Home / Post

Veal Veng Reconciliation Center: សកម្មភាពក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងចុះសួរសុខទុក្ខ និងសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើដំណើរទៅកាន់ភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានចម្ងាយប្រមាណ៧គីឡូម៉ែត្រពីមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងចុះទៅភូមិទំព័រក្នុងគោលបំណងសួរ សុខទុក្ឋ និងស្តាប់រឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ជាពិសេសបញ្ហាសុខភាពរបស់អ្នករស់រានមានជីវិត។

ក្រុមការងារបានជួបសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៥នាក់ដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ ង៉ែត វណ្ណ ភេទស្រី អាយុ៧០ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ ។ ខ្ញុំមានស្រុកកំណើតនៅភូមិភី ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្នរស់នៅភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានប្ដីឈ្មោះ ជ័យ ម៉ឹង (ស្លាប់២០១៤ ដោយសារជំងឺលើសឈាម)។ ខ្ញុំមានកូនចំនួន៦នាក់ (ប្រុស៣នាក់ ស្រី៣នាក់) កូនរបស់ខ្ញុំមានគ្រួសារអស់ហើយ។ ខ្ញុំមានឪពុកឈ្មោះ ហង្ស នន (ស្លាប់) និងម្ដាយឈ្មោះ អ៊ូច យ៉ង (ស្លាប់ក្នុងឆ្នាំ១៩៧២ ដោយសារការទម្លាក់គ្រាប់បែករបស់ទាហានអាមេរិកកាំង)។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់(ប្រុស១នាក់ ស្រី៥នាក់) បងប្អូនខ្ញុំបានទទួលមរណៈភាពចំនួន៣នាក់(ប្រុស១នាក់ ស្រី២នាក់) ប្អូនស្រីទី២ឈ្មោះ ង៉ែត លន ស្លាប់ដោយសារជំងឺក្រពះពោះវៀន ប្អូនស្រីទី៣ឈ្មោះ ង៉ែត ឃុន ស្លាប់ដោយសារជំងឺគ្រុនចាញ់ និងប្អូនប្រុសទី៤ ស្លាប់ដោយសារជំងឺរបេង។ ខ្ញុំជាកូនទី១នៅក្នុងគ្រួសារ។ ។
កាលពីក្មេងខ្ញុំមិនបានចូលរៀនទេ ដោយសារតែប្រទេសធ្លាក់ចូលក្នុងសង្រ្គាម បន្ទាប់ពីលោកសេនាប្រមុខលន់ នល់បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេច នរោត្ដម សីហនុ នៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ។ នៅអំឡុងពេលនោះភូមិរបស់ខ្ញុំមិនទាន់មានហេតុការណ៍អ្វីកើតឡើងទេ ប្រជាជនអាចប្រកបរបរធ្វើស្រែបានធម្មតា។
លុះឆ្នាំ១៩៧២ ពេលដែលម្ដាយខ្ញុំកំពុងស្ទូងនៅក្នុងស្រែ ទាហានអាមេរិកកាំងបានបើកយន្តហោះជាច្រើនគ្រឿងមកទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់នៅក្នុងភូមិដែលខ្ញុំរស់នៅ។ បន្ទាប់ពីឮសម្លេងគ្រាប់បែកផ្ទុះឡើងជាបន្តបន្ទាប់ ម្ដាយខ្ញុំនិងប្រជាជនចំនួន១៤នាក់ទៀត ដែលកំពុងតែស្ទូងនៅក្នុងស្រែបាននាំគ្នារត់ចេញពីក្នុងស្រែសំដៅមកត្រង់សេដើម្បីលាក់ខ្លួន។ ប៉ុន្តែជាអកុសល ពេលរត់ឆ្លងផុតស្រែមួយម្ដាយខ្ញុំត្រូវបានអំបែកគ្រាប់បែកបេ៥២ ខ្ទាតចំក្បាលបណ្ដាលឲ្យស្លាប់នៅក្នុងវាលស្រែ។ បន្ទាប់ពីស្ងប់ស្ងាត់ការទម្លាក់គ្រាប់បែក ឪពុកខ្ញុំបានទៅយកសពម្ដាយខ្ញុំចេញពីវាលស្រែ ដើម្បីយកមកបូជាតាមប្រពៃណីខ្មែរ។ បន្ទាប់ពីម្ដាយបានស្លាប់ខ្ញុំជាមួយឪពុកបានបន្តធ្វើការងារស្រែចម្ការជាធម្មតា។
