងថ្នាក់ជាតិ។ ជាលទ្ធផលសិស្សានុសិស្សទាំងអស់ ឬស្មើនឹង ១០០% មានចំណេះកើនឡើងពីរបបខ្មែរក្រហម និងភាគច្រើនលើសលុប ឬស្មើ ៩៣.៨១% មានចំណេះដឹងពីវិធីសាស្រ្តជាក់លាក់ក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា។
II. គោលបំណង
វេទិកាថ្នាក់រៀននេះមានគោលបំណងដូចខាង៖
-ឈ្វេងយល់បន្ថែមពីប្រវត្តិសាស្រ្តខ្មែរក្រហម និងដោះស្រាយចម្ងល់របស់សិស្សានុសិស្សពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តខ្មែរក្រហម។
-ផ្ដល់ឱ្យសិស្សានុសិស្សនូវការត្រិះរិះពិចារណាលើព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលបានកើតឡើង។
-ប្រើប្រាស់ចំណេះដឹងរបស់ខ្លួនដើម្បីចូលរួមទប់ស្កាត់អំពើប្រល័យពូជសាសន៍ឬអំពើប្រល័យពូជសាសន៍នាពេលអនាគត។
III. ដំណើរការសកម្មភាព
វេទិកាថ្នាក់រៀនពីរបបខ្មែរក្រហម ប្រព្រឹត្តទៅតាមកម្មវិធីដូចខាងក្រោម៖
បំពេញនូវកម្រងសំណួរមុនវេទិកាថ្នាក់រៀនចាប់ផ្ដើម។
គ្រូឧទ្ទេសពិភាក្សាជាមួយសិស្សានុសិស្សពីមេរៀនដែលសិស្សធ្លាប់បានដឹងនិងមេរៀនដែលសិស្សចង់ដឹងបន្ថែម។
ចាក់បញ្ចាំងភាពយន្តឯកសារ«កុមារកម្ពុជា» ជំនួយដល់សិស្សានុសិស្សកាន់តែយល់អំពីមេរៀន។
គ្រូឧទ្ទេសពន្យល់«និយមន័យអំពើប្រល័យពូជសាសន៍» និង «វិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍»។
បំពេញនូវកម្រងសំណួរក្រោយវេទិកាថ្នាក់រៀនដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង បានរៀបចំរួចជាស្រេច។
IV. សកម្មភាព
១).សិស្សានុសិស្សបំពេញកម្រងសំណួរមុនវេទិកាថ្នាក់រៀន៖(១០នាទី)
សិស្សានុសិស្សទាំងអស់ចំណាយរយៈពេល១០នាទី ដើម្បីបំពេញកម្រងសំណួរមុនវេទិកាថ្នាក់រៀនចាប់ផ្ដើម។ កម្រងសំណួរនេះធ្វើឡើងដើម្បីវាស់ស្ទង់ចំណេះដឹងសិស្សានុសិស្សអំពីមាតិកាប្រវត្តិសាស្រ្តខ្មែរក្រហម, និយមន័យអំពើប្រល័យពូជសាសន៍ និងវិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្រិតបុគ្គល គ្រួសារឬ សហគមន៍ និងប្រទេសជាតិ។
២).គ្រូឧទ្ទេសឈ្វេងយល់ពីចំណេះដឹងនិង ចម្ងល់សិស្សានុសិស្សពីប្រវត្តិសាស្រ្តខ្មែរក្រហម៖(៥នាទី)
