CLASSROOM FORUM ON A STUDY OF A HISTORY OF DEMOCRATIC KAMPUCHEA (1975-1979)
Homework for Students: Q&A and Discussions on Khmer Rouge History.
July 2025
Activity Report
I. សេចក្តីសង្ខេប
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តតាកែវ បានរៀបចំវេទិកា ពិភាក្សាថ្នាក់រៀនមួយ ជាមួយសិស្សានុសិស្សកំពុងសិក្សានៅថ្នាក់ទី១២ ចំនួន១២នាក់ (ស្រី៤នាក់ និងប្រុស៨នាក់) មកពីវិទ្យាល័យ ជាស៊ីម តាកែវ។ វេទិកានេះ ផ្តោតសំខាន់លើការដោះស្រាយចម្ងល់សិស្ស និងការពិភាក្សាលើសំណួរចម្លើយមួយចំនួនស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម ដើម្បីជាជំនួយស្មារតីក្នុងការត្រៀខ្លួនសម្រាប់ការចូលរួមប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនាពាក់កណ្តាលខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។ វេទិកានេះ ត្រូវបានរៀបចំតាមសំណើរបស់សិស្ស ដើម្បីដោះស្រាយចម្ងល់ផ្សេងៗពីប្រវត្តិសាស្ត្រខ្មែរក្រហម។ បន្ទាប់ពីបានចូលរួមនៅក្នុងវេទិកានេះរួច សិស្សានុសិស្សទាំងអស់មានចំណេះដឹងកើនឡើងពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ការវាស់ស្ទង់ចំណេះដឹងនេះ ធ្វើឡើងតាមរយៈការផ្តល់ពេលវេលាឱ្យសិស្សបំពេញតារាងវាស់ស្ទង់ចំណេះដឹងមុនវេទិកា និងក្រោយវេទិកា។
II. គោលបំណង
វេទិកានេះ មានគោលបំណង៖
១) ពង្រឹងចំណេះដឹងសិស្សឱ្យកាន់តែប្រសើរឡើងពីប្រវត្តិសាស្ត្រខ្មែរក្រហម។
២) ដោះស្រាយចម្ងល់របស់សិស្សអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។
៣) ផ្តល់ការពិភាក្សាស៊ីជម្រៅពីកម្រងសំណួរមួយចំនួន ស្តីពីព្រឹត្តិការណ៍សំខាន់ៗដែលបានកើតមាននៅក្នុងរបបខ្មែរក្រហម។
៤) លើកទឹកចិត្តសិស្សឱ្យគិតពិចារណាពីវិធីសាស្ត្រទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគតនៅកម្ពុជា។
III. ដំណើរការសកម្មភាព
វេទិកានេះ ប្រព្រឹត្តទៅតាមកម្មវិធីដូចខាងក្រោម៖
– សិស្សបំពេញកម្រងសំណួរមុនពេលវេទិកាចាប់ផ្តើម។
– គ្រូពិភាក្សាជាមួយសិស្សពីចម្ងល់ដែលសិស្សចង់ដឹងបន្ថែមទៀតពីប្រវត្តិសាស្ត្រខ្មែរក្រហម
– គ្រូបង្ហាញពីកម្រងសំណួរមួយចំនួនអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងពិភាក្សាពីចម្លើយរបស់សំណួរនីមួយៗ។
– គ្រូចាក់បញ្ចាំងខ្សែភាពយន្តឯកសារស្តីពី «ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ»។
– គ្រូពិភាក្សាពីចម្ងល់របស់សិស្សស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។