នៅឆ្នាំ ១៩៧៤ កងទ័ពខ្មែរក្រហមចាប់ផ្ដើមចូលមកឃោសនាក្នុងភូមិប្រាប់ឲ្យប្រជាជនងើបឡើង ដើម្បីរួមកម្លាំងគ្នាតស៊ូវាយផ្ដួលរលំរបបលោកសេនាប្រមុខលន់ នល់។ បន្ទាប់ពីមានប្រជាជនចូលរួមច្រើនមានទាំងប្រុស មានទាំងស្រី ខ្ញុំបានស្ម័គ្រចិត្តចូលធ្វើជាកងនារីខ្មែរក្រហម ដែលមានទីតាំងនៅក្នុងភូមិ។ បន្ទាប់មកក្រុមគ្រួសារខ្ញុំ និងប្រជាជនជាច្រើនត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិភី ដើម្បីឲ្យទៅរស់នៅក្នុងខេត្តកោះកុង។ បន្ទាប់ពីជម្លៀសគ្រួសារខ្ញុំមិនបានប៉ុន្មានថ្ងៃ ខ្ញុំត្រូវបានកងទ័ពខ្មែរក្រហមបញ្ជូនទៅតាមក្រោយ។ ពេលទៅដល់ខេត្តកោះកុង ខ្ញុំត្រូវបានជ្រើសរើសឲ្យចូលធ្វើពេទ្យនៅក្នុងកងពលទី៣ ដែលគ្រប់គ្រងដោយ តា នៅ និងប្រធានពេទ្យឈ្មោះ ស៊ឹង។ សម្រាប់ការងាររបស់ខ្ញុំគឺត្រូវចាក់ថ្នាំឲ្យអ្នកជំងឺ ដាំបាយឲ្យអ្នកជំងឺ លាងរបួសឲ្យអ្នកជំងឺ និងថែទាំអ្នកជំងឺ។ អ្នករបួសដែលបញ្ជូនយកមកសម្រាកព្យាបាលនៅក្នុងកងពលទី៣ភាគច្រើនជាកងទ័ពដែលត្រូវរបួស ពេលវាយតតាំងជាមួយកងទ័ពលោកសេនាប្រមុខលន់ នល់ ព្រំដែនខេត្តកោះកុង។
នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបាន តា នៅ រៀបចំឲ្យមានគ្រួសារ។ បន្ទាប់ពីរៀបចំរួច ខ្ញុំបានសម្រចចិត្តឈប់ពីពេទ្យ ហើយត្រូវបាន តា នៅ ផ្លាស់ឲ្យមកធ្វើស្រែជាមួយប្រជាជននៅក្នុងភូមិធ្នុង។ ចំណែកប្ដីរបស់ខ្ញុំត្រូវបាន តា នៅ បញ្ជូនទៅធ្វើការងារខាងសេដ្ឋកិច្ចវិញ លុះពេលយប់បានអាចមកស្នាក់នៅជាមួយគ្នាបាន។ បន្ទាប់ពីប្រមូលផលស្រូវរួចរាល់ ខ្ញុំនិងប្រជាជនជាច្រើនត្រូវបាន តា នៅ ផ្លាស់ចេញពីភូមិធ្នុង ដើម្បីឲ្យទៅជីកប្រឡាយលើកជាទំនប់នៅភូមិកណ្ដោល ដែលគ្រប់គ្រងដោយឈ្មោះ ស៊ូ។ ពេលលើកទំនប់នៅក្នុងភូមិកណ្ដោល ខ្ញុំមានការលំបាកជាខ្លាំង ព្រោះការងារត្រូវបាន ស៊ូ កៀបសង្កត់មិនសូវឲ្យសម្រាក និងអាហារហូបចុកមិនបានគ្រប់គ្រាន់។ បន្ទាប់ពីលើកទំនប់នៅភូមិកណ្ដោលបានរយៈពេល៣ខែ ខ្ញុំនិងប្រជាជនទាំងអស់ត្រូវ ស៊ូ ផ្លាស់ចេញពីភូមិកណ្ដោល បញ្ជូនឲ្យទៅធ្វើស្រែចម្ការនៅឃុំត្រពាំងរូង ដែលស្ថិតក្នុងខេត្តកោះកុង ដែលគ្រប់គ្រងដោយ អ៊ួន យ៉ង។ ពេលផ្លាស់មកធ្វើស្រែចម្ការនៅឃុំត្រពាំងរូង ខ្ញុំអាចធ្វើស្រែចម្ការទុកហូបខ្លួនឯងផង និងផ្គត់ផ្គងឲ្យកងទ័ពផង។
នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយចូលមកដល់ឃុំត្រពាំងរូង ដោយឃើញកងទ័ពវៀតណាមមានកម្លាំងច្រើនមិនអាចតប់ទល់បាន លោក អ៊ួន យ៉ង បានប្រាប់ខ្ញុំនិងកងទ័ពទាំងអស់ឲ្យរត់ចេញពីឃុំត្រពាំងរូងទៅស្នាក់នៅសារ៉ាមពោធិ៍បឹងបណ្ដោះអាសន្ន។ ខ្ញុំស្នាក់នៅសារ៉ាមពោធិ៍បឹងបានរយៈពេល៣ខែ ត្រូវបានផ្លាស់បន្តទៅរស់នៅព្រំដែនថ្មដា ដែលមានព្រំប្រទល់ជាប់ព្រំដែនថៃ។ បន្ទាប់ពីទទួលដំណឹងថាកងទ័ពវៀតណាមបានដឹកនាំកម្លាំងចូលមកវាយនៅព្រំដែនថ្មដា ដោយឃើញសភាពការណ៍មិនសូវស្រួលខ្ញុំបានរត់ចេញពីព្រំដែនថ្មដាទៅរស់នៅជំរុំសាយខេ ដែលមានទីតាំងនៅក្នុងដីថៃ។
នៅឆ្នាំ១៩៨០ ខ្ញុំនិងកងទ័ពខ្មែរក្រហមដែលរស់នៅជំរុំសាយខេ ត្រូវបាន អ៊ួន យ៉ង ដឹងនាំចេញពីជំរុំឲ្យមករស់នៅស្រុកសំឡូត ខេត្តបាត់ដំបងវិញ ហើយបានចូលរួមជាមួយកងពលទី៣ ដែលគ្រប់គ្រងដោយ អ៊ួន យ៉ងដដែរ។ ពេលផ្លាស់មករស់នៅស្រុកសំឡូតខ្ញុំបានរៀបការជាមួយប្ដីម្នាក់ទៀតឈ្មោះ ជ័យ ម៉ឹង (ប្រធានពេទ្យនៅក្នុងកងពលទី៣) ពីព្រោះតែប្ដីខ្ញុំមុនបានឈឺស្លាប់ដោយសារជំងឹគ្រុនចាញ់នៅក្នុងភូមិថ្មស ឃុំអណ្ដូងទឹក ស្រុករុក្ខគីរី ខេត្តកោះកុង។