បន្ទាប់ពីបានបំពេញកម្រងសំណួររួចរាល់ហើយ គ្រូឧទ្ទេសបានចំណាយពេលប្រមាណជា៥នាទី ដើម្បីពិភាក្សាជាមួយសិស្សានុសិស្សអំពីចំណេះដឹងពីមុនវេទិកាប្រវត្តិសាស្រ្តខ្មែរក្រហម។ សិស្សម្នាក់ឈ្មោះ ទេព ដានី បានឆ្លើយទៅកាន់គ្រូឧទ្ទេសថាខ្លួនចង់ដឹងពេញមួយរបបខ្មែរក្រហមដែលពីមុនមកខ្លួនបានដឹងតិចតួ ចប៉ុណ្ណោះពីរបបខ្មែរក្រហម។ គ្រូឧទ្ទេសបានឆ្លើយតបនូវការសំណូមពររបស់សិស្ស និងព្យាយាមយកគ្រប់ចំណុចនៅក្នុងរបបខ្មែរក្រហមមកពន្យល់ ប៉ុន្តែមិនអាចលើកយកមកលម្អិតក្នុងពេលនោះតែម្ដងបានទេដោយសារពេលវេលាមានកំណត់។ សិស្សទាំងអស់បានយល់ស្របពីគំនិតរបស់ ទេព ដានី ចង់ដឹងពេញមួយរបបខ្មែរក្រហម និងរង់ចាំស្ដាប់គ្រូឧទ្ទេសពន្យល់ពីមេរៀនតាមលំដាប់លំដោយ។
៣). គ្រូពន្យល់មេរៀនដែលសិស្សចង់ដឹង៖(១ម៉ោង និង២០នាទី)
លោក ផេង ពង្សរ៉ាស៊ី គឺជាគ្រូឧទ្ទេសបានចាប់ផ្ដើមមេរៀនដោយលើកពីប្រវត្តិសាស្រ្តខ្លីមុនរបបខ្មែរក្រហម ចាប់ផ្ដើមដើម្បីជាផ្លូវបង្ហាញឱ្យសិស្សានុសិស្សមានការយល់ដឹងទូលាយ។ ដោយសារប្អូនៗសិស្សានុសិស្សចង់ដឹងពីព្រឹត្តិការណ៍ក្នុងរបបខ្មែរក្រហមពេញមួយរបបខ្មែរក្រហម មិនមានពេលវេលាគ្រប់គ្រាន់ លោកគ្រូឧទ្ទេសបានសម្រេចចិត្ត លើកពីប្រវត្តិសាស្រ្តដោយសង្ខេប រួមមាន៖ គោលនយោបាន៨ចំណុច,ផែនការ៤ឆ្នាំ(១៩៧៧-១៩៨០),ផលវិបាកក្រោយរបបខ្មែរក្រហមដួលរលំ។
ផ្ដើមពីគោលនយោបាយ៨ចំណុចដោយសង្ខេបរបស់ខ្មែរក្រហម៖ ការជម្លៀសប្រជាជនចេញពីទីក្រុង ដោយមានមូលហេតុសំខាន់ៗចំនួន៣គឺ ខ្លាចអាមេរិកទម្លាក់គ្រាប់បែក, មិនមានស្បៀងអាហារគ្រប់គ្រាន់ដូច្នេះប្រជាជនត្រូវចេញទៅយកស្បៀងដោយខ្លួនឯង និង បោសម្អាតទីក្រុង។ ខណៈពេលនោះគ្រូឧទ្ទេសបានលើកជាសំណួរទៅកាន់សិស្ស តើមនុស្សប្រភេទណាគឺជាអ្នករងគ្រោះច្រើនជាងគេ? សិស្សខ្លះបានឆ្លើយថា អ្នកជំងឺ កូនក្មេង និងអ្នកមានចំណេះដឹង។ ការឆ្លើយរបស់សិស្សានុសិស្សត្រូវបានមួយផ្នែកប៉ុន្តែ មានចំណុចខ្វះខាតដែលគ្រូឧទ្ទេសត្រូវបំពេញបន្ថែម គឺមាន កូនក្មេង មនុស្សចាស់ ស្រ្តីមានផ្ទៃពោះ ឬស្រ្តីទើបសម្រាលកូនសរសៃខ្ចី និង អ្នកជំងឺ ជាដើម។ ចំណុចបន្ទាប់ ការលុបបំបាត់ទីផ្សារ រូបិយប័ណ្ណ ទ្រព្យសម្បត្តិឯកជន ប្រពៃណីសាសនា ទំនៀមទម្លាប់ និងបំផ្លាញសាលារៀន វត្តអារាម។ លោកគ្រូឧទ្ទេសបានបំផុសជាសំណួរ តើមូលហេតុអ្វីបានជាខ្មែរក្រហមមិនអនុញ្ញាតឱ្យមានចរាចរក្រដាសប្រាក់? សិស្សភាគច្រើនបានឆ្លើយថា ដោយសារខ្មែរក្រហមចង់លុបបំបាត់វណ្ណៈ ព្រោះលុយគឺជាប្រភពនូវការបែងចែករវាងអ្នកមាននិងអ្នកក្រ។ បន្តមកទៀត ការបង្កើតសហករណ៍ និងបង្កើនការដ្ឋានការងារ។ លោកគ្រូឧទ្ទេសបានពន្យល់អត្ថន័យអ្វីជាសហករណ៍ និង អ្វីជាការដ្ឋានការងារ ដើម្បីសិស្សងាយស្រួលយល់។ ការបំបិទសិទ្ធិសេរីភាពប្រជាជន គ្រូឧទ្ទេសបានលើកជាឧទាហរណ៍ ទៅកាន់សិស្សនិង លើកជាសំណួរ៖ ហេតុអ្វីបានជាខ្មែរក្រហមបំបិទសិទ្ធិសេរីភាពរបស់ប្រជាជន? ត្រង់ចំណុចនេះសិស្សហាក់បង្ហាញពីការយល់ឃើញរបស់ខ្លួនបានត្រឹមត្រូវ។ ចំណែកចំណុចចុងក្រោយរបស់គោលនយោបាយ៨ចំណុច ដែលគ្រូឧទ្ទេសបានលើកឡើងគឺ សម្លាប់អ្នកចេះដឹង និង អតីតទាហាន លន់ នល់ , បណ្ដេញជនជាតិជាតិ ចាម និង វៀតណាមចេញពីប្រទេស។ គ្រូឧទ្ទេសបានលើកជាសំណួរថា ហេតុអ្វីបានជាខ្មែរក្រហមសម្លាប់អ្នករដ្ឋការ លន់ នល់? សិស្សនាំគ្នាឆ្លើយថា គឺជាខ្មាំង។ គ្រូឧទ្ទេសបានបំពេញបន្ថែមថា ទាហាន លន់ នល់ បានសម្លាប់យោធាខ្មែរក្រហមជាច្រើន ពេលខ្លួនធ្វើសង្គ្រាមដណ្ដើមអំណាច ពីរបបសាធារណរដ្ឋខ្មែរ។ បន្តចូលដល់ផែនការ៤ឆ្នាំ(១៩៧៧-១៩៨០) គ្រូឧទ្ទេសបាននិយាយដោយសង្ខេប ផែនការបួនឆ្នាំ ដែលប្រទេសកម្ពុជាពឹងផ្អែកលើវិស័យកសិកម្ម ធ្វើឱ្យប្រជាជនកម្ពុជា ហូបមិនបានគ្រប់គ្រាន់ ធ្វើការងារហួសកម្លាំង ឈឺគ្មានថ្នាំព្យាបាល រហូតមនុស្សសម្លាប់ចំនួនពី១លាន៧សែនដល់២លាន២សែននាក់ក្នុងរបបខ្មែរក្រហម។ ក្រោយរបបខ្មែរក្រហម បន្សល់នូវក្មេងកំព្រា ធ្វើឱ្យប្រជាជនកម្ពុជាបែកបាក់គ្រួសារ និង មានគ្រាប់មីនពេញផ្ទៃប្រទេស។
៤). ការចាក់បញ្ចាំងខ្សែភាពយន្តឯកសារ៖(៦នាទីនិង២២វិនាទី)
លោកគ្រូឧទ្ទេសបានចាក់បញ្ជាំងខ្សែភាពយន្ត«កុមារកម្ពុជា» ដែលមានរយៈពេល៦នាទី និង ២២វិនាទី គឺជាជំនួយឱ្យសិស្សានុសិស្សទស្សនាដើម្បីកាន់តែយល់លើមេរៀនក្រោយរបបខ្មែរក្រហម។ បន្ទាប់ពីការចាក់បញ្ចាំងភាពយន្តឯកសារគឺការពិភាក្សាសំណួរ-ចម្លើយ។ សិស្សានុសិស្សបានលើកជាសំណួរដូចខាងក្រោម៖
o តើស្រូវដែលប្រជាជនខំធ្វើទទួលបានផលច្រើនយកទៅណា?
