Home / Post

Anlong Veng Peace Center: Visitors to Former Ta Mok House’s Museum

សូត្រ​ សារឿន​ ភេទ​ប្រុស​ អាយុ​៥៧ឆ្នាំ​ ធ្វើ​ដំណើរ​មក​ពី​ស្រុក​ស្វាយ​លើ​ ខេត្ត​សៀម​រាប​​ បាន​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​បន្ទាប់​ពី​បាន​មក​ទស្សនា​នៅ​សារមន្ទីរ​ផ្ទះ​តាម៉ុក​ ដូច​ត​ទៅ​ «​ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ស្រស់​ស្រាយ​ និង​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​បាន​មក​ទស្សនា​នៅ​ផ្ទះ​តាម៉ុក​។​ ពី​មុន​មក​​ ខ្ញុំ​ក៏​ធ្លាប់​បាន​ឮ​ឈ្មោះ​ល្បី​របស់​តាម៉ុក​ នៅ​តំបន់​អន្លង់​វែង​រួច​ហើយ​ដែរ​។​ ខ្ញុំ​ ក៏​ជា​មនុស្ស​ម្នាក់​ដែល​កើត​ទាន់​​របប​ខ្មែរ​ក្រហម​​ ខ្ញុំ​បាន​យល់​ដឹង​ពី​ការ​រស់​នៅ​ទុក្ខ​លំបាក​នា​ពេល​នោះ​ច្បាស់ ព្រោះ​ខ្ញុំ​បាន​ចូល​រួម​ធ្វើ​ការ​លើក​ទំនប់​ ជីក​ប្រឡាយ​ ​កាប់​ដី​ដំបូក​ធ្វើ​ជី​ដាក់​ស្រែ​ នា​ពេល​នោះ​។​ ប៉ុន្តែ​ ខ្ញុំ​យល់​ថា​រឿង​ជូរ​ចត់​ដែល​ធ្លាប់​បាន​ឆ្លង​កាត់​ពី​មុន​វា​បាន​កន្លង​ផុត​ទៅ​ហើយ​។​ ខ្ញុំ​ បាន​មក​ដល់​ទី​តាំង​ផ្ទះ​តាម៉ុក​នេះ​ ជា​លើក​ទី​មួយ​ក្នុង​ជីវិត​។​

តាម​ដែល​ខ្ញុំ​មើល​ឃើញ​ពី​ទិដ្ឋ​ភាព​នៅ​ជុំ​វិញ​ទី​តាំង​មួយ​នេះ​ ខ្ញុំ​គិត​ថា​តាម៉ុក​ ជា​មនុស្ស​ចូល​ចិត្ត​ធម្ម​ជាតិ​។​ នៅ​តំបន់​អន្លង់​វែង​ តាម៉ុក​ ពិត​ជា​មាន​ឈ្មោះ​ល្បី​ល្បាញមួយ​រូប​ដែល​ប្រជាជន​ទូ​ទាំង​ប្រទេស​កម្ពុជា​បាន​ស្គាល់​។​ លើស​ពី​នេះ​ ខ្ញុំ​ជឿរ​ថា​តា​ម៉ុក​រៀប​ចំធ្វើ​ផ្ទះ​បែប​នេះ​ ដោយ​សារ​គិត​ថា​ទៅ​ថ្ងៃ​អនាគតប្រាកដ​ជា​មាន​ប្រជាជន​ រួម​ទាំង​ភ្ញៀវ​ទេស​ចរណ៍​មក​ទស្សនា​នៅ​ផ្ទះ​មួយ​នេះ​។​ បើ​និយាយ​ទៅ​មនុស្ស​ពី​ជំនាន់​មុន​អ្នក​ដែល​ចេះ​អងក្សរ​រៀន​បាន​ជ្រៅ​ជ្រះ​គឺ​មាន​ការ​គិត​វែង​ឆ្ងាយ​ទៅ​ដល់​ថ្ងៃ​អនាគត​ មិន​ដូច​ការ​គិត​របស់​យុវជន​នាសម័យ​បច្ចុប្បន្ន​នេះ​ឡើយ​។​

