Home / Post

Anlong Veng Peace Center. Students of Anlong Veng High School Reading Khmer Rouge Archives and Other Materials

On May 21st, 2025 a group of students of Anlong Veng High School came to Anlong Veng Peace Center to read some Khmer Rouge document and other publications. Educating this and next generation about the Khmer Rouge history is imperative in many warys: first, such a tragic history will never be forgotten; and, second, it serves as a stark reminder of the need to prevent it from ever happening again. Anlong Veng youths should be in a fine position to learn about this history. Anlong Veng is seen as the final stronghold of the Khmer Rouge movement where 14 historical sites are being preserved and even transformed into a city of peace, prosperity and regeneration. https://www.youtube.com/watch?v=KF8pwGyuVWs

សិស្សានុសិស្សវិទ្យាល័យអន្លង់វែង អានឯកសារ និងស្វែងយល់ពីប្រវត្ដិសាស្រ្ដខ្មែរក្រហម

សិស្សានុសិស្សចំនួន៤នាក់ (ស្រីចំនួន៣នាក់ និងប្រុសចំនួន១នាក់) បានធ្វើដំណើរមកកាន់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដើម្បីស្វែងយល់ឯកសារប្រវត្ដិសាស្រ្ដសេសសល់ពីសម័យខ្មែរក្រហម នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង គឺជាទីកន្លែងផ្ដល់នូវចំណេះដឹងដល់សិស្សានុសិស្ស និស្សិត អ្នកស្រាវជ្រាវ យុវជនយុវនារី ដែលមានបំណងស្វែងយល់ពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យឆ្នាំ (១៩៧៥-១៩៧៩) រួមទាំងឯកសារស្រាវជ្រាវជាច្រើនទៀត។

នៅវេលាម៉ោង១១ព្រឹក សិស្សានុសិស្សបានមកដល់ការិយាល័យមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដែលមានទីតាំងស្ថិតនៅជាប់នឹងបឹងអន្លង់វែងកណ្ដាលទីរួមស្រុកអន្លង់វែង។ ក្រុមការងារ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានទទួលស្វាគមន៍សិស្សានុសិស្សយ៉ាងយកចិត្តទុកដាក់។ បន្ទាប់មកទៀត សិស្សានុសិស្សបានទស្សនាពិព័រណ៍រូបថត រួមមាន៖ ការដង្ហែរសព ឈិត ជឿនហៅ តាម៉ុក,កម្មាភិបាលខ្មែរក្រហមរត់ឡើងភ្នំដងរែក, ពិធីសមាហរណកម្មរបស់កងទ័ពខ្មែរក្រហមចូលទៅក្នុងរាជរដ្ឋាភិបាលកម្ពុជានៅតំបន់អន្លង់វែងក្នុងឆ្នាំ១៩៩៩, ការធ្វើមាតុភូមិនិវត្ដន៍របស់ប្រជាជនកម្ពុជានៅក្នុងសម័យ អ៊ុនតាក់ ឆ្នាំ១៩៩២, ប្លង់គោលស្រុកអន្លង់វែង, ផែនទីវាលពិឃាតនៅកម្ពុជា (១៩៧៥-១៩៧៩) និងរូបថតមេដឹកនាំខ្មែរក្រហមចំនួន៥រូបដែលត្រូវបានជំនំជម្រះនៅក្នុងសាលាក្ដីខ្មែរក្រហម។ បន្ទាប់មក សិស្សានុសិស្សក៏បានចូលទៅអង្គុយនៅលើកៅអីជុំវិញតុវែងដើម្បីអានឯកសារចម្លើយសារភាពរបស់អ្នកទោសក្នុងរបបខ្មែរក្រហម។ អន្លង់វែងជាតំបន់តស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម ដែលបានសេសសល់នៅស្លាកស្នាមសង្គ្រាម រួមមានទីតាំងប្រវត្ដិសាស្រ្ដ និងរឿងរ៉ាវដែលបន្ដនិយាយពីប្រភពឯកសាររស់ (អ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម) ទៅកាន់មនុស្សជំនាន់ក្រោយដល់ពេលបច្ចុប្បន្ន។ បន្ថែមពីនេះ អន្លង់វែងត្រូវបានស្គាល់ថាជាទីកន្លែងប្រវត្តិសាស្រ្តដ៏សំខាន់មួយនៅប្រទេសកម្ពុជា។

នៅក្នុងបទបង្ហាញ សិស្សានុសិស្សចាប់អារម្មណ៍ខ្លាំងទៅលើផែនទីវាលពិឃាតនៅកម្ពុជា (១៩៧៥-១៩៧៩) និងរូបថតមេដឹកនាំខ្មែរក្រហមទាំង៥រូប ដែលក្នុងនោះមាន ខៀវ សំផន មួយរូបដែលមិនទាន់ស្លាប់ ហើយត្រូវបាន​ជាប់នៅក្នុងគុកអស់មួយជីវិត។ បន្ទាប់ពីធ្វើបទបង្ហាញ សិស្សានុសិស្សមានចំណាប់អារម្មណ៍ដូចតទៅ៖

