Classroom Forum on the Importance of Studying a History of Democratic Kampuchea (1975-1979)
& Genocide Prevention
Theme: The role of youth in promoting human rights and preventing discrimination in society during times of peace.
មជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តតាកែវ
របាយការណ៍ស្ដីពី៖ សកម្មភាពការពិភាក្សាប្រវត្តិសាស្ត្រ
របាយការណ៍ដោយ៖ ជីម សុខគា
រូបថតដោយ៖ សិស្ស និងជីម សុខគា
នៅថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២៥ សិស្សានុសិស្សាចំនួន១០នាក់ (ស្រី៥នាក់) មកពីវិទ្យាល័យជាស៊ីមជាតាកែវ បានធ្វើដំណើរមកកាន់មជ្ឈមណ្ឌលឯកសារខេត្តតាកែវ ដើម្បីចូលរួមក្នុងកម្មវិធីវេទិកាអប់រំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងពិភាក្សាពីការចូលរួមលើកកម្ពស់សិទ្ធិមនុស្ស ប្រឆាំងនឹងការរើសអើងនៅក្នុងសង្គម ក្រោយពេលបញ្ចប់សង្គ្រាម។ វេទិកាបានពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនរួមមាន៖ ការឡើងកាន់អំណាចរបស់ខ្មែរក្រហម៖ ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ, ការជម្លៀសដោយបង្ខំ និងការសម្លាប់រង្គាលនៅទួលពោធិ៍ជ្រៃ។ ២) និយមន័យ កត្តាដែលនាំឲ្យកើតមានអំពើប្រល័យពូជសាសន៍។ ៣) វិធីសាស្ត្រសំខាន់ៗ ដែលយុវជនចូលរួមទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងទី៤) តួនាទី និងភារកិច្ចរបស់យុវជនក្នុងការចូលរួមទប់ស្កាត់ការរើសអើង និងលើកកម្ពស់សិទ្ធិមនុស្ស។
គោលបំណង៖
វេទិកាអប់រំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់ដល់សិស្សនូវ៖ ១) ការបញ្រ្ចាបចំណេះដឹងពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ផ្ដោតលើការឡើងកាន់អំណាចរបស់ខ្មែរក្រហម ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ, ការជម្លៀសដោយបង្ខំ និងការសម្លាប់រង្គាលនៅទួលពោធិ៍ជ្រៃ និង ២) តួនាទី ភារកិច្ចរបស់យុវជនក្នុងការចូលរួមលើកម្ពស់សិទ្ធិមនុស្ស ប្រឆាំងនឹងការរើសអើងក្រោយពេលបញ្ចប់សង្រ្គាម ដើម្បីរក្សាបាននូវសន្តិភាពនាពេលបច្ចុប្បន្ន។
គោលគំនិតសំខាន់ៗនៃវេទិកាអប់រំ៖
បន្ថែមពីការអប់រំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងការរិះរកវិធីសាស្ត្រទប់ស្កាត់អំពើប្រល័យពូជសាសន៍ សិស្សានុសិស្សត្រូវបានបំផុសគំនិតពិភាក្សាពី « តួនាទីរបស់យុវជនក្នុងការចូលរួមលើកកម្ពស់សិទ្ធិមនុស្ស និងទប់ស្កាត់ការរើសអើងក្នុងសង្គមក្នុងពេលមានសន្តិភាព» តាមរយៈការសិក្សាឈ្វេងយល់ពី បរិបទប្រវត្តិសាស្ត្រ និងបង្កើតទស្សនៈ និងគំនិតថ្មីៗ ដើម្បីរិះរកវិធានការទប់ស្កាត់ការរើសអើងគ្នាក្នុងសង្គម។
សកម្មភាព៖