បន្ថែម​ពី​នេះ​ ខ្ញុំ​ក៏​បាន​ដឹង​ដែរ​ថា​នៅ​តំបន់​អន្លង់​វែង​ ជា​តំបន់​មួយ​ដែល​មាន​បង​ប្អូន​អតីតកង​កម្លាំង​​ខ្មែរ​ក្រហម​រស់​នៅ​ ប៉ុន្តែ​ខ្ញុំ​គ្មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​មក​កំសាន្ត​នៅ​ទី​នេះ​នោះ​ទេ​ ព្រោះ​ខ្ញុំ​យល់​ថា​សុទ្ធ​តែ​ជា​ប្រជាជន​ខ្មែរ​តែ​មួយ​។​ បច្ចុប្បន្ន​នេះ​ ប្រជាជន​រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ ឃើញ​ថា​មាន​មុខ​របរ​ ការ​រក​ស៊ី​ជឿន​លឿន​ជាង​មុន​ឆ្ងាយ​ណាស់​ ស្ថាន​ភាព​ប្រជាជន​មើល​ទៅ​ឃើញ​ថា​មាន​ជីវភាព​ធូរ​ធារ​ ផ្ទះ​ធំៗ​ មាន​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​

សាង​ សង​ ភេទ​ស្រី​ អាយុ​៥៨ឆ្នាំ​ ធ្វើ​ដំណើរ​មក​ពី​ខេត្ត​សៀម​រាប​​ បានបង្ហាញ​នូវ​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​បន្ទាប់​ពី​បាន​ទស្សនា​នៅ​សារមន្ទីរ​ផ្ទះ​តាម៉ុក​ដូច​តទៅ​ «​ បន្ទាប់​ពី​ខ្ញុំ​បាន​ដើរ​មើល​រូប​ថត​នៅ​ក្នុង​ផ្ទះ​តាម៉ុក​រួច​មក​ ខ្ញុំ​បាន​ឃើញ​ពិព័រណ៍​រូប​ថត​ជា​ច្រើន​ដែល​ទាក់​ទង​អំពី​ការ​រស់​នៅ​ធ្វើ​ការ​ក្នុង​របប​ខ្មែរ​ក្រហម​។​ ​ខ្ញុំ​មក​ទស្សនា​នៅ​សារមន្ទីរ​ផ្ទះ​តាម៉ុក​នេះ​ជា​លើក​ទី​មួយ​ទេ​ ប៉ុន្តែ​មាន​អារម្មណ៍​ថា​ស្រស់​ស្រាយ​ ស្រឡះមុខ​មាត់​ ជា​មួយ​នឹង​ទេស​ភាព​ធម្ម​ជាតិ​នៅ​ទី​នេះ​។​

ខ្ញុំ​គ្មាន​ភាព​ភ័យ​ខ្លាច​នោះ​ទេ​ដែល​ធ្វើ​ដំណើរ​មក​កំសាន្ត​នៅ​ស្រុក​អន្លង់​វែង​ ខណៈ​ពេល​ដែល​មាន​ជម្លោះ​ព្រំ​ដែន​ជា​មួយ​ភាគី​ថៃ​ ព្រោះ​ខ្ញុំ​ជឿរ​ជាក់​ថា​គ្មាន​សង្គ្រាម​កើត​ឡើង​នោះ​ទេ​។​ សូម្បី​តែ​អារម្មណ៍​តក់​ស្លុត​ក៏​ខ្ញុំ​គ្មាន​សូម្បី​តែ​បន្តិច​​។​ នៅ​ទី​នេះ​ ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ​នោះ​គឺ​ សសរ​ផ្ទះ​របស់​តាម៉ុក​ ដែល​មាន​ទំហំ​ធំៗ​ ហើយ​មូល​អាច​បង្ហាញឲ្យ​ឃើញ​ថា​ សសរ​ផ្ទះ​នេះ​យក​មក​ដាក់​ទាំង​មូល​ ដោយ​បាន​មិន​ដាប់​ឲ្យ​ចេញ​ជា​រូប​រាង្គ​សសរ​ដូច​ផ្ទះ​ទូ​ទៅ​។​

Full report