– គ្រូពន្យល់ពី «និយមន័យនៃអំពើប្រល័យពូជសាសន៍» និង «វិធីសាស្ត្រទប់ស្កាត់អំពើប្រល័យពូជសាសន៍»។
– សិស្សបំពេញកម្រងសំណួរវាស់ស្ទង់ចំណេះដឹងក្រោយវេទិកា។
IV. សកម្មភាព
១) សិស្សបំពេញកម្រងសំណួរមុនវេទិកា៖ សិស្សទាំងអស់ចំណាយពេល១០នាទី ដើម្បីបំពេញកម្រងសំណួរមុនវេទិកាចាប់ផ្តើម។ កម្រងសំណួរនេះ ធ្វើឡើងដើម្បីវាស់ស្ទង់ចំណេះដឹងពីមុនរបស់សិស្សអំពីមាតិកាប្រវត្តិសាស្ត្រខ្មែរក្រហម, និយមន័យនៃអំពើប្រល័យពូជសាសន៍ និងវិធីសាស្ត្រទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្រិតបុគ្គល គ្រួសារឬសហគមន៍ និងប្រទេសជាតិ។
២) គ្រូពិភាក្សាជាមួយសិស្សពីចម្ងល់ដែលសិស្សចង់ដឹងបន្ថែមទៀតពីប្រវត្តិសាស្ត្រខ្មែរក្រហម៖ គ្រូបានទុកពេលវេលាដល់សិស្ស ឱ្យគិតពីចម្ងល់របស់ខ្លួនទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម។ បន្ទាប់មក គ្រូបានពិភាក្សាពីចម្ងល់ទាំងនេះទៅកាន់សិស្សទាំងអស់ក្នុងថ្នាក់។ សិស្សខ្លះបានប្រាប់ថា ខ្លួនពុំសូវមានចម្ងល់ច្រើនទេ ប៉ុន្តែគាត់ចង់បានការពន្យល់បន្ថែមអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។
៣) គ្រូបង្ហាញកម្រងសំណួរអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងពិភាក្សាអំពីចម្លើយនៃសំណួរទាំងនោះ៖ សិស្សានុសិស្ស នឹងសិក្សាស្វែងយល់បន្ថែមពីមាតិកាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ដោយផ្តោតសំខាន់លើការពិភាក្សាសំណួរចម្លើយ ដើម្បីត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។ នេះជាពេលវេលាសម្រាប់សិស្សទាំងអស់ ក្រេបជញ្ជក់ចំណេះដឹងបន្ថែមពីព្រឹត្តិការណ៍នៃប្រវត្តិសាស្ត្រខ្មែរក្រហម តាមរយៈការពិនិត្យមើលសំណួរ និងពិភាក្សារកចម្លើយដែលត្រឹមត្រូវ។ គ្រូបង្រៀនបានលើកយកសំណួរចំនួន១៦សំណួរមកពិភាក្សាជាមួយសិស្ស។ គ្រប់សំណួរទាំងអស់ សុទ្ធតែមានចម្លើយនៅពីក្រោមសំណួរ ប៉ុន្តែជាទម្រងនៃចម្លើយជ្រើសរើស។ សិស្សានុសិស្ស មានឱកាសជជែកនិងពិភាក្សាគ្នាពីចម្លើយដែលត្រឹមត្រូវជាមួយមិត្តរួមថ្នាក់។ នេះគឺជាវិធីសាស្ត្របង្កើនចំណេះដឹង និងការចងចាំដល់សិស្សអំពីចម្លើយរបស់សំណួរនីមួយៗ។
៤) គ្រូចាក់បញ្ចាំងខ្សែភាពយន្តឯកសារស្តីពី «ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ»៖ បន្ទាប់ពីការពិភាក្សាពីសំណួរចម្លើយរួចហើយ សិស្សានុសិស្សទាំងអស់ ទស្សនាខ្សែវីដេអូខ្លីមួយស្តីអំពីទិដ្ឋភាព និងខ្លឹមសារទាក់ទងនឹងការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ។ វីដេអូនេះ ជួយបង្កើនចំណេះដឹងថែមទៀតអំពីគោលនយោបាយមួយក្នុងចំណោមគោលនយោបាយចំនួន៨របស់ខ្មែរក្រហម គឺការជម្លៀសប្រជាជនចេញពីទីក្រុង។ សិស្សានុសិស្ស ក៏ត្រូវបានពន្យលពីដំណាក់កាលនៃការជម្លៀស និងមូលហេតុនៃការជម្លៀសប្រជាជនក្នុងដំណាក់កាលនីមួយៗ។