សិស្សានុសិស្សទាំងអស់បានចំណាយពេល១៥នាទី ដើម្បីបំពេញកម្រងសំណួរវាស់ស្ទង់ចំណេះដឹងដែលបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តតាកែវបានផ្ដល់ឲ្យ។ នៅក្នុងកម្រងសំណួរនេះ ចែកចេញជាបីផ្នែក គឺផ្នែកប្រវត្តិសាស្ត្រខ្មែរក្រហម ផ្នែកច្បាប់ទាក់ទងនឹងនិយមន័យនិងធាតុផ្សំនៃអំពើប្រល័យពូជសាសន៍ និងវិធីសាស្ត្រទប់ស្កាត់អំពើហិង្សា។ បន្ទាប់មក សុខគា បានទុកពេលឲ្យសិស្ស១៥នាទី សម្រាប់អានសៀវភៅប្រវត្តិសាស្ត្រកម្ពុជា ដោយលើកយកមេរៀនក្នុងជំពូកទី៣ ការឡើងកាន់អំណាចរបស់ខ្មែរក្រហម ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ, ការជម្លៀសដោយបង្ខំ និងការសម្លាប់រង្គាលនៅទួលពោធិ៍ជ្រៃ។ បន្ទាប់ពីសិស្សអានចប់ សុខគា បានពន្យល់បន្ថែម ដោយលើកគោលការនៃការជម្លៀសទាំង៨ចំនុច មកពន្យល់ដល់សិស្ស។ គោលការណ៍ទាំងនោះ រួមមាន៖ ទី១)ប្រជាជនចេញពីទីក្រុងភ្នំពេញនិងតំបន់ផ្សេងៗ ទី២) លុបបំបាត់ទីផ្សា ទី៣ លុបបំបាត់រូបបិយបណ្ឌ័ ៤) ចាប់ផ្សិកលោកសង្ឃឲ្យមកធ្វើស្រែចម្ការ ៥) សម្លាប់មេដឹកនាំក្នុងរបប លន់ នល់ ទី៦ បង្កើតសហករណ៍ជាន់ខ្ពស់ ទី៧) បណ្តេញពួកយួនឲ្យចេញពីប្រទេស និងតាមព្រំដែន និងទី៨) បញ្ជូនកងទព័ឲ្យទៅយាមល្បាតនៅតាមព្រំដែន។
បន្តមកទៀត សុខគា បានពន្យល់ពីនិយមន័យនៃពាក្យ«ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍» និងកត្តាគ្រោះថ្នាក់មួយចំនួនដែលនាំដល់ការប្រព្រឹត្តិអំពើប្រល័យពូជសាសន៍។ បន្ទាប់មកទៀត សុខគា ក៏បានបង្ហាញដល់សិស្សនូវមូលដ្ឋានគ្រឹះក្នុងការទប់ស្កាត់អំពើហិង្សា ដែលអាចឈានដល់ការប្រព្រឹត្តិអំពើប្រល័យពូជសាសន៍។
ចុងបញ្ចប់នៃការបង្រៀន សុខគា បានលើកយកប្រធានបទ«ភារកិច្ចរបស់យុវជនក្នុងការចូលរួមលើកកម្ពស់សិទ្ធិមនុស្ស និងទប់ស្កាត់ការរើសអើងក្នុងសង្គម» មកពន្យល់ និងពិភាក្សាជាមួយសិស្ស។ លើសពីនេះ សុខគា ក៏បានបង្ហាញទៅកាន់សិស្សទាំងអស់ថា ដើម្បីចូលរួមលើកកម្ពស់សិទ្ធិមនុស្ស និងទប់ស្កាត់ការរើសអើងក្នុងសង្គមបាន លុះត្រាយុវជនទាំងអស់សិក្សាពីបរិបទប្រវត្តិសាស្ត្រកម្ពុជាឲ្យបានស៊ីជម្រៅ និងរិះរកវិធីសាស្ត្រដោះស្រាយ ដើម្បីលើកកម្ពស់សិទ្ធិ និងទប់ស្កាត់ការរើសអើង។ ដើម្បីជាជំនួយដល់ការត្រិះរិះរបស់សិស្ស សុខគា បានផ្ដល់ឱកាសឲ្យសិស្សស្វែងយល់ពីសិទ្ធិរបស់ខ្លួន និងអ្នកដ៏ទៃ។ ថែមទាំងបង្ហាញពីផលបំះពាល់នៃការរើសអើងនៅក្នុងសង្គមលើជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងអភិវឌ្ឍន៍ចំណេះដឹងផ្ទាល់ខ្លួន តាមរយៈការទប់ស្កាត់ការរើសអើង និងការលើកកម្ពស់សិទ្ធិមនុស្ស។
ការពិភាក្សាតួនាទីរបស់យុវជន
សុខគា បានលើកទឹកចិត្តសិស្ស ឲ្យចូលរួមក្នុងការពិភាភ្សាពីប្រធានបទ «ភារកិច្ចយុវជនក្នុងការប្រឆាំងនឹងការរើសអើង និងការលើកកម្ពស់សិទ្ធិមនុស្ស។ ដើម្បីសម្រេចតាមគោលបំណងដែលបានគ្រោងទុក សុខគា បានឲ្យសិស្សពិភាក្សាពីសំណួរមួយចំនួន និងបានចំណាយពេល២០នាទី សម្រាប់ឆ្លើយសំណួរ ជាលក្ខណៈផ្ទាល់ខ្លួន ដោយស្ងៀមស្ងាត់ ដោយប្រើប្រាស់សំណួរបំផុសដល់យុវជន រួមមានដូចខាងក្រោម៖
១. តើយុវជនមានសិទ្ធិផ្ទាល់អ្វីខ្លះ ដើម្បីរួមចំណែកទប់ស្កាត់អំពើប្រល័យសាសន៍?