នៅឆ្នាំ១៩៩១ កងពលទី៣ ត្រូវបានផ្លាស់ចេញពីស្រុកសំឡូតឲ្យមករស់នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពេលចូលមករស់នៅវាលវែង ខ្ញុំនិងប្ដីបានចាប់ដីនៅភូមិទំព័រ ដើម្បីសាងសង់ផ្ទះសម្រាប់រស់នៅ។ ពេលចូលមករស់នៅភូមិទំព័រខ្ញុំនិងប្ដីមានការលំបាកជាខ្លាំង ព្រោះនៅក្នុងភូមិសំបូរទៅដោយមីន ប្រជាជនមួយចំនួនធំបានស្លាប់ដោយសារជំងឺគ្រុនចាញ់ ព្រោះតែគ្មានព្យាបាល។ បន្ទាប់ពីសមាហរណកម្មខ្ញុំនិងប្ដីបានរស់នៅភូមិទំព័រដោយប្រកបរបរធ្វើស្រែចម្ការរហូតមកដល់សព្វថ្ងៃ៕
សង្ខេបដោយ៖ ចាន់ ណារិទ្ធ

កំពុងសិលា ហើយបានបោះទីតាំងឈរជើងនៅកំពង់សិលា។
នៅឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយរំដោះបានទីក្រុងភ្នំពេញ ហើយទទួលបានជ័យជម្នះទៅលើកងទ័ពលោកសេនាប្រមុខលន់ នល់។ បន្ទាប់ពីទទួលបានជ័យជម្នះកងតំបន់៣៣ ត្រូវបានផ្លាស់ចេញពីកំពង់សិលាមកដងទុង ខេត្តកោះកុង ដើម្បីឲ្យចូលរួមជាមួយមន្ទីរវរសេនាធំលេខ១២ ដែលគ្រប់គ្រងដោយ តា នៅ ។ សម្រាប់ការងារដែលខ្ញុំត្រូវធ្វើគឺត្រូវល្បាតតាមសមុត្រមិនឲ្យប្រជាជនថៃនេសាទខុសច្បាប់ ធ្វើស្រែចម្ការ និងការពារថ្នាក់ដឹកនាំពេលចុះទៅណាម្ដងៗ។ សម្រាប់ការហូបរបស់ខ្ញុំគឺហូបបានគ្រប់គ្រាន់មិនមានការខ្វះខាតអ្វីទេ។

នៅឆ្នាំ១៩៧៦ តា នៅ បានជ្រើសខ្ញុំនិងកងទ័ពចំនួន១០០នាក់ ដើម្បីបញ្ជូនឲ្យទៅការពារនៅកោះស្រឡៅ។ ពេលទៅដល់កោះស្រឡៅ ខ្ញុំមានតួនាទីល្បាតជុំវិញកោះមិនឲ្យមានការនេសាទខុសច្បាប់ និងដាំដំណាំនៅលើកោះ។ នៅឆ្នាំ១៩៧៧ ដល់ ឆ្នាំ១៩៧៨ តា នៅ ត្រូវបានថ្នាក់លើចោទប្រកាន់ថាក្បត់រួចចាប់យកទៅសម្លាប់។ បន្ទាប់ពី តា នៅ បានស្លាប់កងទ័ពទាំងអស់ដែលការពារនៅកោះស្រឡៅ ត្រូវបានថ្នាក់លើបញ្ជូនតាមកាណូតទៅជ្រោយប្រស់ ខេត្តកោះកុង ដែលគ្រប់គ្រងដោយ អ៊ួន យ៉ង់។ ពេលទៅដល់ជ្រោយប្រស់ ខ្ញុំត្រូវបាន អ៊ួន យ៉ង់ ចាត់តាំងឲ្យនៅយាមឃ្លាំងគ្រាប់ និងផ្លាស់ប្ដូរធ្វើស្រែចម្ការ។
នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានដឹកនាំកម្លាំងវាយចូលមកដល់ជ្រោយប្រោះ។ ពេលនោះ អ៊ួន យ៉ង់ បានបញ្ជាឲ្យកងទ័ពទាំងអស់ប្រមូលកម្លាំង ដើម្បីទប់ទល់ជាមួយកងទ័ពវៀតណាម ដោយកងទ័ពវៀតណាមមិនអាចទប់ទល់បាន ខ្ញុំនិងកងទ័ពទាំងអស់បានរត់ខ្ចាត់ខ្ចាយទៅសំងំលាក់ខ្លួននៅក្នុងព្រៃអស់រយៈពេល១ឆ្នាំ។ បន្ទាប់ពីរស់នៅក្នុងព្រៃអស់រយៈពេល១ឆ្នាំ អ៊ួន យ៉ង់ បានប្រមូលកម្លាំងសារឡើងវិញ ហើយបានធ្វើដំណើរចេញពីក្នុងព្រៃសំដៅមកព្រំដែនថ្មដា ដើម្បីចូលរួមជាមួយកងពលលេខ៣ ដែលគ្រប់គ្រងដោយ តា សេង។ បន្ទាប់ពីមានកម្លាំងចូលរួមច្រើន តា សេង បានដឹកនាំកម្លាំងចុះទៅវាយជាមួយកងទ័ពវៀតណាមដែលបោះទីតាំងឈរជើងនៅស្ទឹងដាច់។ ដោយវាយមិនឈ្នះ មិនចាញ់ តា សេង បានដឹកនាំកម្លាំងត្រឡប់មកព្រំដែនថ្មដាវិញ។

នៅឆ្នាំ១៩៨០ ខ្ញុំនិងកងទ័ពចំនួន១០០០នាក់ ត្រូវបាន តា សេង ជ្រើសរើសបង្កើតជាកងពលថ្មីលេខ១២១ ដែលដឹកនាំដោយ អៀង ផាន ដើម្បីបញ្ជូនទៅវាយជាមួយកងទ័ពវៀតណាមនៅស្រុកសំឡូត។ បន្ទាប់ពីវាយបណ្ដេញកងទ័ពវៀតណាមចេញពីស្រុកសំឡូត ខ្ញុំនិងកងទ័ពចំនួន១០០នាក់ ត្រូវបាន អៀង ផាន បញ្ជូនឲ្យទៅចូលរួមជាមួយកងវរសេនាធំឯករាជ្យ(កងវរសេនាធំលេខ៥) ដែលមានទីតាំងនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលគ្រប់គ្រងដោយ តាមន្ត តាសៀក តាចន។