៥) គ្រូពិភាក្សាពីចម្ងល់របស់សិស្សស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម៖ មុនពេលបញ្ចប់ការសិក្សាផ្នែកប្រវត្តិសាស្ត្រខ្មែរក្រហម គ្រូបានផ្តល់ពេលវេលាប្រហែលកន្លះម៉ោងទៀតដល់សិស្ស ដើម្បីពិភាក្សាពីចម្ងល់ដែលនៅសេសសល់ និងចម្ងល់ដែលកើតចេញពីការយល់ដឹងបន្ថែមនៅក្នុងពេលពិភាក្សា។ ពុំមានសិស្សច្រើននាក់ទេ ដែលសួរសំណួរអំពីប្រវត្តិសាស្ត្រ លើកលែងតែសិស្សស្រីប្រុសពីរនាក់ប៉ុណ្ណោះដែលសួរទាក់ទងនឹងមេដឹកនាំខ្មែរក្រហម និងរបៀបរបបដឹកនាំរបស់អ្នកទាំងនោះក្នុងពេលគ្រប់គ្រងអំណាច។ សំណួរទាំងពីរនេះ ត្រូវបានដោះស្រាយរួចរាល់ ហើយអ្នកទាំងពីរបានទទួលស្គាល់ថា ខ្លួនមានចំណេះដឹងបន្ថែមទៀតពីចំណុចទាំងពីរនេះ។
៦) គ្រូពន្យល់ពី«និយមន័យ និងវិធីសាស្ត្រទប់ស្កាត់អំពើប្រល័យពូជសាសន៍»៖ បន្ទាប់ពីបានចំណាយពេលវេលាប្រហែលជាងមួយម៉ោងសម្រាប់ការសិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហមរួច សិស្សានុសិស្សទាំងអស់បានចំណាយពេលប្រហែលកន្លះម៉ោងទៀត ដើម្បីស្វែងយល់ពី «និយមន័យនៃអំពើប្រល័យពូជសាសន៍» និង «វិធីសាស្ត្រជាក់លាក់ស្តីពីការរារាំងអំពើប្រល័យពូជសាសន៍»។ ផ្នែកនេះ ជាផ្នែកដែលសំខាន់សម្រាប់ក្មេងៗជំនាន់ក្រោយក្នុងការត្រិះរិះពិចារណាពីថា តើខ្លួនរកវិធីបែបណាដើម្បីចូលរួមទប់ស្កាត់អំពើប្រល័យ ពូជសាសន៍នាពេលអនាគត។
៧) សិស្សបំពេញកម្រងសំណួរវាស់ស្ទង់ចំណេះដឹងក្រោយវេទិកា៖ នាទីចុងក្រោយសម្រាប់វេទិកាថ្នាក់រៀននៅវេលាព្រឹកនេះ គឺការវាស់ស្ទង់ចំណេះដឹងកើនឡើងរបស់សិស្ស។ អ្នកទាំងនោះ ត្រូវបានស្នើសុំឱ្យបំពេញតារាងវាស់ស្ទង់ចំណេះដឹងក្រោយវេទិកា ដើម្បីបង្ហាញពីលទ្ធផលនៃចំណេះដឹងសិស្ស។ គ្រូបានផ្តល់ពេលវេលាប្រមាណកន្លះម៉ោង ដើម្បីឱ្យសិស្សមានពេលវេលាសម្រាប់រៀបរាប់។ បន្ទាប់មក កម្រងសំណួរវាស់ស្ទង់នេះ ត្រូវបានប្រមូលដើម្បីវិភាគរកលទ្ធផល។
៨) សិស្សទទួលបានសម្ភារប្រើប្រាស់ និងឯកសារបន្ថែម៖ អាវយឺតមានស្លាកសញ្ញាមជ្ឈមណ្ឌលឯកសារកម្ពុជា ត្រូវបានចែកឱ្យសិស្សម្នាក់មួយដើម្បីទុកជាវត្ថុអនុស្សាវរីយ៍នៃការចូលរួមនៅក្នុងវេទិកា។ ក្រៅពីនេះ ឯកសារទស្សនាវដ្តីស្វែងរកការពិត លេខពិសេស ក៏ត្រូវបានចែកឱ្យសិស្សម្នាក់មួយច្បាប់ដែរ ដើម្បីទុកប្រើប្រាស់សម្រាប់ការស្រាវជ្រាវ។ សិស្សានុសិស្ស បានថតរូបទុកជាអនុស្សាវរីយ៍នៅពេលបញ្ចប់កម្មវិធីវេទិកាទាំងស្រុងនៅព្រឹកថ្ងៃដដែល។
VI. បញ្ហាប្រឈម និងដំណោះស្រាយ
សិស្សស្រីប្រុសពីរនាក់ បានស្នើសុំចេញទៅមុនម៉ោងបញ្ចប់ ក្រោមមូលហេតុទៅទទួលប្អូនចេញពីរៀននៅសាលាសាធារណៈ។ ការស្នើសុំនេះ គឺស្ថិតនៅក្នុងពេលដែលគ្រូកំពុងធ្វើបទបង្ហាញផ្នែកទីពីរគឺ «និយមន័យនៃអំពើប្រល័យពូជសាសន៍ និងវិធីសាស្ត្រទប់ស្កាត់អំពើនេះ»។ ការស្នើសុំនេះ ត្រូវបានអនុញ្ញាតពីគ្រូ ព្រោះថាមូលហេតុនៃការស្នើសុំគឺអាចទទួលយកបាន។ វេទិកានេះ បានបញ្ចប់នៅម៉ោងជាង១១ព្រឹក ហើយអ្នកទាំងពីរនឹងចំណាយពេលវេលាខ្លះទៀតសម្រាប់ការធ្វើដំណើរទៅទទួលយកប្អូនចេញពីសាលារៀនដែលនៅឆ្ងាយពីទីតាំងធ្វើវេទិកា។ ជាដំណោះស្រាយ កម្មវិធិវេទិកាថ្នាក់រៀនេះ គួរតែត្រូវបញ្ចប់នៅមុនម៉ោង១១ព្រឹក។
នាខ្ញុំឈ្មោះ ចំរុង សុកញ្ចនា អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ មកពីវិទ្យាល័យជាស៊ីម តាកែវ។ បន្ទាប់ពីខ្ញុំ បានចូលរួមពិភាក្សាសំនួរចម្លើយទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម នៅមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្ត តាកែវរួចមក ធ្វើឱ្យខ្ញុំបានដឹងពីរបបខ្មែរក្រហមច្រើនជាងមុន និងបានសិក្សាស្វែងយល់ពីការរស់នៅរបស់ប្រជាជនខ្មែរ ដែលស្ថិតក្រោមការដឹកនាំ របស់ ប៉ុល ពត។ ប្រជាជនខ្មែរត្រូវទទួលរងនូវទុក្ខវេទនា ហើយខ្មែរក្រហមបានធ្វើបាបប្រជាជនស្លូតត្រង់ និងបានសម្លាប់ប្រជាជនខ្មែរអស់ជាច្រើនលាននាក់។ ការរស់នៅក្នុងរបបខ្មែរក្រហមរយៈពេល ៣ឆ្នាំ៨ខែនឹង២០ថ្ងៃដូចស្លាប់ទាំងរស់។ ខ្ញុំមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ចំពោះសោកនាដកម្មមួយនេះ។ ដើម្បីចូលរួមទប់ស្កាត់របបខ្មែរក្រហម យើងត្រូវចេះស្រឡាញ់គ្នាទៅវិញទៅមក មិនត្រូវរើសអើងពូជសាសន៍ ធ្វើឱ្យប្រជាជនមានគំនិតចង់ចូលរួមកសាងប្រទេសជាតិ។ យើងត្រូវចូលរួមទប់ស្កាត់រាល់ការប្រើប្រាស់អំពើហិង្សា និងទប់ស្កាត់អំពើទាំងឡាយណាដែលជាអំពើប្រល័យពូជសាសន៍ និងប្រឆាំងមិនឱ្យមានការកកើតឡើងវិញនៅក្នុងប្រទេស។ ចុងបញ្ចប់ ខ្ញុំសូមសំណូមពរដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តតាកែវ នៅតែបន្តការបង្រៀនប្រវត្តិសាស្ត្រខ្មែរក្រហមទៀត និងផ្ដល់ឱកាសឱ្យសិស្សានុសិស្សជំនាន់ក្រោយ បានសិក្សាស្វែងយល់ពីរបបខ្មែរក្រហមឱ្យកាន់តែច្បាស់ និងចូលរួមទប់ស្កាត់ទាំងអស់គ្នា។
ខ្ញុំបាទឈ្មោះ សុខសុវណ្ណ វិបុល អាយុ ១៨ឆ្នាំ មកពីសាលាវិទ្យាល័យ ជាស៊ីម តាកែវ។