o តើខ្មែរក្រហមអាចទិញសព្វាវុធឬទេក្រៅពីគ្រឿងចក្រកសិកម្ម?
o តើដំណោះស្រាយទំនាក់ទំនងការទូតមានន័យដូចម្ដេច?
៥). បទបង្ហាញ«និយមន័យអំពើប្រល័យពូជសាសន៍ និងវិធីសាស្រ្តទប់ស្កាត់»៖ (១៥នាទី)
គ្រូឧទ្ទេសបានពន្យល់ពីនិយមន័យឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដោយសង្ខេបនិងផ្ដោតលើធាតុផ្សំសំខាន់ៗចំនួន៣គឺ(១)អំពើទាំងឡាយណាដែលរួមបញ្ជូលទាំងការសម្លាប់ ការជម្លៀស ការបំបែកបំបាក់ ការធ្វើទារុណកម្មនិងអំពើដទៃៗទៀតដែល (២)ប្រព្រឹត្តឡើងក្នុងគោលបំណងឬចេតនាគិតទុកជាមុនក្នុងការបំផ្លិចបំផ្លាញ(៣)ក្រុមជនជាតិ ជាតិពន្ធុ ពូជសាសន៍ឬសាសនា។ បន្ទាប់មក លោក ផេង ពង្សរ៉ាស៊ី បានលើកវិធីសាស្រ្តជាក់លាក់មួយដើម្បីរារាំងអំពើប្រល័យពូជសាសន៍កើតឡើងជាថ្មីម្ដងទៀត។ វិធីសាស្រ្តជាក់លាក់ទាំងនោះ សំដៅលើការអនុវត្តន៍របស់បុគ្គល គ្រួសារ ឬសហគមន៍ និងប្រទេសជាតិ។
V. លទ្ធផល
១). ការចូលរួមនិងលទ្ធផលសិក្សា
-សិស្សានុសិស្សចូលរួមចំនួន៩នាក់ (ស្រី=៦នាក់, ប្រុស=៣នាក់,ពិការភាព=គ្មាន)។
-សិស្សកើនចំណេះដឹងពីប្រវត្តិសាស្រ្តខ្មែរក្រហម ចំនួន៩នាក់ស្មើនឹង១០០%។
-សិស្សកើនចំណេះដឹងពីវិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍ ចំនួន ៨.៤៤ នាក់ ស្មើនឹង ៩៣.៨១%។
២) ចំណាប់អារម្មណ៍របស់សិស្ស (សូមអានខាងក្រោម)
VI. បញ្ហាប្រឈមដំណោះស្រាយ និងចំណេះដឹងថ្មី
១).បញ្ហាប្រឈម
– អ្នកគ្រូបន្ទុកថ្នាក់ផ្ដល់ព័ត៌មានឱ្យសិស្សានុសិស្សធ្វើដំណើរមកកាន់ការិយាល័យមជ្ឈមណ្ឌលឯកសារ កម្ពុជា ខេត្តព្រៃវែង ដើម្បីចូលរួមវេទិកាថ្នាក់រៀន ប៉ុន្តែអ្នកគ្រូភ្លេចផ្ដល់ព័ត៌មានមកកាន់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង។ ដូច្នេះធ្វើឱ្យក្រុមការងារមិនបានត្រៀមខ្លួនរង់ចាំទទួលសិស្សានុសិស្ស។