អៀច នរា ភេទស្រី ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យអន្លង់វែង បាននិយាយថា « ពេលខ្ញុំមកដល់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ខ្ញុំមានអារម្មណ៍ប្លែកខ្លាំងព្រោះនៅទីនេះសម្បូរទៅដោយឯកសារប្រវត្តិសាស្រ្តជាច្រើនដែលពីមុនមកអន្លង់វែងមិនធ្លាប់មានទីកន្លែងបែបនេះ។ ខ្ញុំមកទីនេះ គឺមានគោលបំណងស្រាវជ្រាវអំពីប្រវត្តិសាស្រ្តខ្មែរក្រហម។ បន្ទាប់ពីបានមកស្វែងយល់នៅទីនេះ ខ្ញុំក៏បានដឹងពីឯកសារចម្លើយសារភាពរបស់ខ្មែរក្រហម។ មិនតែប៉ុណ្ណោះ នៅមានសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) រួមទាំងទស្សនាវដ្ដីស្វែងរកការពិត ដែលបានរំលេចឲ្យឃើញពីការងារស្នូលរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបានធ្វើកន្លងមក »។

លៀម ស្រីលាក់ អាយុ១៦ឆ្នាំ បានលើកឡើងថា « នៅពេលដែលបានមកដល់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងដំបូងគឺ ខ្ញុំចាប់អារម្មណ៍ទៅលើរូបថតនៅតាមជញ្ជាំងដែលបានបង្ហាញឲ្យឃើញអំពីព្រឹត្តិការណ៍ជាច្រើននៅក្នុងរបបខ្មែរក្រហម និងកំឡុងពេលធ្វើសមាហរណកម្មនៅតំបន់អន្លង់វែង។ ទន្ទឹមនឹងនេះ ខ្ញុំក៏បានឃើញឯកសារខ្មែរក្រហមជាច្រើននៅក្នុងទូ ដែលតម្កល់ទុកដោយមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ គោលបំណងរបស់ខ្ញុំដែលបានមកកាន់ទីនេះ គឺចង់ដឹងអំពីការរស់នៅ និងការគ្រប់គ្រងរបស់មេដឹកនាំនៅក្នុងរបបខ្មែរក្រហម »។

សួត ច័ន្ទថា ភេទប្រុស អាយុ១៦ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍ខ្លួនថា « ខ្ញុំសម្រេចចិត្តធ្វើដំណើរមកកាន់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង គឺមានគោលបំណងស្វែងយល់ពីប្រវត្តិសាស្រ្តខ្មែរក្រហម។ រឿងរ៉ាវដែលខ្ញុំចង់ដឹងបន្ថែមពីនោះគឺ តួនាទីរបស់មេដឹកនាំទាំងអស់ដែលបានចូលរួមនៅក្នុងរបបកុម្មុនីស្តមួយនេះ។ ក្រៅពីនេះ ខ្ញុំក៏បានចាប់អារម្មណ៍ទៅលើផែនទីវាលពិឃាតនៅកម្ពុជា ឆ្នាំ(១៩៧៥-១៩៧៩) ដែលបានបង្ហាញឲ្យឃើញពីទីតាំងរណ្ដៅសាកសពជាច្រើនបន្សល់ទុកពីជំនាន់ខ្មែរក្រហម »។

ហំ រ៉ូសស្សា ភេទស្រី អាយុ១៦ឆ្នាំ បានបង្ហាញពីចំណាប់អារម្មណ៍ថា « នៅពេលដែលខ្ញុំបានមកដល់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ខ្ញុំមានអារម្មណ៍ថ្មីផ្សេងមួយទៀតខុសពីការសិក្សានៅក្នុងថ្នាក់រៀន។ មូលហេតុដែលខ្ញុំមកទីនេះ គឺដើម្បីយល់ដឹងពីប្រវត្តិសាស្រ្តខ្មែរក្រហមដ៏ឃោរឃៅដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត ខ្ញុំបានស្វែងយល់ពីឯកសារប្រវត្តិសាស្រ្តជាច្រើនដែលមាននៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។

ជាចុងបញ្ចប់ សិស្សានុសិស្សបាននិយាយដូចៗគ្នាថា ខ្លួនហ្នឹងធ្វើដំណើរមកកាន់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងរៀងរាល់ថ្ងៃឈប់សម្រាកពីការសិក្សានៅសាលារៀនដើម្បីមកទស្សនាកុនឯកសារ និងបន្តការអានចម្លើយសារភាព។ ទន្ទឺមនឹងនេះ សិស្សានុសិស្សបានលើកឡើងថាទីតាំងមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងមានចម្ងាយត្រឹមតែពីរគីឡូម៉ែត្រពីសាលារៀនតែប៉ុណ្ណោះ ដែលជាហេតុងាយស្រួលក្នុងការធ្វើដំណើរ។

Photos by Sout Vichet & Mek Ven/DC-Cam Archives

Full report