មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
(សាខាខេត្តកំពត)
រសៀលម៉ោង២:០០ ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម សាខាខេត្តកំពត អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបួនរូប ក្នុងនោះមានបុរសពីរនិងស្ត្រីពីរ រស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានអញ្ជើញមកទស្សនកិច្ចមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។ ក្នុងពេលកំពុងទស្សនកិច្ច លោក ផាត ពន្លក ជាបុគ្គលិកនៃមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម បានទទួលដោយការគួរសមនិងរីករាយរ៉ាក់ទាក់ ហើយព្រមទាំងជួយផ្តល់អំពីព័ត៌មានទាក់ទិនការថែទាំសុខភាពសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជូនដល់គាត់ផងដែរ។ ម៉្យាងទៀត យើងបានបានបង្ហាញជូនដល់គាត់អាននូវសៀវភៅប្រវត្តិសាស្រ្តកម្ពុជាមួយចំនួន ដែលមានដូចជា៖ សៀវភៅប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ សៀវភៅទស្សនាវដ្តីស្វែងរកការពិតបោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រមទាំងសៀវភៅប្រវត្តិសាស្រ្តកម្ពុជាមួយចំនួនផ្សេងទៀតដែលមានប្រមាណជិត៣០០ក្បាល ដែលកំពុងបានរក្សាទុកនៅក្នុងបណ្ណាល័យនៃមជ្ឈមណ្ឌលសម្រាប់ជូនដល់សាធារណជនអានក្នុងសមគមន៍។
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងបួនរូប មានឈ្មោះដូចខាងក្រោម៖
១. ជ្រី វណ្ណា ភេទស្រី អាយុ៦៥ឆ្នាំ សព្វថ្ងៃខ្ញុំរស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។
២. ឈូក សុផាត ភេទស្រី អាយុ៦៥ឆ្នាំ សព្វថ្ងៃខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។
៣. ហង្ស ក្រឹម ភេទប្រុស អាយុ៦០ឆ្នាំ សព្វថ្ងៃខ្ញុំរស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។
៤. ឈូក ធិញ ភេទប្រុស អាយុ៦០ឆ្នាំ សព្វថ្ងៃខ្ញុំរស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។
ក្នុងពេលជាមួយគ្នានេះដែរ លោកផាត ពន្លក បានផ្តល់ជូនព័ត៌ខ្លីៗបឋមតាមរយនៃការអានជូនអំពីកម្មវិធីថែទាំសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដោយស្រង់ខ្លឹមសារចេញពីកូនសៀវភៅថែទាំសុខភាពបានបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងឆ្នាំ២០២៣ ហើយព្រមទាំងផ្តល់ជានូវព័ត៌មានទាក់ទិននឹងប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យដោយយោងចេញពីការអានសៀវភៅដែលមានក្នុងបណ្ណាល័យនៃមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។
ជាពិសេសក្នុងពេលទស្សនកិច្ចនេះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងបួនរូបក៏បានបង្ហាញពីអារម្មណ៍រំភើបនិងសេចក្តីរីករាយយ៉ាងខ្លាំងចំពោះការផ្តល់នូវព័ត៌មាននៃការចែករំលែកចំណេះដឹងបឋមស្តីអំពីការថែទាំសុខភាព របស់ខ្លួនប្រចាំថ្ងៃ។
ម៉្យាងទៀត គាត់បានចាប់អារម្មណ៍ថា៖ ការប្រមែប្រមូលផ្ដុំនូវសៀវភៅប្រវត្តិសាស្រ្តកម្ពុជានិងឯកសារនានាស្តីពីរបបខ្មែរក្រហមដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺបានបង្កើនចំណេះនឹងការយល់ដឹងបន្ថែមសម្រាប់អ្នករស់នៅសេសសល់ពីអតីតកាលនៃប្រទេសកម្ពុជា។ ការអានសៀវភៅមិនត្រឹមតែជួយឲ្យគេចងចាំអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំបានជួយបង្កើនការយល់ដឹងអំពីការវិត្តន៍នៃសង្គមកម្ពុជា ហើយក៏ជាមូលដ្ឋានគ្រឹះមួយសម្រាប់ជួយដល់ភាពរសះស្បើយនៃបញ្ហាផ្លូវចិត្តផងដែរ។ អ្នកចូលរួមម្នាក់ក៏បានបង្ហាញពីការភ្ញាក់ផ្អើលនិងរីករាយក្នុងការអានសៀវភៅដែលពោរពេញទៅដោយការពិតពីប្រវត្តិសាស្រ្ត និងបានឃើញផែនទីភូមិសាស្រ្តនៃរបបខ្មែរក្រហម។ ការបង្រៀនអំពីការថែទាំសុខភាពផ្ទាល់ខ្លួននិងផ្លូវចិត្ត គឺបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់អ្នករស់រានមានជីវិតពីសម័យសង្រ្គាម។ ការផ្តល់ព័ត៌មានអំពីការថែទាំសុខភាពនេះ គឺបានការផ្តល់ចំណេះដឹងសម្រាប់ការបង្កើនទំនុកចិត្តលើសុខភាពរបស់ខ្លួន ដើម្បីការរស់នៅប្រកបដោយមានសុវត្ថិភាព។ ក្នុងបរិយាកាសដ៏ស្រស់ស្អាតនិងស្ងប់ស្ងាត់ ហើយពោរពេញដោយធម្មជាតិ បែបនេះ អ្នកចូលរួមមានអារម្មណ៍សុខភាពផ្លូវចិត្ត អាចផ្ដោតអារម្មណ៍លើការសិក្សាបានល្អ និងមានអារម្មណ៍សាមគ្គីភាពនៃសម្ព័ន្ធភាពផ្លូវចិត្តនិងការយល់ចិត្តគ្នាទៅវិញទៅមក សម្រាប់ក្នុងសហគមន៏ភូមិបាក់នឹមផងដែរ។
June 13, 2025
Photo and Report by Phat Punlok
Documentation Center of Cambodian Archives