– សិស្សានុសិស្សមួយចំនួនតូចមិនបានយកប៊ិកសៀវមក ដើម្បីកត់ត្រាទោះគ្រូបន្ទុកថ្នាក់ផ្ដល់ព័ត៌មានមកចូលរួមវេទិកាថ្នាក់រៀនក៏ដោយ។
២).ដំណោះស្រាយ
– ទោះអ្នកគ្រូបន្ទុកថ្នាក់ផ្ដល់ព័ត៌មានយឺតមកក្រុមការងារ ខណៈសិស្សានុសិស្សបានមកដល់មុខការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជាក្ដីប៉ុន្តែក្រុមការងារនៅតែរៀបចំកម្មវិធីដោយរលូន ដោយសារកិច្ចការងារផ្សេងៗចាំបាច់ប្រើប្រាស់នៅក្នុងការបង្រៀនបានរៀបចំទុកជាមុន។
– ក្រុមការងារបានផ្ដល់នូវក្រដាសរ៉ាមនិង ប៊ិកដើម្បីសរសេរនិងប្រាប់សិស្សានុសិស្សដែលមិនបានយកប៊ិកសៀវភៅមក ត្រូវយកមកជាមួយប្រសិនមានឱកាសចូលរួមវេទិកាថ្នាក់រៀនលើកក្រោយ។
៣).ចំណេះដឹងថ្មី
– សិស្សានុសិស្សទាំងអស់បង្ហាញនូវការចង់សិក្សាឈ្វេងយល់ពីប្រវត្តិសាស្រ្តខ្មែរក្រហមទោះគ្រូឧទ្ទេសបានប្រាប់ថាចំណាយរយៈពេលយូរដើម្បីពន្យល់ដោយសង្ខេបពេញមួយរបបខ្មែរក្រហម។
– ទោះសិស្សានុសិស្សមិនបានដឹងច្រើនពីរបបខ្មែរក្រហម ប៉ុន្តែព្យាយាមឆ្លើយគ្រប់សំណួររបស់គ្រូឧទ្ទេស
– យកចិត្តទុកដាក់ស្ដាប់និងកត់ត្រានូវអ្វីដែលគ្រូឧទ្ទេសបានពន្យល់
– ធ្វើឱ្យក្រុមការងារបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ត្រៀមខ្លួនបំពេញការងារជានិច្ច និងសម្របខ្លួនតាមកាៈទេសៈ។
VII. សន្និដ្ឋាន
វេទិកាថ្នាក់រៀនដំណើរការបានរលូន ដឹកនាំដោយគ្រូឧទ្ទេសនិងមានការលើកជាសំណួរគ្រប់មេរៀនដើម្បីបំផុសឱ្យសិស្សានុសិស្សបានពិចារណានូវព្រឹត្តិការណ៍បានកើតឡើង។ សិស្សានុសិស្សគិតថា វេទិកាថ្នាក់រៀនគឺជាវេទិកាយ៉ាងសំខាន់ដើម្បីបំពេញបន្ថែមនូវចំណេះដឹងប្រវត្តិសាស្រ្តដែល ខ្លួនខ្វះខាត។
