Home / Post

Stung Treng Documentation Center: Cambodian Red Cross, Stung Treng Office, and Borei O’Svay-Sen Chey District, Providing Emergency Aid to Families Affected by Flood.

សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង និងរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ ចុះសួរសុខទុក្ខ និងផ្ដល់ជំនួយសង្រ្គោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកបុរីអូរស្វាយ សែនជ័យ

នារដូវវស្សានេះ ខេត្តស្ទឹងត្រែង ក៏ស្ថិតនៅក្នុងបណ្ដាខេត្ត ដែលមានផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងត្រូវមានការបង្កើនការប្រុងប្រយ័ត្នខ្ពស់។ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នេះ, ក្រោមការណែនាំ និងការចង្អុលបង្ហាញរបស់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង, លោក ម៉ែន គុង នាយករងរដ្ឋបាលខេត្តស្ទឹងត្រែង ប្រធានសហភាពសហព័ន្ធយុជជនកម្ពុជាខេត្តស្ទឹងត្រែង និងជាប្រធានលេខាធិការធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការសម្របសម្រួលផ្ទាល់របស់លោក លី មីណា អភិបាលនៃគណៈអភិបាលស្រុកបុរីអូរស្វាយ សែនជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារតែជំនន់ទឹកភ្លៀង ចំនួន៦គ្រួសារ ដែលរស់នៅកោះគគីរ និងកោះពេត្តា។ កោះគគីរ និងកោះពេត្តា គឺជាកោះនៃស្រុកបុរីអូរស្វាយ សែនជ័យ និងមានប្រជាជនរស់នៅប្រកបរបរ ជាកសិករ និងអ្នកនេសាទ។ ដោយហេតុថា កោះទាំងពីរ មានភូមិសាស្រ្តហ៊ំព័ទ្ធទៅដោយទន្លេមេគង្គ ដែលកម្ពស់ទឹកទន្លេកំពង់តែបន្តកើនឡើង, មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង ចូលរួមកិច្ចការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹង ក្នុងការផ្ដល់ការដឹកជញ្ជូនក្រុមការងារ និងសម្ភារៈ តាមរយៈទូកចម្លងសហគមន៍របស់ខ្លួន។

លោក ម៉ែន គុង តំណាងឲ្យឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង និងលោកលី មីណា អភិបាលនៃគណៈអភិបាលស្រុក បានចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនគ្រួសាររងគ្រោះដោយសារតែជំនន់ទឹកភ្លៀង ដែលរួមមាន៖ អង្ករ, ត្រីខកំប៉ុង, ទឹកស៊ីអ៊ីវ, មី, ក្រម៉ា, សារ៉ុង និងភួយ ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋនាគ្រាដ៏លំបាកនេះ។

បន្ថែមលើនេះទៀត ដោយមើលឃើញអំពីហានិភ័យខ្ពស់ដែលនៅតែអាចកើតមានឡើង បណ្ដាលមកពីការបន្តកើនឡើងកម្ពស់ទឹកទន្លេមេគង្គ, ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង, រដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ និងមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង បានរុះរើ និងដឹកជញ្ចូនលំនៅដ្ឋាន និងប្រជាពលរដ្ឋ ចេញផុតពីតំបន់ហានិភ័យ ទៅទីកន្លែងមានសុវត្ថិភាព។

ស្របពេលដែលស្ថានភាពទឹកជំនន់នៅតែបន្តកើតមានឡើង, មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង ត្រៀមលក្ខណៈរួចជាស្រេចដើម្បីផ្ដល់កិច្ចសហការណ៍ជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ ក្នុងសកម្មភាពមនុស្សធម៌នានាសម្រាប់ប្រជាជនដែលងាយរងគ្រោះ។

Stung Treng Documentation Center: Cambodian Red Cross, Stung Treng Office, and Borei O’Svay-Sen Chey District, Providing Emergency Aid to Families Affected by Flood.
July 23, 2025
Report and photo by Sreng Lyda
Documentation Center of Cambodia Archives

Full report