ការចូលរួមពិភាក្សាទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហមនៅមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តតាកែវ ធ្វើឱ្យខ្ញុំបានដឹងពីទុក្ខលំបាករបស់ប្រជាជនខ្មែរនាសម័យនោះ។ ខ្ញុំក៏បានដឹងថា ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ផងដែរ។ បន្ទាប់ពី ខ្មែរក្រហមឡើងកាន់អំណាចប្រជាជនត្រូវជួបប្រទះនូវទុក្ខលំបាក ហើយបានសម្លាប់ប្រជាជនស្លូតត្រង់អស់ជាច្រើនលាននាក់។ ការសិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហម អាចចូលរួមទប់ស្កាត់អំពើប្រល័យពូជសាសន៍បាន ព្រោះធ្វើឱ្យយុវជនបានយល់ដឹងអំពីផលប៉ះពាល់នៃការប្រព្រឹត្តិអំពើហិង្សា និងភាពសាហាវឃោឃៅក្នុងសម័យខ្មែរក្រហម ដើម្បីជួយឱ្យយុវជនជំនាន់ក្រោយ ដែលរស់នៅក្នុងសង្គមបច្ចុប្បន្ន បានដឹងពីផលវិបាកនាពេលសម័យនោះ ហើយរួមគ្នាទប់ស្កាត់តាមរយៈការសិក្សារៀនសូត្រ កុំឱ្យធ្លាក់ក្នុងអតីតកាលដែលមានភាពខ្មៅងងឹតបែបនោះជាថ្មីម្ដងទៀត។ ចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ដែលបានផ្ដល់ឱកាសឱ្យខ្ញុំបានចូលរួម និងបានដឹងពីសម័យខ្មែរក្រហមកាន់តែច្បាស់បន្ថែមទៀត។
ខ្ញុំបាទឈ្មោះ ចំរុង សុទិន្នបុត្រ អាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ មកពីវិទ្យាល័យជាស៊ីម តាកែវ។ បន្ទាប់ពី ខ្ញុំបានចូលរួមការពិភាក្សាសំនួរចម្លើយទាក់ទងប្រវត្តិសាស្ត្រខ្មែរក្រហម នៅមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្ត តាកែវ ធ្វើឱ្យខ្ញុំបានយល់ដឹងពីរបបខ្មែរក្រហមកាន់តែច្រើនជាងមុន និងបានសិក្សាស្វែងយល់ពីការរស់នៅរបស់ប្រជាជនកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ ប៉ុល ពត។ គាត់ទាំងអស់គ្នា ត្រូវទទួលរងនូវទុក្ខវេទនា ហើយរស់នៅដូចស្លាប់អស់រយៈពេល ៣ឆ្នាំ ៨ខែ នឹង២០ថ្ងៃ។ ខ្មែរក្រហមបានធ្វើបាបប្រជាជនស្លូតត្រង់ ហើយបានសម្លាប់ប្រជាជនអស់ជាច្រើនលាននាក់។ ដើម្បីចូលរួមទប់ស្កាត់អំពើប្រល័យពូជសាសន៍ យើងត្រូវចេះសាមគ្គីគ្នាទៅវិញទៅមក ចូលរួមប្រឆាំងអំពើហិង្សាក្នុងសង្គមជាតិ បំផុសគំនិតប្រជាជន មិនឱ្យមានការប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ ចូលរួមសាមគ្គី ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងទប់ស្កាត់រាល់អំពើទាំងឡាយណាដែលឈានដល់ការកើតមាននៃអំពើប្រល័យពូជាសាសន៍។ ចុងក្រោយ ខ្ញុំសូមឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជា ផ្ដល់ឱកាសឱ្យសិស្សានុសិស្សមកសិក្សាស្រាវជ្រាវកាន់តែច្រើន ដើម្បីចូលរួមទប់ស្កាត់របបនេះកុំឱ្យកើតឡើងវិញម្ដងទៀត។