ខ្ញុំឈ្មោះ ទេព ដានី ភេទស្រី អាយុ១៥ឆ្នាំ គឺជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ហ៊ុន សែនកំពង់លាវ។ បន្ទាប់ពីខ្ញុំបានចូលរួមវេទិកាថ្នាក់រៀនរួច ខ្ញុំទទួលបានចំណេះដឹងទាក់ទងនឹង ព្រឹត្តិការណ៍របបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានកើតឡើងនៅឆ្នាំ១៩៧៥ មានការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ,មានការសម្លាប់អ្នកចេះដឹង អតីតទាហាន លន់ នល់ និងបណ្តេញជនជាតិវៀតណាម ជនជាតិចិនឱ្យចេញពីប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ខ្ញុំបានដឹងច្បាស់ពីទុក្ខលំបាករបស់ប្រជាជន ត្រូវបានរំលោភបំពាន បំបិទសិទ្ធិសេរីភាព និងត្រូវបានគាបសង្កត់ឱ្យធ្វើការហួសកម្លាំង។ មួយវិញទៀត សាសនាប្រពៃណី ទំនៀមទម្លាប់ លុយ ផ្សារ ទ្រព្យសម្បត្តិឯកជន ត្រូវបានលុបបំបាត់។ ទាក់ទងនឹងមេរៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ដែលលោកគ្រូបានបង្រៀន ខ្ញុំមានការចាប់អារម្មណ៍ និង ចងចាំជាងគេនៅត្រង់ចំណុច ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញមានមូលហេតុចំនួន៣គឺ៖ អាមេរិកទម្លាក់គ្រាប់បែក, ឱ្យប្រជាជនចេញទៅរកស្បៀងអាហារនៅតាមជនបទ និង បោសសម្អាតទីក្រុង។ ខ្ញុំយល់ថា ថាការសិក្សារៀនសូត្រពីប្រវត្តិសាស្ត្រខ្មែរក្រហម គឺអាចជួយទប់ស្កាត់របបប្រល័យពូជសាសន៍មិនឱ្យកើតឡើងវិញម្តងទៀតបាន។ វេទិកាថ្នាក់រៀននេះពិតជាមានសារសំខាន់ណាស់ ព្រោះបានធ្វើឱ្យយើងយល់ដឹងពីព្រឹត្តិការណ៍សំខាន់នានា ដែលបានកើតឡើង នៅក្នុងសម័យខ្មែរក្រហម។ ជាចុងក្រោយខ្ញុំមិនមានសំណូមពរអ្វីទេ ប៉ុន្តែខ្ញុំចង់ដឹងបន្ថែមទៀត ទាក់ទងនឹងរបបខ្មែរក្រហម និង ក្រោយរបបខ្មែរក្រហម ហើយខ្ញុំចង់សួរថា៖ ១) តើនៅពេលដែលសង្គ្រាម ឬរបបកម្ពុជាប្រជាធិបតេយ្យ បានបញ្ចប់ទៅ អ្នកដែលបានធ្វើជាកងទ័ពនៅសម័យខ្មែរក្រហម ត្រូវទទួលរងនូវការរើសអើង និង ទទួលរងនូវការស្អប់ខ្ពើមពីប្រជាជនកម្ពុជាដែរឬទេ? ២) នៅពេលដែលកើតមានរបបខ្មែរក្រហម តើសម្តេចតា និង សម្តេចយាយទ្រង់គង់នៅឯណា?