២. តើយុវជនចូលរួមសិទ្ធរបស់ខ្លួនបានយ៉ាងដូចម្ដេច?
៣. តើយុវជនត្រូវធ្វើអ្វីខ្លះ ដើម្បីទប់ស្កាត់ការរើសអើង និងការលើកកម្ពស់សិទ្ធិមនុស្ស?
លទ្ធផល
បន្ទាប់ពីបញ្ចប់ការត្រិះរិះពិចារណាស៊ីជម្រៅរបស់យុវជន ពាក់ព័ន្ធនឹងវិធីសាស្ត្រផ្ទាល់ខ្លួនក្នុងការចូលរួមទប់ស្កាត់ការរើសអើង និងលើកកម្ពស់សិទ្ធិមនុស្សក្រោយពេលបញ្ចប់សង្រ្គាម គឺបានបំផុសនូវគំនិតវិជ្ជមានដែលជួយកសាង និងរួមចំណែកលុបបំបាត់អំពើហិង្សា ឬអំពើប្រល័យពូជសាសន៍នាពេលអនាគត។ ខាងក្រោមនេះ ជាម្លើយដែលចេញមកពីការគិតគូរស៊ីជម្រៅពីវិធីសាស្ត្រក្នុងការទប់ស្កាត់ការរើសអើងក្នុងសង្គម នឹងក្លាយជាយន្ដការនៃការលុបបំបាត់ការរើសអើង និងលើកកម្ពស់សិទ្ធិមនុស្សក្រោយពេលបញ្ចប់សង្រ្គាម។
• សិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រឲ្យបានស៊ីជម្រៅ
• បើកចិត្តឲ្យបានទូលាយ និងគោរពអត់ឱនឲ្យគ្នាទៅវិញទៅមក
• ទទួលយកការអប់រំពីបរិបទជុំវិញខ្លួន
• ការគោរព និងលើកម្ពស់សិទ្ធិបុគ្គល
• ចូលរួមទប់ស្កាត់ការរំលោភបំពានសិទ្ធិ និងការធ្វើទារុណលើរាងកាយ
• ប្រកាន់ភ្ជាប់នូវក្រមសីលធម៍ល្អ
• មិនត្រូវបង្ករឲ្យកើតមានអំពើហិង្សានៅក្នុងសង្គម
• ត្រូវចេះដោះស្រាយបញ្ហាដោយសន្តិវិធី
• ធ្វើការណែនាំទៅកាន់បុគ្គលដែលបានប្រព្រឹត្តិអំពើហិង្សាពន្យល់ពីផលប៉ះពាល់
• លុបបំបាត់ការរើសអើង វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ
• លុបបំបាត់ភាពអាត្មានិយមផ្ទាល់ខ្លួន
• ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សាធារណៈ ឲ្យយល់កាន់តែច្បាស់ពីផលប៉ះពាល់នៃការរើសអើង និងផលប៉ះពាល់នៃការប្រព្រឹត្តិអំពើប្រល័យពូជសាសន៍
• ផ្ដល់ឱកាសឲ្យយុវជនចូលរួមសកម្មភាពសង្គមឲ្យបានច្រើន
• ផ្ដល់សិទ្ធិចូលរួម និងការបញ្ចេញមតិ
សេចក្ដីសន្និដ្ឋាន
ការពិភាក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ រយៈពេលមួយព្រឹកពេញនេះ បានផ្ដល់ចំណេះដឹងយ៉ាងច្រើនដល់សិស្សានុសិស្ស ហើយថែមទាំងបានឆ្លុះបញ្ចាំងឲ្យឃើញពីគំនិតផ្ទាល់ខ្លួនរបស់ទាំងអស់ឲ្យសិក្សាស្វែងយល់ពីភារកិច្ចរបស់ខ្លួនក្នុងការចូលរួមអភិវឌ្ឍន៍សង្គម ដើម្បីទទួលបានសន្តិភាព និងស្ថេរភាពក្រោយពេលបញ្ចប់សង្គ្រាម។ ការសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រ គឺជាគោលជំហរមួយជម្រុញយុវជនឲ្យចូលរួមក្នុងសកម្មភាពសង្គម ក្នុងការរិះរកមធ្យោបាយ ឬវិធីសាស្ត្រនានា ដើម្បីលុបបំបាត់ការរើសអើងលើសិទ្ធិមនុស្ស។ នេះបញ្ជាក់ឲ្យឃើញថា យុវជនបានរួមចំណែកយ៉ាងសំខាន់បំផុតដែលធ្វើឲ្យសង្គមជាតិទទួលបានសន្តិភាព ដែលបង្ហាញឲ្យឃើញពីការតាំងចិត្តខ្ពស់ក្នុងការរារាំង និងទប់ស្កាត់នៃការវិលត្រឡប់នៃអំពើប្រល័យពូជសាសន៍នាពេលអនាគត។