នៅឆ្នាំ១៩៨៨ ខ្ញុំត្រូវបាន សៀក ផ្លាស់ពីមោងឬស្សីឲ្យមកអង្គភាពចាស់វិញ។ ពេលមកដល់ស្រុកសំឡូត ខ្ញុំនិងកងទ័ព១៥នាក់ ត្រូវបាន អៀន ផាន បញ្ជាឲ្យទៅស៊ើបការណ៍នៅបន្ទាយវៀតណាម។ ពេលធ្វើដំណើរជិតដល់បន្ទាយកងទ័ពវៀតណាម ខ្ញុំបានដើរជាន់មីនដែលកងទ័ពវៀតណាមបានបង្កប់នៅក្រៅបន្ទាយ។ បន្ទាប់មកខ្ញុំត្រូវបានកងទ័ពដែលរួមដំណើរជាមួយបានបញ្ជូនយកសម្រាកព្យាបាលនៅអង្គភាពពេទ្យនៅស្រុកសំឡូតវិញ ដោយរបួសធ្ងន់ធ្ងរពេទ្យបានសម្រេចចិត្តកាត់ជើងខាងឆ្វេងខ្ញុំម្ខាង។ បន្ទាប់ពីសម្រាកព្យាបាលបាន១សប្ដាហ៍ ខ្ញុំត្រូវបាន អៀង ផាន បញ្ជូនបន្តឲ្យមកសម្រាកព្យាបាលនៅពេទ្យ វ៤ វិញ។ បន្ទាប់ពីជាសះស្បើយខ្ញុំបានស្ម័គ្រចូលបំរើអង្គភាពពេទ្យនៅ វ៤ ដែលគ្រប់គ្រងដោយ តា ម៉ឹង ហើយខ្ញុំត្រូវបាន តា ម៉ឹង បញ្ជូនទៅរៀនពេទ្យកោះកុង។ បន្ទាប់ពីបញ្ចប់ការសិក្សាខ្ញុំបានត្រឡប់មកចូលរួមជាមួយអង្គភាពពេទ្យនៅស្រុកសំឡូតវិញ។

នៅឆ្នាំ១៩៩១ ខ្ញុំបានរៀបចំមានគ្រួសារ។ លុះដល់ពាក់កណ្ដាលឆ្នាំ១៩៩១ អង្គភាពពេទ្យនៅស្រុកសំឡូតត្រូវបានបំបែកជា២ ដើម្បីផ្លាស់ឲ្យមករស់នៅស្រុកវាលវែងជាមួយកងទ័ព។ ពេលចូលមករស់នៅស្រុកវាលវែងដំបូង ខ្ញុំនិងប្រពន្ធបានចាប់ដីនៅភូមិទំព័រ ដើម្បីសាងសង់ផ្ទះរស់នៅ ហើយបានកាប់ឆ្ការព្រៃយកដីបន្ថែម ដើម្បីធ្វើស្រែចម្ការរហូតមកដល់សព្វថ្ងៃ៕
សង្ខេបដោយ៖ ចាន់ ណារិទ្ធ

ដុល រីម ភេទស្រី អាយុ៦៩ឆ្នាំ ចាស់ជរា។ ខ្ញុំមានស្រុកកំណើតនៅភូមិត្រពាំងផុង ឃុំបរសែត ស្រុកបរសែត ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នខ្ញុំរស់នៅភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានឪពុកឈ្មោះ ទូច (ស្លាប់) ម្ដាយឈ្មោះ ណម (ស្លាប់) ។ ខ្ញុំមានបងប្អូនចំនួន៤នាក់នៅក្នុងនោះមាន(ស្រី២នាក់)។ ខ្ញុំជាកូនច្បងនៅក្នុងគ្រួសារ។ ខ្ញុំមានប្ដីឈ្មោះ ហេង នាត អាយុ៦៣ឆ្នាំ ចាស់ជរា។
នៅវ័យកុមារខ្ញុំរស់នៅជាមួយជីដូននៅក្នុងភូមិត្រពាំងផុង ពីព្រោះតែឪពុកម្ដាយបានលែងលះគ្នា។ ខ្ញុំរស់នៅជាមួយជីដូនតាំងពីតូចរហូតដល់ធំដឹងក្ដី ជីដូនតែងតែប្រកបរបរធ្វើស្រែចម្ការដើម្បីផ្គត់ផ្គង់ចៅ។ ដោយហេតុតែជីដូនមានជីវភាពមានភាពខ្វះខាតខ្លាំងទើបធ្វើឲ្យខ្ញុំមិនអាចចូលរៀនសូត្របាន។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច ព្រះបាទនរោត្តម សីហនុ។ ក្នុងគ្រានោះចាប់ផ្ដើមមានការទម្លាក់គ្រាប់បែកនៅជិតៗភូមិខ្ញុំរស់នៅ ធ្វើឲ្យប្រជាជនភ័យខ្លាចរត់ចេញពីស្រុកភូមិ។ យន្តហោះតែងតែធ្វើការវាយប្រហារមកលើផ្ទះសម្បែងរបស់ប្រជាជនជិតៗ ឆេះខ្ទិចខ្ទីគ្មានសល់។ ខ្ញុំនិងជីដូនព្រមទាំងប្រជាជននៅក្នុងភូមិជាច្រើននាក់ទៀតមានការភ័យយ៉ាងខ្លាំងបាននាំគ្នា គេចខ្លួនទៅរស់នៅតាមវាលស្រែដោយជីកត្រង់សេរសម្រាប់លាក់ខ្លួន។ យន្តហោះតែងតែមកទម្លាក់គ្រាប់បែកក្បែរភូមិខ្ញុំរស់នៅជារៀងរាល់ថ្ងៃ ប្រជាជនមិនអាចចេញទៅប្រកបរបររកស៊ីដូចមុនបាន និងរងនៅការខូចខាតយ៉ាងច្រើន។ ក្រោយពេលស្ងប់ស្ងាត់ពីការទម្លាក់គ្រាប់បែកទើបខ្ញុំនិងជីដូននាំគ្នាចូលមករស់នៅក្នុងភូមិត្រពាំងផុងនិងប្រកបរបរដូចដើមវិញ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលគ្រប់គ្រងប្រទេសកម្ពុជាទាំងស្រុង។ នៅក្នុងភូមិត្រពាំងផុង ចាប់ផ្ដើមមានការប្រមូលទ្រព្យសម្បត្តិរបស់ប្រជាជនដាក់រួមគ្នា ធ្វើការងាររួមគ្នា។ ក្រោយមកខ្មែរក្រហមបានបំបែកខ្ញុំចេញពីជីដូននិងប្អូនៗ ឲ្យទៅធ្វើការងារនៅក្រុមកងកុមារក្នុងភូមិផ្សេង។ នៅក្នុងមួយក្រុមមានកុមារប្រហែល៣០នាក់ និងមានគ្រូម្នាក់ជាអ្នកមើលការខុសត្រូវ។ ការងារដែលក្រុមកុមារត្រូវធ្វើរួមមានដូចជា កាប់ទន្ទ្រានខែត្រ រើសអាចម៍គោ កាប់ដីដំបូក ដើម្បីធ្វើជាជីដាក់តាមស្រែ។ នៅក្នុងមួយថ្ងៃខ្ញុំត្រូវចូលធ្វើការងារចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង១១ថ្ងៃត្រង់ទើបបានសម្រាកហូបបបរឬបាយ ម៉ោង១ខ្ញុំត្រូវចូលធ្វើការងារបន្តទៀតរហូតដល់ម៉ោង៥ល្ងាចបានសម្រាកទៅតាមផ្ទះរៀងៗខ្លួន។ សម្រាប់អាហារហូបចុកគ្មានអ្វីហូបគ្រប់គ្រាន់នោះទេមានតែបបររ៉ាវៗកលាយជាមួយក្ដិលចេកតែប៉ុណ្ណោះ។
នៅក្នុងឆ្នាំ១៩៧៦ដល់ឆ្នាំ១៩៧៨ ខ្ញុំធ្វើការងារនៅក្នុងកងកុមារដដែលមិនមានការផ្លាស់ប្ដូរនោះទេ ប៉ុន្តែស្នាក់នៅក្នុងរោងសហករណ៍រួមគ្នា ហើយការងារដែលខ្ញុំធ្វើរួមមានកាប់ទន្ទ្រានខែត្រ រើសអាចម៍គោ កាប់ដីដំបូក ដើម្បីធ្វើជាជីដាក់តាមស្រែ។ ខ្ញុំធ្វើការងារបែបនេះរហូតទាល់តែកងទ័ពវៀតណាមចូលមករំដោះប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៩ ទើបខ្ញុំបានត្រឡប់ទៅជួបជាមួយយាយនៅក្នុងភូមិត្រពាំងផុងវិញ។ នៅក្នុងឆ្នាំ១៩៨០ ខ្ញុំត្រូវបានយាយផ្សំផ្គុំឲ្យមានគ្រួសារ ក្រោយពេលរៀបការរួចខ្ញុំនិងប្ដីបានផ្លាស់ទីលំនៅមករស់នៅស្រុកវាលវែងដើម្បីរកខ្លឹមលក់។ នៅក្នុងឆ្នាំ១៩៨៨ ខ្ញុំនឹងប្រជាជនជាច្រើនបានបោះបោរទៅរស់នៅព្រំដែនថៃនៅជុំរំខាវភ្លូ សម្រាប់អាហារហូបចុកថៃជាអ្នកផ្គត់ផ្គង់ឲ្យដូចជា អង្ករ ត្រីខ សាប៊ូ និងកន្ទេរ។ ខ្ញុំរស់នៅជុំរំសាយភ្លូបានរយៈពេល៣ខែ ទើបខ្ញុំត្រឡប់មករស់នៅក្នុងភូមិទំព័រវិញនិងប្រកបរបរធ្វើស្រែចម្ការរហូតមកដល់បច្ចុប្បន្ននេះ។
សង្ខេបដោយ៖ ឡាំ ស្រីនីត

ឈ្មោះ គង់ ឌឿម ភេទប្រុស អាយុ៦៣ឆ្នាំ។ ខ្ញុំមិនមានមុខរបរអ្វីនោះទេ និងជាជនពិការម្នាក់។ ខ្ញុំមានស្រុកកំណើតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឪពុករបស់ខ្ញុំ ឈ្មោះ គង់ ចាយ (ស្លាប់) ដោយសារជំងឺចាស់ជរា។ ចំណែកម្ដាយឈ្មោះ ចាន់ កែវ ហើយសព្វថ្ងៃរស់នៅក្នុងខេត្តព្រះវិហារជាប្អូនស្រី។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ (ស្រី២នាក់) ហើយខ្ញុំជាកូនទី៣ក្នុងគ្រួសារ។ បងប្អូនរបស់ខ្ញុំ នៅរស់រានមានជីវិតចំនួន៥នាក់។ ប្រពន្ធរបស់ខ្ញុំ ឈ្មោះ អៀង នី មានអាយុ៥៥ឆ្នាំ មិនមានមុខរបរអ្វីនោះទេ ជាជនពិការដូចខ្ញុំដែរ។ ខ្ញុំមានកូនចំនួន២នាក់ (ស្រីទាំងអស់) កូនៗរបស់ខ្ញុំមានគ្រួសារអស់ហើយ។