ខ្ញុំឈ្មោះ ផាត លីណា ភេទស្រី អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ហ៊ុន សែន កំពង់លាវ។ បន្ទាប់ពីខ្ញុំបានចូលរួមនៅក្នុងវេទិកាថ្នាក់រៀនរួច ខ្ញុំទទួលបានចំណេះដឹងទាក់ទងនឹងរបបខ្មែរក្រហមដូចជា បានដឹងពីការគ្រប់គ្រង, ដឹងពីតថភាពក្នុងសង្គម, ដឹងពីគុណវិបត្តិ ដឹងពីទុក្ខលំបាកវេទនារបស់ប្រជាជន ដឹងពីគោលនយោបាយរបស់ខ្មែរក្រហម, ដឹងពីការបិទសិទ្ធិសេរីភាព និងកាជម្លៀសប្រជាជន។ ចំពោះមេរៀនដែលលោកគ្រូ បានធ្វើបទបង្ហាញ ខ្ញុំមានការចំណាប់អារម្មណ៍ និងចងចាំមេរៀនត្រង់ចំណុច ក្រោយរបបខ្មែរក្រហមបញ្ចប់ បានបន្សល់ទុកនូវក្មេងកំព្រារាប់សែននាក់ គ្រាប់មីនរាប់សែនគ្រាប់ បែកបាក់សមាជិកគ្រួសារ និងភាពប្រះស្រាំនៅក្នុងសង្គម។ ខ្ញុំយល់ថា ការសិក្សារៀនសូត្រពីប្រវត្តិសាស្រ្តខ្មែរក្រហម ពិតជាជួយទប់ស្កាត់របបខ្មែរក្រហមមិនឱ្យកើតមានឡើងវិញម្ដងទៀត ព្រោះរបបនេះបានកើតឡើងដោយសារការរើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និងការប្រើអំពើហិង្សាជាដើម។ វេទិកាថ្នាក់រៀនមានសារសំខាន់ព្រោះ ដើម្បីបង្ហាញឱ្យមនុស្ស ជំនាន់ក្រោយបានយល់ដឹងពីការគ្របគ្រងបែបកុម្មុយនីសរបស់ ប៉ុល ពត បានសម្លាប់ប្រជាជនខ្មែរគ្នាឯងដោយមិនញញើតដៃ និងបង្ហាញពីទុក្ខវេទនារបស់ប្រជាជន ព្រមទាំងការដឹកនាំប្រទេសឱ្យធ្លាក់ដុនដាប ពិបាកនឹងស្ដារឡើងវិញ។ ជាចុងក្រោយ ខ្ញុំមានសំណូមពរឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជាបើកទូលំទូលាយដើម្បីឱ្យអ្នកចង់ដឹងពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តខ្មែរក្រហមបានទៅសិក្សាឈ្វេងយល់បន្ថែម។
ខ្ញុំឈ្មោះ សំណែល ម៉េងស័រ ភេទប្រុស អាយុ១៦ឆ្នាំ គឺជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ហ៊ុន សែនកំពង់លាវ។ បន្ទាប់ពីខ្ញុំបានចូលរួមនៅក្នុងកម្មវិធីវេទិកាថ្នាក់រៀនរួច ខ្ញុំទទួលបានចំណេះដឹងទាក់ទងរបបខ្មែរក្រហមបានច្បាស់ជាងមុន ដូចជាដឹងពីទុក្ខលំបាករបស់មនុស្សជំនាន់ខ្មែរក្រហមរងនូវការធ្វើទារុណកម្មគ្រប់បែបយ៉ាង និងត្រូវបង្ខំឱ្យធ្វើការងារហួសកម្លាំង ហើយប្រជាជនត្រូវបែកបាក់ពីសាច់ញាតិក្រុមគ្រួសារនិងឪពុកម្ដាយ។ ចំពោះមេរៀនប្រវត្តិសាស្ត្រខ្មែរក្រហម ខ្ញុំមានការចាប់អារម្មណ៍ និងចងចាំមេរៀនជាងគេ គឺការបង្ខិតបង្ខំឱ្យប្រជាជនចេញពីទីក្រុងភ្នំពេញ និងកាបង្ខំឱ្យប្រជាជនធ្វើការងារហួសកម្លាំង។ ការសិក្សាពីប្រវត្តិសាស្រ្តខ្មែរក្រហមបានជួយទប់ស្កាត់នូវរបបខ្មែរក្រហមមិនឱ្យកើតឡើងវិញម្ដងទៀត។ ខ្ញុំគិតថា វេទិកាថ្នាក់រៀនមានសារសំខាន់ណាស់ ព្រោះបានបង្រៀនឱ្យសិស្សានុសិស្ស និងក្មេងៗជំនាន់ក្រោយ សិក្សាឈ្វេងយល់ និងដឹងពីប្រវិត្តសាស្រ្តនៃរបបខ្មែរក្រហមដែលជារបបប្រល័យពូជសាសន៍កាន់តែច្បាស់ថែមទៀត។