កាលនៅវ័យកុមារខ្ញុំបានរៀនសូត្របានបន្តិចបន្តួចប៉ុណ្ណោះនៅក្រោមដើមឈើ នៅក្នុងភូមិក្រាំងដូង។ មិនយូវប៉ុន្មានកើតមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះបាទនរោត្ដមសីហនុនៅឆ្នាំ១៩៧០ ទើបខ្ញុំមិនបានរៀនបន្តទៅទៀត។ នៅឆ្នាំ១៩៧១ មានយន្តហោះបើកមកទម្លាក់គ្រាប់បែកនៅភូមិមួយ(មិនចាំឈ្មោះ) ដែលនៅមិនឆ្ងាយពីភូមិក្រាំងដូង ហើយយន្តហោះបានទម្លាក់គ្រាប់ត្រូវស្រ្តីពោះធំម្នាក់ ធ្វើឲ្យស្លាប់ភ្លាមៗ។ មិនតែប៉ុណ្ណោះ យន្តហោះបានទម្លាក់ត្រូវគោក្របី មាត់ទានៅក្នុងភូមិក្រាំងដូងស្លាប់អស់ជាច្រើនក្បាល ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់អ្នកភូមិក្រាំងដូងនោះទេ។ ឆ្នាំ១៩៧៣ ការទម្លាក់គ្រាប់បែកកាន់តែធ្ងន់ធ្ងរ ឪពុកម្ដាយរបស់ខ្ញុំ បាននាំខ្ញុំ និងបងប្អូនរត់ចេញពីផ្ទះទៅរស់នៅព្រៃភ្នំត្បែង(ក្បែរភូមិ) ក្នុងខេត្តព្រះវិហារ។ ខ្ញុំ ឪពុកម្ដាយ រួមទាំងអ្នកភូមិក្រាំងដូងបន្តរស់នៅលើភ្នំត្បែងអស់រយៈពេល២ឆ្នាំ ទើបត្រឡប់មករស់នៅក្នុងភូមិកំណើតវិញ។ បន្ទាប់ពីត្រឡប់មកដល់ផ្ទះ ខ្ញុំបានឃើញផ្ទះមានសភាពធម្មតាមិនខូចខាត ឬបែកបាក់ដោយសារការទម្លាក់គ្រាប់បែកនោះទេ។
ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកគ្រប់គ្រងក្នុងភូមិក្រាំងដូង រួចបានចាត់ឲ្យខ្ញុំចូលក្នុងអង្គភាពកុមារ។ ឪពុកម្ដាយរបស់ខ្ញុំ ត្រូវបានខ្មែរក្រហមចាត់ឲ្យចូលក្នុងកងចល័ត ហើយបញ្ចូនទៅរស់នៅក្នុងសហករណ៍រួម និងនៅធ្វើការងារលើកទំនប់ ជីកប្រឡាយនៅក្នុងភូមិក្រាំងដូង។ រីឯបងៗរបស់ខ្ញុំ ត្រូវបានចាត់ឲ្យចូលក្នុងកងចល័ត។ ចាប់តាំងពីខ្មែរក្រហមចាត់ឲ្យខ្ញុំចូលក្នុងអង្គភាពកុមារ ខ្ញុំមិនបានជួបជាមួយឪពុកម្ដាយទៀតឡើយ ហើយខ្ញុំ និងកុមារដទៃទៀតត្រូវបានចល័តឪ្យទៅធ្វើការងារនៅតាមភូមិផ្សេងៗក្នុងឃុំព្រះឃ្លាំង ដោយធ្វើការងារដូចជា លើកភ្លឺស្រែ និងលើកទំនប់ទប់ទឹក។ ក្នុងអង្គភាពកុមាររបស់ខ្ញុំ មានកុមាររាប់រយនាក់។ ឆ្នាំ១៩៧៦ ខ្ញុំ និងកុមារទាំងអស់ ត្រូវបានបញ្ចូនចេញពីស្រុកត្បែងមានជ័យ ទៅកាន់ស្រុករវៀង ក្នុងខេត្តេព្រះវិហារ ដោយធ្វើការងារកាប់ទន្រ្ទានខែត្រ កាប់ដីដំបូង យកចិញ្រ្ជាំលាយជាមួយអាចម៌ ដើម្បីធ្វើជីដាក់ក្នុងស្រែ។ ជារៀងរាល់ថ្ងៃ ខ្ញុំ ត្រូវធ្វើការងារទាំងយប់ទាំងថ្ងៃ មិនមានពេលវេលាសម្រាកគ្រប់គ្រាន់នោះទេ។ សម្រាប់របបអាហារខ្ញុំ បានបរិភោគគ្រប់គ្រាន់ ក្នុងមួយថ្ងៃបានបាយ ឬបបរចំនួនបីពេល គឺ ពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច។ នៅក្នុងស្រុករវៀងមានមន្ទីរពេទ្យសម្រាប់សម្រាកព្យាបាល។ ឆ្នាំ១៩៧៧ ខ្ញុំ និងកុមារចំនួន៣៩នាក់ទៀត ត្រូវបានអង្គការជ្រើសរើសចេញពីស្រុករវៀង ធ្វើដំណើរតាមឡានទៅកាន់រាជធានីភ្នំពេញ។ មកដល់ភ្នំពេញ ខ្ញុំ និងកុមារទាំង៣៩នាក់ទៀតបានចូលក្នុងអង្គភាពកុមារមួយផ្សេងទៀត ហើយបានធ្វើស្រែ(ដក ស្ទូង ) នៅច្រាំងចំរេះ។ សម្រាប់របបអាហារ គឺហូបសម្លជាមួយនំប៉័ង ហើយមានការលំបាកខ្លាំងណាស់ខុសពីកាលដែលខ្ញុំរស់នៅក្នុងខេត្តព្រះវិហារ។ ដោយសារមានបញ្ហារបបអាហារ ខ្ញុំធ្លាប់សុំអនុញ្ញាតមេកងត្រឡប់ទៅធ្វើការងារនៅខេត្តព្រះវិហារ ប៉ុន្តែមេកងមិនអនុញ្ញាត ហើយមិត្តបានប្រាប់ថា ទ្រាំហូបសិនទៅ បន្តិចទៀតអាចហូបបានហើយ។ ខ្ញុំ ធ្វើស្រែចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១១សម្រាក ហើយបានចុះធ្វើការបន្តចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៥ល្ងាច ទើបសម្រាក។ ដើមឆ្នាំ១៩៧៨ ខ្ញុំ និងកុមារមកពីខេត្តព្រះវិហារចំនួន៩នាក់ទៀត ត្រូវបានអង្គការជ្រើសរើសចេញពីកងកុមារឲ្យទៅរៀនជំនាញពេទ្យនៅក្នុងមន្ទីរពេទ្យរូស៊ី្ស(ភ្នំពេញ)។ ដំបូង ខ្ញុំ ធ្វើជាអ្នកចោសសម្អាតមន្ទីរពេទ្យ និងបោកចម្លៀកបំពាក់អ្នកជំងឺ។ លុះក្រោយមក ខ្ញុំ បានចូលរៀនពីរបៀបចាក់ថ្នាំ និងលាងសម្អាតមុខរបួស។ អំឡុងពេល ខ្ញុំនៅធ្វើការងារក្នុងមន្ទីរពេទ្យ ខ្ញុំបានឃើញកងទ័ពជាច្រើនដែលបានរងរបួស និងបញ្ចូនទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរូស៊ី្ស។ រយៈពេល៦ខែក្រោយមក ខ្ញុំ បានឮដំណឹងថាកងទ័ពវៀតណាមបានចូលមកដល់ភ្នំពេញ ទើបខ្ញុំបានរត់តាមលោកគ្រូពេទ្យដទៃទៀត ដោយធ្វើដំណើរតាមឡានចេញពីទីក្រុងភ្នំពេញ។ ខ្ញុំ បានជិះឡានមកដល់ផ្លូវជាតិលេខ៤ ទើបឈប់ រួចបានចុះដើរ ហើយរត់ភៀសខ្លួនបន្តរហូតដល់ភ្នំឪរ់ាល់ ខេត្តកំពង់ស្ពឺ។ បន្ទាប់មក ខ្ញុំ បានរត់ចេញពីភ្នំឪរ៉ាល់ ដោយធ្វើដំណើរតាមព្រៃរហូតដល់ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយខ្ញុំបានសម្រាកនៅស្រុកភ្នំក្រវាញអស់រយៈពេល៣យប់ ទើបរត់ឡើងភ្នំរហូតដល់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បន្ទាប់មកទៀត ខ្ញុំ បានទៅរស់នៅតាមព្រំដែនកម្ពុជា-ថៃ ជាមួយមីងៗ និងពូៗ រួមមានពេទ្យ និងប្រជាជនសាមញ្ញ។ រហូតឆ្នាំ១៩៨៥ ខ្ញុំបានចូលទៅរស់នៅក្នុងជំរុំវ-៤ ក្នុងទឹកដីប្រទេសថៃ។ ឆ្នាំ១៩៩១ មីងៗពូៗបានរៀបចំឲ្យខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ អៀង នី នៅក្នុងទឹកដីប្រទេសថៃ។ ឆ្នាំ១៩៩៨ ឪពុកក្មេករបស់ខ្ញុំបានហៅខ្ញុំ និងប្រពន្ធមករស់នៅក្នុងភូមិទំព័រ ហើយខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិតរហូតដល់បច្ចុប្បន្ននេះ។
សព្វថ្ងៃខ្ញុំមានជំងឺ លើសឈាម ហើយត្រូវលេបថ្នាំ និងត្រូវទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពប្រម៉ោយ ជារៀងរាល់ខែ។
សង្ខេបដោយ៖ មឿន ស្រីណុច

កែម នី ភេទស្រី អាយុ៦៤ឆ្នាំ។ ខ្ញុំ មានមុខរបរលក់ដូរបន្តិចបន្តួចនៅផ្ទះ។ មានស្រុកកំណើតនៅក្នុងភូមិព្រៃម្លូ ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឪពុករបស់ខ្ញុំ ឈ្មោះ ឡុង សុខ(ស្លាប់) ដោយសារជំងឺចាស់ជរា។ ចំណែកម្ដាយឈ្មោះ ងិន យ៉ន់ (ស្លាប់) ស្លាប់ដោយសារជំងឺចាស់ជរា។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ (ស្រី៣នាក់) ហើយខ្ញុំជាកូនទី២ក្នុងគ្រួសារ។ បងប្អូនរបស់ខ្ញុំ នៅរស់រានមានជីវិតទាំងអស់គ្នា។ ប្ដីរបស់ខ្ញុំ ឈ្មោះ ឈឹម ណាម មានអាយុ៦៨ឆ្នាំ។ ខ្ញុំមានកូនចំនួន៥នាក់ (ស្រី៣នាក់)។
កាលនៅវ័យកុមារ ខ្ញុំ បានចូលរៀននៅសាលាក្នុងវត្តព្រៃម្លូរ បានត្រឹមថ្នាក់ទី១២(សម័យសង្គមចាស់) ដែលមានគ្រូបង្រៀនឈ្មោះ ឃន ភេទប្រុស។ ក្រោយរដ្ឋប្រហារទម្លាក់សម្ដេចព្រះបាទនរោត្ដមសីហនុ មានយន្តហោះបានបើកមកទម្លាក់គ្រាប់មេ៥២ នៅបឹកកក់ ខេត្តតាកែវ ប៉ុន្តែយន្តហោះមិនបានទម្លាក់គ្រាប់នៅក្នុងភូមិព្រៃម្លូរនោះទេ គឺគ្រាន់តែទម្លាក់នៅតាមវាលស្រែរបស់អ្នកភូមិប៉ុណ្ណោះ។ ទោះបីយន្តហោះមិនបានទម្លាក់គ្រាប់បែកនៅក្នុងភូមិ ឪពុកម្ដាយរបស់ខ្ញុំ បាននាំកូនៗទាំងអស់ចេញពីភូមិកំណើត ទៅរស់នៅភូមិខ្លាគ្រហឹម ក្នុងឃុំក្រពុំឈូក។ លុះដល់ឆ្នាំ១៩៧៣ ឪពុកម្ដាយរបស់ ខ្ញុំ បាននាំខ្ញុំ និងប្អូនៗត្រឡប់មករស់នៅក្នុងភូមិកំណើតវិញ និងប្រកបរបរធ្វើស្រែចម្ការ។
នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៧ ខ្ញុំ ត្រូវបានខ្មែរក្រចាត់ឲ្យនៅក្នុងកងកុមារ និងចល័តទៅធ្វើការងារនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំ បានដើររែកដីដំបូក កាប់ទន្រ្ទានខែត្រ យកមកលាយធ្វើជាជីដាក់ស្រែ។ បន្ទាប់មក ខ្ញុំ ត្រូវបានខ្មែរក្រហមប្រើឲ្យជីកប្រឡាយ និងលើកភ្លឺស្រែនៅក្នុងស្រុកត្រាំកក់។ ខ្ញុំ បានរស់នៅបែកពីឪពុកម្ដាយ និងបងប្អូនមិនបានជួបគ្នានោះឡើយ។ សម្រាប់របបអាហារ ខ្ញុំបានហូបបបរ ឬបាយ ក្នុងមួយថ្ងៃពីរពេល គឺពេលថ្ងៃ និងពេលល្ងាច។ នៅពេលឈឺ គ្រូពេទ្យបានចែកថ្នាំអាចម៌ទន្សាយ។ ឪពុកម្ដាយរបស់ខ្ញុំ ត្រូវបានខ្មែរក្រហមចាត់ឲ្យចូលធ្វើការងារក្នុងសហករណ៍វត្តស្លា ហើយដើរធ្វើស្រែនៅក្នុងភូមិព្រៃម្លូ។ ឆ្នាំ១៩៧៨ ខ្ញុំ ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យខាងនារីតម្បាញនៅទីរួមខេត្តតាកែវវិញ។ ខ្ញុំ ធ្វើការចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៦ ល្ងាច។ នៅក្នុងរោងតម្បាញមានយុវនារី ប្រហែល៣០នាក់ ដែលត្រូវបានបែងចែកជាពីរផ្នែក គឺផ្នែកតម្បាញក្រម៉ា និងផ្នែកតម្បាញមុង។ សម្រាប់របបអាហារបានហូបគ្រប់គ្រាន់ ដោយក្នុងមួយថ្ងៃហូបបីដង។ ចុងឆ្នាំ១៩៧៨ ខ្ញុំ បានរត់ភៀសខ្លួនចេញទៅរស់នៅក្នុងព្រៃ ព្រោះគេចពីកងទ័ពវៀតណាម។ ខ្ញុំ ធ្វើដំណើរ និងរស់នៅក្នុងព្រៃអស់រយៈពេល៣ខែ ទើបទៅដល់ទឹកដីថៃ ហើយបានចូលទៅរស់នៅក្នុងជំរុំម៉ៃរ៉ូត ប្រទេសថៃ។ ឆ្នាំ១៩៨០ ខ្ញុំ បានចេញមករស់នៅព្រំប្រទល់ថ្មដា-កោះកុង ហើយខ្ញុំ ធ្វើជាគ្រូពេទ្យព្យាបាល និងលាងរបួសរបស់កងទ័ព។ ខ្ញុំ ធ្វើពេទ្យចល័តទៅវិញទៅមក មាននៅមន្ទីរពេទ្យ៤ម៉ោង មន្ទីរពេទ្យចាស់ មន្ទីរពេទ្យតាគុជ និងមន្ទីរពេទ្យដើមភ្លូ។ នៅក្នុងមន្ទីរពេទ្យទាំងអស់មានប្រធានគ្រប់គ្រង និងជាដុកទ័រឈ្មោះ តា ម៉ឹង , តា ញ៉េ និង តា សែម។ ឆ្នាំ១៩៨៤ ខ្ញុំ បានចូលទៅរស់នៅក្នុងជំរុំនៅលើទឹកដីថៃម្ដងទៀត។ រហូតឆ្នាំ១៩៩១ ខ្ញុំ អតីតគ្រូពេទ្យ និងក្រុមគ្រួសាររបស់កងទ័ពខ្មែរក្រហមចំនួន៧គ្រួសារ បានចូលមករស់នៅក្នុងភូមិទំព័រ ដោយប្រកបមុខរបរធ្វើស្រែចម្ការ។
សង្ខេបដោយ៖ មឿន ស្រីណុច
អង្កេតការណ៍៖
• អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិទំព័រភាគច្រើនជាជនពិការ។
• នៅក្នុងភូមិទំព័រមិនសូវមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតាមផ្ទះក្នុងភូមិ ដោយសារពួកគាត់ចេញទៅធ្វើចម្ការ ហើយចាស់ៗមួយចំនួនទៀតឡើងទៅលើភ្នំទំព័រដើម្បីរក្សាសីល។
• ប្រជាជននៅក្នុងភូមិទំព័ររួសរាយរាកទាក់ជាមួយក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង
• អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមភាគច្រើនរីករាយក្នុងការចែករំលែករឿងរ៉ាវដែលធ្លាប់បានជួបប្រទះ និងឆ្លងកាត់ក្នុងរបបខ្មែរក្រហម។
• អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចង់ឲ្យចងក្រងឯកសារទាក់ទងនឹងរបបខ្មែរក្រហមឲ្យបានច្រើន ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានសិក្សាស្វែងយល់ឲ្យកាន់តែច្បាស់។

បញ្ហាប្រឈម៖
• អាកាសធាតុខែវស្សាមានភ្លៀងធ្លាក់ច្រើន ពិបាកក្នុងការធ្វើដំណើរ ជាពិសេសពេលរសៀល។

Photos by Chan Narith
Documentation Center of Cambodia Archives
June 11, 2025

Full report